កីឡាអន្តរជាតិ
អន្តរជាតិ
UN ព្រមានលីគកំពូលអ៊ីតាលីចំពោះការរើសអើងជាតិសាសន៍
02, Sep 2023 , 12:19 pm        
រូបភាព
គណៈកម្មាធិការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកការប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍ នាថ្ងៃទី៣១ ខែសីហា បានព្រមានលីគកំពូលអ៊ីតាលី Serie A ចំពោះការរើសអើងលើកីឡាករបាល់ទាត់ដែលមានសញ្ជាតិដើមអាហ្រ្វិក អំឡុងពេលប្រកួត។

គណៈកម្មាធិការលុបបំបាត់ការរើសអើងពូជសាសន៍ ​(CERD) ដែលជាផ្នែកមួយរបស់ UN បានលើកឡើងពីកង្វល់អំពីបញ្ហាសេដ្ឋកិច្ច ឬសង្គមក្នុងប្រទេសចំនួន ៦ ដោយរួមមានប្រទេស ក្រូអាស៊ី, ណាមីប៊ី, សេណេហ្កាល់, តួកម៉េនីស្ថាន, អ៊ុយរូហ្កាយ និងអ៊ីតាលី ដែលជាកន្លែងតែងមានការរើសអើងលើកីឡាករបាល់ទាត់ ពិសេសកីឡាករស្បែកខ្មៅ។
 
ការរំលោភបំពានការរើសអើងជាតិសាសន៍ដែលសំដៅលើកីឡាករដែលមានដើមកំណើតអាហ្រ្វិក ឬមកពីអឺរ៉ុបខាងកើត នៅក្នុងក្របខណ្ឌ Serie A បានទាក់ទាញចំណាប់អារម្មណ៍ពីអន្តរជាតិយ៉ាងខ្លាំង ជាពិសេសបម្រាម ១ប្រកួតរបស់កីឡាករ Romelu Lukaku។ 
 
Lukaku ខ្សែប្រយុទ្ធរបស់ក្រុម Inter Milan ទទួលបានកាតក្រហម ក្រោយពីទទួលបានកាតលឿង ២លើកក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Italian Cup ទល់ក្រុម Juventus។ បានកាតក្រហម ក្រោយខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករកបានគ្រាប់បាល់តាមស្មើទល់ក្រុម Juventus ហើយបានអបអរការស៊ុតបាល់នោះចំពោះមុខអ្នកគាំទ្ររបស់ក្រុមរហស្សនាមសេះបង្កង់ ដែលបានរើសអើងលើរូបគេ ដោយយកដៃដាក់ត្រង់បបូរមាត់ សំដៅឱ្យអ្នកគាំទ្រដែលស្អប់គេបិទមាត់។
 
បន្ទាប់ពីទទួលបានកាតក្រហម Lukaku បង្ហាញការខឹងសម្បារយ៉ាងខ្លាំង ហើយបណ្តាលឱ្យមានការប៉ះទង្គិចគ្នាអំឡុងការប្រកួត។ ចំពោះបញ្ហាកាតក្រហមនោះ Lukaku ត្រូវបានអាជ្ញាធរបាល់ទាត់អ៊ីតាលីបានលើកលែងការពិន័យចំពោះខ្សែប្រយុទ្ធបែលហ្ស៊ិក។
 
តាមរយៈសេចក្តីថ្លែងការណ៍របស់ CERD បាននិយាយអំពីក្តីបារម្ភចំពោះការរើសអើងនៃលីគកំពូលអ៊ីតាលីដូច្នេះថា ៖« មានការព្រួយបារម្ភដោយអ្នកនយោបាយ និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដោយប្រើពាក្យសម្តីស្អប់ខ្ពើម និងការនិយាយនយោបាយប្រកាន់ពូជសាសន៍ប្រឆាំង នឹងជនជាតិភាគតិច ជាពិសេសក្រុម Roma, Sinti និង Camminanti ជនជាតិអាហ្រ្វិក និងប្រជាជនដើមកំណើតអាហ្រ្វិក។ គណៈកម្មាធិការក៏បានព្រមានចំពោះទង្វើរើសអើងជាតិសាសន៍ក្នុងអំឡុងការប្រកួត រួមទាំងកាយវាយប្រហារជាពាក្យសម្តីប្រឆាំង និងអត្តពលិកដែលមានដើមកំណើតអាហ្រ្វិក។»។
 
គណៈកម្មាធិការ CERD ក៏បានអះអាងថាបានស្នើឱ្យអ៊ីតាលីបើកការស៊ើប​អង្កេត​រាល់ការរំលោភបំពានប្រកាន់ពូជសាសន៍នៅក្នុងកីឡា និងដាក់ទណ្ឌកម្មអ្នកដែលទទួលខុសត្រូវចំពោះការរើសអើង។
 
ការបំពានលើការរើសអើងជាតិសាសន៍ពីសំណាក់អ្នកគាំទ្របាល់ទាត់បានក្លាយជាបញ្ហានៅក្នុងប្រទេសជាច្រើន ហើយក្នុងប៉ុន្មានខែចុងក្រោយនេះ ជាមួយនឹងការស៊ើប​អង្កេត​ម្តងហើយម្តងទៀត ដែលមានគោលបំណងទៅលើខ្សែប្រយុទ្ធប្រេស៊ីល Vinicius Junior របស់ក្រុម Real Madrid នៃប្រទេសអេស្ប៉ាញ ករណីដ៏ល្បីខ្លាំងបំផុតមួយ៕
 

Tag:
 Serie A
  UN
© រក្សាសិទ្ធិដោយ thmeythmey.com