ជាតិ
សេដ្ឋកិច្ច
កញ្ញា សឿន សុខភត្រា ជាម្ចាស់ជ័យលាភីពានរង្វាន់សហគ្រិនស្រ្តីឆ្នើមឆ្នាំ២០២៣ 
×![]()
សៀមរាប៖ បន្ទាប់ពីប្រកួតប្រជែងយ៉ាងស្វិតស្វាញរួចមក ការប្រកួតពានរង្វាន់សហគ្រិនស្រ្តីឆ្នើមឆ្នាំ២០២៣ បានរកឃើញម្ចាស់ជ័យលាភីហើយ នោះគឺកញ្ញា សឿន សុខភត្រា មកពីអាជីវកម្ម សិប្បកម្មតម្បាញសួស្ដី បានឈ្នះពានរង្វាន់នេះ។
«អារម្មណ៍រំភើប ពេលដឹងលទ្ធផលនោះមិនដឹងថារត់អោបអ្នកណា ចង់ទឹកភ្នែកអីផង ព្រោះអត់នឹកស្មានថាយើងអាចធ្វើបាន»។ នេះជាការលើកឡើងរបស់កញ្ញា សឿន សុខភត្រា ជាម្ចាស់ពានរង្វាន់សហគ្រិនស្រ្តីឆ្នើមឆ្នាំ២០២៣។

ការប្រកួតនេះ សុភត្រា មានពេលមួយខែប៉ុណ្ណោះ ដើម្បីរៀបចំ និងត្រៀមខ្លួនឡើងប្រកួត។ ការហ្វឹកហាត់បានត្រឹមត្រូវ និងរៀនពីចំណុចកែលម្អរបស់គ្រូបង្វឹក ធ្វើឱ្យ បេក្ខនារីរូបនេះធ្វើបានល្អ នៅថ្ងៃប្រកួត។ នេះជាការបញ្ជាក់ពី សុភត្រា។ នាងបន្ថែមថា កន្លងមក ធ្លាប់ចូលរៀនវគ្គសិក្សាសរសេរផែនការអាជីវកម្ម និងប្រកួតទ្រង់ទ្រាយតូច តែការប្រកួតពេលនេះចាត់ទុកថាជាការប្រកួតធំ និងដែលជំរុញឱ្យគេចង់ចូលរួមប្រកួតជាខ្លាំង ដើម្បីពង្រឹងសមត្ថភាពផ្ទាល់ខ្លួន។ នាងលើកឡើងដូច្នេះថា៖« គិតថាការប្រឡងធំ និងចង់ពង្រឹងសមត្ថភាពខ្លួនឯងផង និងមានការជំរុញលើកទឹកចិត្តពីក្រុមការងារ និងបងប្អូន ក៏ដាក់ពាក្យចូលរួម»។

ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លោកស្រី កែវ មុំ បានកើតសរសើរចំពោះការរៀបចំការប្រកួតពានរង្វាន់នារដូវកាលទី២នេះ។ សម្រាប់លោកស្រី បេក្ខនារីទាំង១២រូបដែលប្រជែងគ្នាក្នុងកម្មវិធីនេះ គឺសុទ្ធតែជាអ្នកឈ្នះ។ លោកស្រីបន្ថែមថា៖« អ្នកទាំងអស់គ្នាសុទ្ធតែឈ្នះដូចគ្នា គ្រាន់តែថាអ្នកណាជាអ្នកឆ្នើមជាងគេលើសគេបន្ដិច ដែលអាចកាន់ពាននេះបាន។ តែការឈ្នះនេះមិនមែនយើងឈប់ការអភិវឌ្ឍបញ្ឈប់ការសិក្សារៀនសូត្រទេ គឺត្រូវបន្តទៀត កាលណាយើងប្រកបអាជីវកម្មកាន់តែធំ យើងត្រូវខិតខំប្រឹងប្រែងរៀនឱ្យកាន់តែច្រើន ពិសេសចូលរួមលើការបណ្ដុះបណ្ដាលផ្សេងៗ»។

ជាមួយគ្នានេះ លោកស្រី កែវ មុំ យល់ថា ការចូលរួមក្នុងកម្មវិធីខាងលើ គឺជាផ្នែកមួយជួយអភិវឌ្ឍន៍ សមត្ថភាពសហគ្រិនស្រ្តី ដែលអាចឱ្យពួកគេដឹងពីចំណុចខ្សោយ និងចំណុចខ្លាំងខ្លួនឯង ដែលនឹងជួយ អភិវឌ្ឍន៍អាជីវកម្មពួកគេកាន់តែល្អប្រសើរបន្ថែមទៀត។ លោកស្រី កែវ មុំ លើកឡើងដូច្នេះថា៖« សរសើរគ្រូបង្វឹកដែលធ្វើឱ្យបេក្ខនារីមានភាពក្លាហាន ឱ្យរកឃើញចំណុចខ្សោយ ពង្រឹងនិងបញ្ចេញសមត្ថភាពនៅលើវេទិកាប្រកួត។ នេះជាសម័យបច្ចេកវិទ្យា ហើយការប្រកួតពានរង្វាន់នេះមិនមែនចង់បានឈ្នះចាញ់អ្វីឡើយ គ្រាន់តែចង់ដឹងថាសមត្ថភាពយើងដើរដល់ណាហើយ នៅខ្វះត្រង់ណាទៀត»។
សូមបញ្ជាក់ថា នេះជារដូវកាលទី២ ដែលសមាគមសហគ្រិនស្រ្តីកម្ពុជាសាខាខេត្តសៀមរាបបានរៀបចំការប្រកួតពានរង្វាន់នេះឡើង។ ហើយសហគ្រិនស្រ្តីដែលចូលរួមនៅលើកនេះមាន ១២រូប ក្នុងនោះមកពីខេត្តបាត់ដំបងចំនួន២រូប។ ចំណែកម្ចាស់ជ័យលាភីលេខ២បានទៅលើអ្នកស្រី ឃីន សូដា មកពីអាជីវកម្ម ខេមបូឌានហ៊ែរអ៊ិចស្ទីនសិន និងជ័យលាភីលេខ៣ បានទៅកញ្ញា ប៉ែន មិនា មកពីអាជីវកម្មអាហារដ្ឋានប៉ែនចេង ស្ថិតនៅខេត្តបាត់ដំបង៕
Tag:
សហគ្រិនស្រ្តីឆ្នើម២០២៣
សហគ្រិនស្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com