កីឡាអន្តរជាតិ
អន្តរជាតិ
ហុងកុង រត់ការបញ្ចូលកីឡាករប្រេស៊ីលនិងនីហ្សេរីយ៉ា ក្នុងជំនួបមិត្តភាពទល់កម្ពុជា
04, Sep 2023 , 4:56 pm        
រូបភាព
កីឡាករប្រេស៊ីល Everton Camargo (រាប់ពីឆ្វេងទី២)
កីឡាករប្រេស៊ីល Everton Camargo (រាប់ពីឆ្វេងទី២)
គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិហុងកុងលោក Jorn Andersen កំពុងធ្វើការលើការបញ្ចូលខ្សែប្រយុទ្ធឆ្នើមប្រេស៊ីល Everton Camargo និងនីហ្សេរីយ៉ា Michael Udebuluzor ជួយក្រុមហុងកុង ក្នុងការប្រកួតមិត្តភាពអន្តរជាតិទល់កម្ពុជា និងវគ្គជម្រុះ FIFA World Cup តំបន់អាស៊ី ឆ្នាំ២០២៣។ Camargo នៅរង់ចាំតែទទួលលិខិតឆ្លងដែនប៉ុណ្ណោះ ខណៈ Udebuluzor នៅធ្វើលិខិតបោះបង់សញ្ជាតិនីហ្សេរីយ៉ា។



សហព័ន្ធកីឡាបាល់ទាត់ហុងកុង (HKFA) រំពឹងថា ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Everton Camargo របស់ក្លិប Lee Man នៃលីគកំពូលហុងកុង នឹងទទួលបានលិខិតឆ្លងដែនឆាប់ៗ ដើម្បីចូលរួមក្រុមក្នុងការប្រកួតមិត្តភាពជាមួយកម្ពុជា និងព្រុយណេ នៅខែកញ្ញានេះ។
 
Camargo វ័យ៣២ឆ្នាំ ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេចំនួន ១៧គ្រាប់សម្រាប់ក្រុម Lee Man នៅ Hong Kong Premier League កាលពីរដូវកាលមុន បានបញ្ចប់ការចូលសញ្ជាតិរបស់ខ្លួនឱ្យទាន់ពេលអំឡុងថ្ងៃ FIFA Day នៅថ្ងៃទី៤ ខែកញ្ញា ដើម្បីប្រកួតជាមួយកម្ពុជា និងព្រុយណេ។
  


តាមប្រភពពី HKFA គ្រូហុងកុងលោក Andersen អះអាងថា Camargo នឹងទទួលបានលិខិតឆ្លងដែននៅប៉ុន្មានថ្ងៃខាងមុខ និងជឿជាក់ថាកីឡាករប្រេស៊ីលរូបនេះ នឹងអាចចូលរួមក្រុមហុងកុង ក្នុងការប្រកួតមិត្តភាពអន្តរជាតិ។
 
ដោយឡែក ខ្សែប្រយុទ្ធវ័យក្មេង Michael Udebuluzor បានកំណត់ឈ្មោះជាមួយក្រុមហុងកុងក្នុងការប្រកួតជម្រុះ FIFA World Cup ទល់នឹងប៊ូតង់ ក្នុងខែតុលា ក្រោយដាក់ពាក្យសុំលិខិតឆ្លងដែនរួចរាល់។ យ៉ាងណា Udebuluzor នៅរត់ការលិខិតឆ្លងដែន ជាមួយ Camargo សម្រាប់ ជំនួបមិត្តភាពទល់កម្ពុជា ដែលនឹងធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញា នេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
 
Udebuluzor កំពុងរង់ចាំការបញ្ចប់ឯកសារដើម្បីបោះបង់សញ្ជាតិនីហ្សេរីយ៉ាជាផ្លូវការប៉ុណ្ណោះ។ កីឡាករវ័យ១៩ឆ្នាំរូបនេះ រកបាន ៨គ្រាប់ ក្នុងការប្រកួត ៧លើក ឱ្យក្រុម Ingolstadt II នៃលីគកម្រិតទី៥ របស់អាល្លឺម៉ង់ នៅរដូវកាលនេះ។ 
 
តាមរយៈការផ្សាយរបស់កាសែត South China Morning Post ​នៅថ្ងៃទី១ ខែកញ្ញា Udebuluzor សង្ឃឹមថារូបគេ នឹងអាចបង្ហាញខ្លួនជួយហុងកុង ក្នុងការប្រកួតជម្រុះ World Cup នៅខែតុលា៕
 

Tag:
 មិត្តភាពអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com