អន្តរជាតិ
ប្រធានាធិបតីអាម៉េរិក បង្ហាញការខកចិត្តក្រោយលោកស៊ី អវត្តមាននៅកិច្ចប្រជុំ G20 
លោក ស៊ី ជិនភីង ប្រធានាធិបតីចិន (ឆ្វេង) ជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន នៅកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០ (G20) ក្នុងឆ្នាំ២០២២។ រូបភាព AFP
×![]()
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី៣ ខែកញ្ញា បានបង្ហាញការខកចិត្ត ក្រោយពីលោកស៊ី ជិនភីង សមភាគីចិន អវត្តមាននៅកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០ (G20) នៅឥណ្ឌា។ យ៉ាងណាមិញ មេដឹកនាំអាម៉េរិក រូបនេះ បានបង្ហាញក្តីសង្ឃឹមថា លោកអាចមានឱកាសជួបសមភាគីចិន ក្នុងពេលណាមួយ។
កិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០ (G20) នឹងបារព្ធឡើងក្នុងក្រុងញូវដែលី ឥណ្ឌា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកញ្ញា។ ក្នុងកិច្ចប្រជុំនេះ លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានប្រកាសចូលរួម មុនបំពេញទស្សនកិច្ចនៅវៀតណាមនៅថ្ងៃទី១០ ខែកញ្ញា។ ចំណែកលោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាម៉េរិក ត្រូវបំពេញទស្សនកិច្ចនៅកិច្ចប្រជុំអាស៊ាន ក្នុងប្រទេសឥណ្ឌូណេស៊ី។
តាមប្រភពមួយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters លោកស៊ី ជិនភីងទំនងអវត្តមាននៅកិច្ចប្រជុំ G20 ខណៈលោកលី ឈាំង នាយករដ្ឋមន្រ្តីចិន អាចនឹងចូលរួមជំនួស។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកបៃឌិន បានប្រាប់អ្នកសារព័ត៌មាននៅឆ្នេរ Rehoboth Beach ក្នុងរដ្ឋ Delaware ថា លោកមានការខកចិត្តចំពោះលោកស៊ី ដែលអវត្តមាននៅកិច្ចប្រជុំG20។
«ខ្ញុំមានការខកចិត្ត...ប៉ុន្តែខ្ញុំនឹងអាចមានឱកាសជួបគាត់»។ ប្រធានាធិបតីអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ ដោយមិនបានបញ្ជាក់អ្វីបន្ថែមឡើយ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំងមួយរយៈចុងក្រោយ មានភាពចម្រូងចម្រាសជាច្រើន ពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ពាណិជ្ជកម្ម និងសិទ្ធិមនុស្សជាដើម។ ជាការពិត ជំនួបរវាងមេដឹកនាំទាំងពីរ អាចជួយកាត់បន្ថយភាពតាងតឹងជាច្រើន ក៏ដូចជាជួយសេដ្ឋកិច្ចពិភពលោកឱ្យកាន់តែមានលំនឹង។
បន្ថែមពីនេះ លោកបៃឌិនបានបន្ថែមថា ឥណ្ឌា និងវៀតណាមមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាម៉េរិក ហើយដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសទាំងពីរ គឺផ្តល់ប្រយោជន៍ខ្លាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com