កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
សៀង ចន្ធា រកបានគ្រាប់បាល់ដំបូងក្នុងជ័យជម្នះក្លិប Al Shahaniya មុនត្រឡប់មកជួយកម្ពុជា
04, Sep 2023 , 12:23 pm        
រូបភាព
ខ្សែប្រយុទ្ធ​ សៀង ចន្ធា កីឡាករជម្រើសជាតិកម្ពុជា រកបានគ្រាប់បាល់ដំបូងរបស់គេនៅក្លិបថ្មីនៃប្រទេសកាតា Al Shahaniya ក្នុងជ័យជម្នះលទ្ធផល ៧-០ លើក្រុម Muaither SC ក្នុងពានរង្វាន់លីគលំដាប់ទីពីរកាតា Qatar FA Cup វគ្គចែកពូលជុំទីមួយ នាថ្ងៃទី៣ ខែកញ្ញា នាកីឡដ្ឋាន Al Sadd។



១គ្រាប់ដែល ចន្ធា រកបានកើតឡើងនៅនាទី៨៦ នៃវគ្គទីពីរ ក្រោយពេលផ្លាស់ប្តូរចូលការប្រកួត ដោយលេងបានជាង ៣០នាទីនៃវគ្គទីពីរ។ គ្រាប់បាល់ផ្សេងទៀត កើតឡើងដោយការស៊ុតពីសំណាក់មិត្តរួមក្រុម​កីឡាករ Abushanab នាទី៨, គ្រាប់ទីពីរដោយកីឡាករ Alhassan Koroma នាទី១៥ នៃវគ្គទីមួយ ។ ៤គ្រាប់ផ្សេងទៀតក្នុងវគ្គពីរ ធ្វើបានដោយកីឡាករ Abdulaziz Al Yahri នៅនាទី ៤៩, កីឡាករ Meijer ២គ្រាប់នៅនាទី៥៤, ៧៥ និងនៅនាទី៨៤ ដោយកីឡាករ Francesco Antonucci។
 
ក្រុម Al Shahaniya រកបាន ៣ពិន្ទុឈរនៅកំពូលតារាងពូល A នៃ QFA Cup ដោយមានក្រុម ២ផ្សេងទៀតដូចជាក្រុម Mesaimeer SC និង Al Wakrah SC ដើម្បីប្រកួតប្រជែងបន្ត។
ក្រោយរកបានគ្រាប់បាល់ដំបូងរួចមក ចន្ធា នឹងត្រូវធ្វើដំណើរវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញ ដើម្បីចូលរួមជាមួយនឹងក្រុមជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ត្រៀមសម្រាប់ការប្រកួតជម្រុះ World Cup 2026 តំបន់អាស៊ី។ កម្ពុជាទទួលហុងកុង ថ្ងៃទី៧ ខែកញ្ញា និងទទួលម៉ាកាវនៅ ៤ថ្ងៃបន្ទាប់។


 
​កាលពីខែកក្កដា កីឡាករវ័យ ២០ឆ្នាំ​ បានសម្រេចការផ្ទេរទៅកាន់ក្លិបស្ថិតក្នុងលីគលំដាប់ទីពីរនៃប្រទេសកាតា ក្រោមលក្ខខណ្ឌខ្ចីជើងពីសំណាក់ក្លិប បឹងកេត នៃក្របខណ្ឌលីគកំពូលកម្ពុជា Cambodian Premier League ១រដូវកាល។ ការផ្លាស់ទៅកាន់ក្លិបនៅប្រទេសកាតានេះ ត្រូវបានមជ្ឈដ្ឋានបាល់ទាត់នៅក្នុងប្រទេសកម្ពុជារំពឹងថា ចន្ធា នឹងអាចពង្រឹងសមត្ថភាពខ្លាំងបន្ថែមទៀត នៅក្នុងអាជីពវិស័យបាល់ទាត់របស់គេ ជាពិសេសការប្រកួតលំដាប់អន្តរជាតិ។
 
លើសពីនេះទៅទៀតសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏រំពឹងអំពីសមិទ្ធិផលនៃការប្រកបអាជីពរបស់ ចន្ធា នៅក្នុងប្រទេសកាតា ថានឹងផ្តល់ផលល្អសម្រាប់ក្រុមជម្រើសជាតិកម្ពុជាថែមទៀតផង។
 
កាលពីថ្ងៃទី២០​ ខែកក្កដា លោក បែ មករា អគ្គលេខាធិការក្លិបបាល់ទាត់បឹងកេត បានបង្ហោះសារលើហ្វេសប៊ុកលើកសរសើរពីកីឡាករ សៀង ចន្ធា ក្រោយខ្សែប្រយុទ្ធឆ្នើមវ័យក្មេងកម្ពុជារូបនេះ នឹងផ្លាស់ទៅក្លិបក្នុងប្រទេសកាតា។ អគ្គលេខាធិការរូបនេះជឿជាក់ថា បទពិសោធន៍នៅកាតា នឹងធ្វើឱ្យចន្ធា ក្លាយជាបុគ្គលសំខាន់ ក្នុងការជំរុញទឹកចិត្តដល់អ្នកហ្វឹកហាត់បាល់ទាត់វ័យក្មេងកម្ពុជា កាន់តែមានក្តីស្រមៃធំក្នុងវិស័យបាល់ទាត់។
 
ដោយឡែកប្រទេសកាតា ដែល ចន្ធា កំពុងតែប្រកបអាជីព ជាប្រទេសដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍ FIFA World Cup 2022។ ជើងឯកពានរង្វាន់ World Cup 2022 គឺក្រុមជម្រើសជាតិអាហ្សង់ទីនកាលនោះ៕
 

Tag:
 សៀង ចន្ធា
  Al Shahaniya
© រក្សាសិទ្ធិដោយ thmeythmey.com