អន្តរជាតិ
ធនាគារ​ចិន​ ទម្លាក់​អត្រា​ការ​ប្រាក់​ជា​បន្តបន្ទាប់ ដើម្បី​គាំទ្រ​វិស័យ​អចលនទ្រព្យ
02, Sep 2023 , 9:59 pm        
រូបភាព
បុគ្គលិកធនាគារកំពុងរាប់ក្រដាស់ប្រាក់ ១០០យ័ននៅបញ្ជរធនាគារក្នុងទីក្រុង Nanjing ខេត្ត Jiangsu ភាគខាងកើតប្រទេសចិន។ រូបភាព ៖ AFP ។
បុគ្គលិកធនាគារកំពុងរាប់ក្រដាស់ប្រាក់ ១០០យ័ននៅបញ្ជរធនាគារក្នុងទីក្រុង Nanjing ខេត្ត Jiangsu ភាគខាងកើតប្រទេសចិន។ រូបភាព ៖ AFP ។
ធនាគារនៅចិនចំនួន ៥ បានបញ្ចុះអត្រាប្រាក់បញ្ញើដើម្បីគាំទ្រដល់វិស័យអចលនទ្រព្យ។  ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃផែនការដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យកំពុងតែមានវិបត្តិឱ្យងើបឡើងវិញ។

ធនាគារធំៗមួយចំនួនដូចជាធនាគារពាណិជ្ជកម្មចិន (ICBC) ធនាគារសំណង់ចិន (CCB) ធនាគារកសិកម្មចិន (ABC) នៅថ្ងៃទី១ ខែកញ្ញា បានប្រកាសកាត់បន្ថយអត្រាការប្រាក់បញ្ញើចន្លោះពី ០,០៥ភាគរយទៅ ០,២៥ភាគរយ។ 
 
ចំណែកធនាគារខ្នាតកណ្តាលមួយចំនួននៅចិន ដូចជាធនាគារឧស្សាហកកម្មចិន និង China Bohai Bank ក៏បានប្រកាសថានឹងកាត់បន្ថយអត្រាប្រាក់បញ្ញើចាប់ពីថ្ងៃទី១ ខែសីហានេះផងដែរ។
 
កាលពីដើមសប្តាហ៍នេះ សារព័ត៌មាន Reuters បានឱ្យដឹងថា ធនាគាររដ្ឋធំៗនៅចិននឹងកាត់បន្ថយអត្រាប្រាក់បញ្ញើដើម្បីរៀបចំកាត់បន្ថយអត្រាប្រាក់កម្ចីទិញផ្ទះ។ ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃផែនការដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យដែលកំពុងមានវិបត្តិឱ្យងើបឡើងវិញ។
 
សេចក្តីប្រកាសរបស់ធនាគារកណ្តាលចិន (PBOC) និងអាជ្ញាធរហិរញ្ញវត្ថុចិននៅថ្ងៃទី១ ខែសីហា បានលើកឡើងថា ចាប់ពីថ្ងៃទី២៥ ខែកញ្ញា អ្នកខ្ចីប្រាក់ទិញផ្ទះលើកដំបូងអាចរីករាយនឹងការបញ្ចុះតម្លៃលើប្រាក់កម្ចីបច្ចុប្បន្ន។
 
ទីក្រុងធំៗចំនួនពីរនៅចិនគឺទីក្រុង Guangzhou និង Shenzhen ក្នុងសប្តាហ៍នេះក៏បានបន្ធូរបន្ថយការរឹតបន្តឹងលើប្រាក់កម្ចីទិញផ្ទះផងដែរ។ ការនេះជួយឱ្យអតិថិជនកាន់តែច្រើនរីករាយនឹងការលើកទឹកចិត្តដើម្បីទិញផ្ទះលើកដំបូង។
 
គិតត្រឹមដំណាច់ខែមិថុនា ប្រាក់កម្ចីសរុបសម្រាប់កម្ចីទិញផ្ទះនៅធនាគារចិនមានចំនួន ៣៨,៦ទ្រីលានយ័ន(៥២៩០ពាន់លានដុល្លារ)។ តួលេខនេះមានចំនួន ១៧ភាគរយនៃប្រាក់កម្ចីសរុបរបស់ធនាគារ។
 
នេះ​ជា​លើក​ទី​បី​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ដែល​ធនាគារ​​ប្រទេស​នេះ ​បាន​ទម្លាក់​អត្រា​ការ​ប្រាក់​សន្សំ ដែលការទម្លាក់អត្រាការប្រាក់លើក​នេះ​ច្រើន​ជាង​លើក​មុន​ៗ។
 
ការផ្លាស់ប្តូរនេះបានកើតឡើងនៅពេលដែលក្រុមហ៊ុនអចលនទ្រព្យឯកជនដ៏ធំបំផុតរបស់ចិន Country Garden ព្រមានពីការខកខានក្នុងការសងបំណុល។ នៅក្នុងសេចក្តីជូនដំណឹងមួយដែលបានដាក់នៅផ្សារហ៊ុនហុងកុងកាលពីថ្ងៃទី ៣០ ខែសីហា នៅឆមាសទីមួយឆ្នាំនេះ Country Garden បានខាតបង់សរុបចំនួន ៤៨,៩ពាន់លានយ័ន (៦,៧២ពាន់លានដុល្លារ)។ ក្រុមហ៊ុននេះព្រមានថា ប្រសិនបើស្ថានការណ៍ហិរញ្ញវត្ថុនៅតែបន្តយ៉ាប់យ៉ឺន ប្រហែលជាមិនអាចបំពេញកាតព្វកិច្ចបំណុលរបស់ខ្លួនបានទេ។ 
 
Country Garden ជា​ឈ្មោះ​ចុងក្រោយ​ដែល​មាន​បញ្ហា​ដោយសារ​វិបត្តិ​អចលនទ្រព្យ​នៅប្រទេសចិន។ ស្ថានភាពរបស់ក្រុមហ៊ុននេះ បង្កើនការព្រួយបារម្ភអំពីផលប៉ះពាល់ដល់ប្រទេសចិន ដែលកំពុងតស៊ូជាមួយនឹងសេដ្ឋកិច្ចដែលនៅជាប់ទ្រឹងអស់រយៈពេលជាច្រើនខែ៕
 

Tag:
 ចិន
  អចលនទ្រព្យ
  អត្រាការប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com