កីឡាអន្តរជាតិ
អន្តរជាតិ
Al Ittihad ជើងឯកអារ៉ាប៊ីសាអូឌីតកំពុងប្រជែងយក Ramos ទៅចូលរួមក្រុម
04, Sep 2023 , 7:59 am        
រូបភាព
ក្លិប Al Ittihad ជើងឯកលីគកំពូលអារ៉ាប៊ីសាអូឌីត កំពុងនាំមុខការប្រជែងពីក្រុមដទៃផ្សេងទៀត ក្នុងការនាំយកខ្សែការពារសញ្ជាតិអេស្ប៉ាញ Sergio Ramos ទៅចូលរួមក្រុមក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន។ នេះបើតាមរយៈអ្នកកាសែតកីឡាករល្បីឈ្មោះមួយរូប Santi Aouna។

Ramos បានក្លាយជាកីឡាករគ្មានតម្លៃខ្លួនក្នុងទីផ្សារដោះដូរនារដូវកាល ២០២៣-២៤ ចាប់តាំងពីរូបគេបានចាកចេញពីក្រុម Paris Saint Germain ក្រោយផុតកុងត្រាកាលពីថ្ងៃទី៣០ ខែមិថុនា។
 
អតីតខ្សែការពារដ៏អស្ចារ្យមួយរូបរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ត្រូវបានគេរាយការណ៍ថា ត្រូវបានក្លិបនៅប្រទេសតួកគីចាប់អារម្មណ៍ខ្លាំង នារយៈពេលកន្លងមក គឺក្លិប Galatasary និង Besiktas។ មកដល់ពេលនេះ ក្លិប Ittihad ក៏បានចូលរួមក្នុងការដេញថ្លៃនាំយកខ្សែការពារវ័យ ៣៦ឆ្នាំរូបនេះដែរ ខណៈទីផ្សារដោះដូរកីឡាកររបស់ប្រទេសតួកគី និងអារ៉ាប៊ីសាអូឌីតនៅបើកនៅឡើយ។
 
Ramos គឺជាខ្សែការពារដ៏ខ្លាំងមួយរូបអំឡុងរូបគេនៅប្រកបអាជីពនៅ Real Madrid ដោយគេបានជួយក្រុមយក្សអេស្ប៉ាញឈ្នះពានរង្វាន់ជាច្រើន។ ក្រៅពី Real Madrid រូបគេក៏ធ្លាប់បានលេងឱ្យក្រុម Sevilla, Spin និង Paris Saint Germain។
 
អតីតប្រធានក្រុម Real Madrid ធ្លាប់បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអេស្ប៉ាញចំនួន ១៨០ប្រកួត ដែលជាកំណត់ត្រាច្រើនជាងគេបំផុតប្រចាំក្រុមជម្រើសជាតិ។
 
ទន្ទឹមនឹងនេះក្លិប Al Ittihad បច្ចុប្បន្នក៏មានកីឡាករល្បីឈ្មោះជាច្រើនកំពុងប្រកបអាជីពផងដែរ ដោយកីឡាករដែលបានផ្លាស់ទៅនាដើមរដូវកាល ២០២៣-២៤ រួមមាន Karim Benzema, N’Golo Kante និង Fabinho ជាដើម។ វត្តមានរបស់ Benzema អាចជាឱកាសដល់ក្លិបជើងឯក Saudi Pro League ក្នុងការនាំយក Ramos មកចូលរួម។
 
ម្ចាស់ជើងឯក Saudi Pro League ក៏ត្រូវបានគេរាយាការណ៍ទៀតថាកំពុងសម្លឹងមើលការផ្តល់កិច្ចសន្យារយៈពេល ២ឆ្នាំ ដល់ខ្សែការពារ Ramos ហើយក៏ជាកីឡាករល្បីឈ្មោះមួយរូបបន្ថែមទៀតដែលផ្លាស់ទៅកាន់ Saudi Pro League។
 
ដោយឡែកក្លិបស្ថិតនៅក្របខណ្ឌ Liga MX របស់ម៉ិកស៊ិក ក្លិប Club America ក៏បង្ហាញចំណាប់អារម្មណ៍លើ Ramos ដូចគ្នា។ Club America ចង់នាំយក Ramos ទៅកាន់ប្រទេសម៉ិកស៊ិក ដោយប្រធានក្លិបលោក Santiago Banos បានបញ្ជាក់ថាក្រុមចាប់អារម្មណ៍លើកីឡាករអេស្ប៉ាញ៕
 

Tag:
 Al Ittihad
  Sergio Ramos
© រក្សាសិទ្ធិដោយ thmeythmey.com