កីឡាអន្តរជាតិ
អន្តរជាតិ
Messi បន្តជួយយកជ័យជម្នះឱ្យ Inter Miami ចំពោះមុខបុគ្គលល្បីៗរបស់ហូលីវូដ
04, Sep 2023 , 4:19 pm        
រូបភាព
​Lionel Messi ជួយបង្កើតឱកាសពីការបញ្ជូនបាល់ដល់មិត្តរួមក្រុមស៊ុតបញ្ចូលទីចំនួន ២គ្រាប់ ដើម្បីនាំជ័យជម្នះឱ្យ Inter Miami ឈ្នះក្រុមម្ចាស់ការពារតំណែងជើងឯក Los Angeles FC លទ្ធផល ៣-១ ក្នុងជំនួបលីគកំពូលអាម៉េរិក Major League Soccer នៅថ្ងៃទី៣ ខែកញ្ញា ។



៣គ្រាប់ជ័យជម្នះរបស់ ​Inter Miami កើតឡើងដោយការស្វែងរកគ្រាប់បាល់ពីសំណាក់កីឡាករ Facundo Farias រកបាននៅនាទី១៤ មុនពេលខ្សែប្រយុទ្ធ Messi បញ្ជូនបាល់ ២គ្រាប់ដល់មិត្តរួមក្រុម Jordi Alba ស៊ុតនៅនាទី៥១ និង ​Leonardo Campana នៅនាទី៨៣ ដើម្បីក្រសោប ៣ពិន្ទុប្រជែងឆ្លងផុតតំបន់បាតតារាង។ រីឯ ១គ្រាប់របស់ LAFC ធ្វើបានដោយកីឡាករ Ryan Hollingshead នៅនាទី៩០ ចុងម៉ោង។
 
ឈ្នះ LAFC បានជួយ Miami រំគិលខ្លួនកាន់តែគៀកទៅនឹងតំបន់កៅអីវគ្គ Play-offs ត្រឹមតែ ៩ពិន្ទុទៀតប៉ុណ្ណោះ ខណៈដែលក្រុមមានលោក David Beckham ជាម្ចាស់ក្លិបមួយនេះ នៅសល់ការប្រកួតលីគចំនួន ៩ប្រកួតទៀត។
  


ចាប់តាំងពីកីឡាករវ័យ ៣៦ឆ្នាំ បានបង្ហាញខ្លួនលើកដំបូងតាំងពីថ្ងៃទី២២ ខែកក្កដាមក Inter Miami បានឈ្នះពានរង្វាន់ League Cup លើកដំបូង ហើយក្រុមកំពុងតែបន្តកំណត់ត្រាមិនដែលចាញ់ ១១ប្រកួតជាប់គ្នា។
 
លេងបាន ១១ប្រកួតនៅក្រុមស្ថិតក្នុងប្រទេសអាម៉េរិក ម្ចាស់ជើងឯក World Cup 2022 រកបាន ១១គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចំនួន ៥លើក ពីគ្រប់កម្មវិធីប្រកួតកន្លងមក។ 
 
ការប្រកួតបន្ទាប់ក្រុម Inter Miami នឹងត្រូវវិលត្រលប់ទៅកាន់កីឡដ្ឋាន DRV PNK ដែលជាទឹកដីក្នុងទីក្រុង Fort Lauderdale សម្រាប់ត្រៀមខ្លួនការប្រកួតបន្ទាប់ដោយត្រូវជួបតទល់ជាមួយនឹងក្រុម Sporting Kansas City នៅថ្ងៃទី១០ ខែកញ្ញា។



វត្តមានរបស់ Messi បានទាក់ទាញចំណាប់អារម្មណ៍របស់តារាហូលីវូដយ៉ាងខ្លាំងឱ្យមកទស្សនាការប្រកួតបាល់ទាត់ ក្នុងការប្រកួតដែលមានរូបគេកំពុងតែប្រកួតប្រជែង។ លើសពីនេះការប្រកួតដែល Messi តទល់ LAFC ក៏មានព្រះរាជវត្តមានរបស់ព្រះអង្គម្ចាស់ Harry នៃខ្សែរាជវង្សនៃចក្រភពអង់គ្លេស បានយាងទតការប្រកួតនោះ។ 
 
តារាសម្តែងតល្បីឈ្មោះ ​Leonardo DiCaprio, Will Ferrell, Tom Holland, Toby Maguire, Owen Wilson និង Gerard Bulter ដែលសុទ្ធសឹងតែមានវត្តមានក្នុងការប្រកួតនោះ។ តារាចម្រៀង Selena Gomez, Tyga តារាចម្រៀងរ៉េប, Breal និង Nas រួមទាំងតន្ត្រីក Liam Gallagher បុគ្គលល្បីៗក្នុងប្រទេសអាម៉េរិកទៅទស្សនាការប្រកួតដែលមាន Messi កំពុងលេង៕



Tag:
 Lionel Messi
  Inter Miami
© រក្សាសិទ្ធិដោយ thmeythmey.com