កីឡាអន្តរជាតិ
អន្តរជាតិ
Lewandowski ស្តារ​ជ័យជម្នះដល់ Barca ខណៈ Juventus រកជ័យជម្នះជាថ្មី ឯ PSG បំបាក់ជើងខ្លាំង Lyon
04, Sep 2023 , 11:19 am        
រូបភាព
​Barcelona រកបានជ័យជម្នះយ៉ាងលំបាកអំពីការប្រកួតប្រជែងទល់ក្រុម Osasuna ។ គ្រាប់បាល់ចុងម៉ោងរបស់ខ្សែប្រយុទ្ធ Robert Lewandowski ​ជួយដល់ក្រុមម្ចាស់ការពារតំណែងជើងឯកបន្តឈ្នះជាប់គ្នា បន្ទាប់ពីស្មើ ១-១ ទល់ក្រុម Getafe នៅប្រកួតដំបូង។



Barca ចាប់ផ្តើមការប្រកួតបានយ៉ាងល្អដោយអាចរកបានគ្រាប់បាល់ដំបូងនៅនាទី៤៥+១ ដោយរកបានពីសំណាក់កីឡាករ Jules Kounde ដែលជាការបញ្ជូនបាល់ពីសំណាក់ Ilkay Gundogan ហើយគ្រាប់បាល់ទីពីរធ្វើបានដោយខ្សែប្រយុទ្ធ Robert Lewandowski នៅនាទី៨៥ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ។ ១គ្រាប់របស់ Osasuna កើតឡើងនៅនាទី៦៧ ដោយកីឡាករ Ezequiel Avila។
 
ក្រុមការពារជើងឯកឆ្លងកាត់ ៤ប្រកួត រកបាន ១០ពិន្ទុក្នុងដៃ ដោយឈរនៅចំណាត់ថ្នាក់លេខ​៣ ពីក្រោមក្រុម Girona មាន១០ពិន្ទុដូចគ្នាឈរលេខ ២ ពីក្រោមក្រុម Real Madrid ដែលចាប់ផ្តើមរដូវកាលបានយ៉ាងល្អ ដោយឈ្នះការប្រកួត ៤លើកជាប់គ្នា។
 
ក្រឡែកទៅកាន់ក្របខណ្ឌ Serie A របស់អ៊ីតាលី Juventus វិលត្រលប់មកកាន់ជ័យជម្នះឡើងវិញ ក្រោយប្រកួតយកឈ្នះលើក្រុម Empoli លទ្ធផល ២-០។ ២គ្រាប់រកបានដោយកីឡាករ Danilo និងកីឡាករ Federico Chiesa ធ្វើឱ្យអតីតក្រុមជើងខ្លាំងអ៊ីតាលីមួយនេះក្រសោបបាន ៣ពិន្ទុ ដើម្បីប្រជែងឈរនៅតំបន់កំពូលតារាងជាមួយនឹង ៧ពិន្ទុក្នុងដៃ។ 
 
Inter Milan ក៏បន្តដំណើរបានយ៉ាងល្អនៅដើមរដូវកាល ក្រោយយកឈ្នះលើ Fiorentina លទ្ធផល ៤-០ ហើយឡើងឈរកំពូលតារាងក្របខណ្ឌ Serie A ជាមួយនឹង ៩ពិន្ទុក្នុងដៃ ប្រដេញពីក្រោយដោយក្រុម AC Milan មាន ៩ពិន្ទុដូចគ្នា បន្ទាប់ពីឆ្លងកាត់ ៣ប្រកួត។ ក្រុមការពារតំណែងជើងឯក Napoli រងបរាជ័យក្រោមថ្វីជើង Lazio លទ្ធផល ២-១ ខកខានការប្រដេញតំបន់កំពូលតារាង។
 
នៅទឹកដីប្រទេសបារាំងវិញក្រុមការពារតំណែងជើងឯក Paris Saint Germain យកបានជ័យជម្នះធំមួយមុននឹងថ្ងៃ FIFA day ចូលមក ដោយដណ្តើមបានជ័យជម្នះពីក្រុមម្ចាស់ផ្ទះ Olympique de Lyonnias ដោយលទ្ធផល ៤-១។ ក្រុមដែលស្ថិតក្រោមការដឹកនាំរបស់លោក Luis Enrique កំពុងតែមានទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ឡើងវិញ ក៏ដូចជាការបង្កើតឱកាសស្វែងរកគ្រាប់បាល់។ 
 
ទម្រង់លេងបែបប៉ះបាល់ច្រើន ការគ្រប់គ្រងបាល់ ការធ្វើចលនាបន្លាស់ទីពីសំណាក់កីឡាករ បានបង្កើតទម្រង់លេងថ្មីមួយដល់ក្រុម PSG សម្រាប់រដូវកាលថ្មីនេះ បើទោះជាពេលមកដឹកនាំដំបូងរបស់លោក Enrique កីឡាករហាក់មិនទាន់សម្របខ្លួនបានល្អ។
 
Kylian Mbappe រកបាន ២គ្រាប់, Achraf Hakimi និង Marco Asensio នៅក្នុងវគ្គទីមួយគ្រប់គ្រាន់សម្រាប់ក្រុមយក្សលីគកំពូលបារាំងមួយនេះដណ្តើមបានជ័យជម្នះ។ PSG រកបាន ៧ពិន្ទុពីការប្រកួតចំនួន ៣លើក ហើយកំពុងតែតាមប្រជែងក្រុម AS Monaco ដែលចាប់ផ្តើមរដូវកាលបានយ៉ាងល្អ​ឈ្នះទាំង ៣ប្រកួត៕
 

Tag:
 Barcelona
  La Liga
  Serie A
  Ligue 1
© រក្សាសិទ្ធិដោយ thmeythmey.com