សៀមរាប៖ អ្នកធ្លាប់បានទៅលេងប្រាសាទអង្គរវត្ត ឬនៅប្រាសាទបាយ័ន ច្បាស់ជាបានជួបនិងឃើញ សត្វស្វាជាញឹកញាប់ហើយ។ ពួកវាតែងរត់សំដៅមករកភ្ញៀវ ពេលឃើញមានយួរថង់ និងប្រអប់អាហារ ផ្សេងៗ។ ច្បាស់ហើយ គេត្រូវទម្លាក់ឱ្យវាភ្លាមប្រសិនមិនចង់មានរឿងជាមួយវា។ វាអាចបង្ហាញអាការៈខឹង និងស្ទុះមកខាំដណ្ដើមក៏មាន។ តើស្វាទាំងនោះសុទ្ធតែកាចៗ ឬមកពីពួកវាគ្រាន់តែចង់ស៊ីអាហារ?
ជារឿយៗគេតែងឃើញពីករណីទេសចរដែលត្រូវស្វាខាំពេលទៅលេងប្រាសាទ មានភាគច្រើននៅអង្គរវត្ត និងបាយ័ន។ ស្វាទាំងនោះខាំទាំងក្មេង និងមនុស្សចាស់ ហើយក៏មានជនបរទេសផងដែរ។ ថ្មីៗនេះ ព័ត៌មានជនបរទេសដែលជាជនជាតិថៃត្រូវស្វាខាំ ក៏ត្រូវបានអាជ្ញាធរជាតិអប្សរាផ្សព្វផ្សាយទូលំទូលាយផងដែរ។ ភ្លាមៗក្រុមភ្នាក់ងារទេសចរណ៍បានជួយសង្រ្គោះបឋមដល់បុរសជនជាតិថៃអាយុ ៣៩ឆ្នាំ ដែលត្រូវស្វាខាំនៅបណ្ណាល័យខាងត្បូងប្រាសាទអង្គរវត្ត។
ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត លោក ឡេក គឹមលីន បានឱ្យដឹងថា ករណីខាងលើនេះ ដោយសារស្វាទៅដណ្ដើមសម្ភារភ្ញៀវដែរកំពុងយួរ ហើយបុរសទេសចរនោះមិនព្រមឱ្យ ទើបវាត្របាក់ខាំតែម្ដង។ ជាសំណាង បុរសរូបនោះ ត្រូវបានស្វាខាំត្រូវកដៃបន្ដិចដែលជារបួសស្រាល។ លោក គឹមលីន បញ្ជាក់ថាក្នុងឆ្នាំ២០២៣នេះ ស្វាបានខាំភ្ញៀវជាង២០ករណី ក្នុងនោះមាននៅអង្គរវត្ត និងបរិវេណអតីតក្រុងអង្គរធំ ដូចជាបាយ័ន និងបាភួនជាដើម។
អ្នកលក់ទឹក និងផ្លែឈើនៅចំណតខាងលិចប្រាសាទអង្គរវត្តដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ស្វាតែងមករំខាន និងកញ្ឆក់យកអាហារពួកគេជារឿយៗ តែត្រូវក្រុមអ្នកលក់ទាំងនោះដេញជាហូរហែ។ អ្នកលក់ម្នាក់បានប្រាប់ថា ពួកគេត្រូវមានជំពាមកៅស៊ូមួយត្រៀមដើម្បីទុកបាញ់ស្វា មិនដូច្នោះទេ វានឹងមកទាញយកចេក និងផ្លែឈើផ្សេងៗដែលដាក់លក់មិនខាន។
ក្រុមស្រ្តីដែលមានគ្នា៣នាក់ជាប់ៗគ្នាអះអាងថា ស្វាខ្លះពិតជាបានខាំភ្ញៀវមែន ហើយខ្លះក៏ស្លូតដែរ។ ពួកគេអះអាងថា៖« កុំតែទៅញ៉ោះវា បើវាទាញអី ត្រូវឱ្យវា»។
ជាសត្វក្រមិចក្រមើម រប៉ិលរប៉ូច ភ្ញៀវទេសចរតែងចាប់អារម្មណ៍ហ្វូងសត្វសា្វទាំងនោះ ដោយខ្លះបានទិញចំណី ផ្លែឈើបោះឱ្យវាស៊ីផងដែរ ដើម្បីបានឃើញវា និងឱ្យវាចូលមកជិត។ នៅខាងលិចប្រាសាទបាយ័នដែលមានដាក់ផ្លែឈើលក់សម្រាប់បូជានោះ ភ្ញៀវខ្លះក៏បានទិញផ្លែចេក និងផ្លែឈើបោះឱ្យហ្វូងស្វាផងដែរ។ តើនេះជាការផ្លាស់ប្ដូរទម្លាប់របស់សត្វដែរឬទេ? ខណៈដែលពីមុនសត្វ ទាំងនោះរស់ពឹងលើធម្មជាតិ មានន័យថា ពីមុនពួកគេត្រូវចូលព្រៃដើម្បីរកអាហារ។
កំពុងអង្គុយជជែកគ្នានៅក្បែរការដ្ឋានខាងជើងឈៀងខាងលិចប្រាសាទបាយ័ន អ្នកស្រី ហាន ម៉ាច ជាកម្មករលាយបាយអជួសជុលប្រាសាទយល់ថា ការទម្លាប់ឱ្យចំណីពីទេសចរ និងក្រុមអ្នកថតស្វាដើម្បី ធ្វើអាជីវកម្ម ជាចំណែកសំខាន់ធ្វើឱ្យស្វាផ្លាស់ប្ដូរចរិត។ អ្នកស្រីបន្តថា៖« ពីមុនស្វានៅទីនេះមានច្រើនជាងនេះ តែវានៅតែក្នុងព្រៃទេ មិនចេញមកជួបមនុស្សដូចរាល់ថ្ងៃទេ។ ប្រហែលដោយសារអ្នកថតគេយកចំណីឱ្យវាស៊ី យូរៗទៅ វាក៏ធ្លាប់ ចាំតែគេយកឱ្យស៊ី ខ្ជិលរកចំណីខ្លួនឯង»។
កន្លងមកស្វាដែលរពឹសក៏ធ្លាប់ដណ្ដើមចំណី និងតោងខាំអ្នកស្រី ម៉ាច ៣លើកមកហើយ តែមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរទេ គឺខាំបានតែក្រណាត់អាវខាងក្រៅប៉ុណ្ណោះ។ អ្នកស្រីរំឭកថា៖«វាមកយកអីយើង យើងមិនឱ្យ ក៏វាខាំទៅ យើងដណ្ដើមពីវាមកវិញ ប្រសិនបើឱ្យវាទៅ អត់អីទេ»។
ហេតុនេះហើយ ទើបក្រោយៗមក ស្ត្រីវ័យ៦៦ឆ្នាំ និងជាអ្នកភូមិស្រះស្រង់ជើង តែងមានឈើឬដំបងដាក់ក្បែរខ្លួន ដើម្បីបង្អើលស្វាទាំងនោះពេលវាចង់មកយក ដណ្ដើមថង់អាហារ ឬសម្ភារផ្សេងៗ ឬពេលកំពុងពិសាបាយជាដើម។
ភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទបាយ័ន គឺកញ្ញា ញ៉ុក សាគីម ក៏រអ៊ូរទាំពីការនឿយហត់ក្នុងការ មើលសត្វស្វាកាចៗផងដែរ។ សាគីម ប្រាប់ថា ស្វាកាចៗបានចូលអុកលុកប្រាសាទបាយ័ននៅជ្រុងខាង លិច និងខាងជើង ដូចជាឡើងលើថ្មប្រាសាទ និងរុញផ្ដួលផ្ទាំងបដាព័ត៌មានទេសចរណ៍ជារឿយៗ។
«ពេលដែលភ្ញៀវកាន់ទឹក ឬថង់មានរបស់ញុំាអី វាតែងដណ្ដើម តែប្រសិនភ្ញៀវអត់មានកាន់អីទេ គឺវាធម្មតា។ វាឡើងលើថ្ម បដាទេសចរណ៍អីវាទាញ អង្រួនទាល់តែដួល ទើបវាឈប់ វាអស់ចិត្ត»។ នេះជាការលើកឡើងរបស់ សាគីម ដោយបន្ថែមថា ស្វាខ្លះបានកញ្ឆក់យកទូរសព្ទពីភ្ញៀវទេសចរ ពេលពួកគេកំពុងកាន់ថតក្នុងប្រាសាទផងដែរ។
ក្រៅពីបង្កការភ័យខ្លាចដល់ទេសចរហើយ សត្វស្វាបង្កភាពរញ៉េរញ៉ៃនៅតាមធុងសំរាមផងដែរ។ វាបានទៅកកាយដើម្បីរកចំណីដែលគេបោះចោល ក្រែងអាចយកស៊ីបាន។ ភ្នាក់ងារទេសចរណ៍ នៅប្រាសាទបាយ័ន កញ្ញា សាគីម ប្រាប់ថា ក្រៅពីមើលភ្ញៀវ ក្នុងនោះក៏ត្រូវមើលស្វាមួយទៀតដែរ មិនដូច្នោះវានឹងរើឥវ៉ាន់ និងសម្ភារដែលទុកប្រហែស។
ដើម្បីដោះស្រាយបញ្ហាស្វាកាចនៅតំបន់អង្គរនេះ ជាបន្តបន្ទាប់អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ បានដកហូតស្វាទាំងនោះដើម្បីយកទៅដោះលែងនៅតំបន់ភ្នំតាម៉ៅ។ តួយ៉ាងនៅចុងឆ្នាំ ២០១៩ ស្វាកាចៗមួយចំនួនត្រូវបានដកចេញ។ តែសកម្មភាពនេះត្រូវបានក្រុមថតវីដេអូស្វាបង្ហោះតាម ប្រព័ន្ធយូធូប ប្រតិកម្មជាខ្លាំង និងរិះគន់អាជ្ញាធរថាកំពុងប្រព្រឹត្តិអំពើអសីលធម៌ទៅលើពួកស្វា ក៏ដូចជាការធ្វើទារុណកម្មសត្វស្វាជាដើម។ ពួកគេយល់ថា ទង្វើនេះ កំពុងបំបែកក្រុមគ្រួសារស្វា ដែលខ្លះបែកបាក់មេប៉ាខណៈកូនៗនៅតូចៗ មិនអាចរកចំណីចិញ្ចឹមខ្លួនឯងបាន។
យ៉ាងណា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បកស្រាយថា អាជ្ញាធរដកតែស្វាកាចៗប៉ុណ្ណោះដែលពួកវាតែងបង្កហានិភ័យដល់ទេសចរ និងបំផ្លាញសម្ភារតាមប្រាសាទមានបដាព័ត៌មានទេសចរណ៍ និងរុញថ្មប្រាសាទបានបាក់ធ្លាក់ជាដើម៕