អន្តរជាតិ
ប្រមុខការទូតឥណ្ឌូណេស៊ី ជំរុញជាថ្មីឱ្យអាស៊ានរួបរួមគ្នា ដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា
04, Sep 2023 , 7:39 pm        
រូបភាព
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅក្នុងថ្ងៃទី៤ ខែកញ្ញា។ រូបភាព Twitter_Enrique A. Manalo
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅក្នុងថ្ងៃទី៤ ខែកញ្ញា។ រូបភាព Twitter_Enrique A. Manalo
ប្រមុខការទូតឥណ្ឌូណេស៊ី លោកស្រី Retno Marsudi នៅថ្ងៃទី៤ ខែកញ្ញា បានបញ្ជាក់ជាថ្មីថា ឥណ្ឌូណេស៊ី កំពុងធ្វើការយ៉ាងខ្លាំង ដើម្បីធានាពីការបង្រួបបង្រួមរបស់អាស៊ានលើការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។ វិបត្តិមីយ៉ាន់ម៉ា នៅតែជាប្រធានបទដ៏សំខាន់ ក្នុងចំណោមប្រធានបទផ្សេងទៀត ដែលនឹងត្រូវជជែកនៅក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ានលើកទី៤៣។

 
កិច្ចប្រជុំមេដឹកនាំអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ កំពុងរៀបចំឡើងនៅឥណ្ឌូណេស៊ី ដោយប្រធានបទមីយ៉ាន់ម៉ា បន្តជាប្រធានបទដ៏សំខាន់សម្រាប់ជជែកពិភាក្សា។ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន លោកស្រី Retno Marsudi ប្រមុខការទូតឥណ្ឌូណេស៊ី បានលើកឡើងជាថ្មីពីការរួបរួមរបស់អាស៊ាន ដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។ 
 
«អាស៊ាន នឹងអាចបន្តទៅមុខ ដោយកម្លាំងពេញលេញ ប្រសិនបើយើងអាចធានាសន្តិភាព និងដំណោះស្រាយរយៈពេលយូរលើបញ្ហាមីយ៉ាន់ម៉ា»។ លោកស្រី Marsudi បានសង្កត់ធ្ងន់នេះ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី៤ ខែកញ្ញា មុនកិច្ចប្រជុំមេដឹកនាំ។ 
 
បើតាមប្រមុខការទូតឥណ្ឌូណេស៊ីរូបនេះ ដោយមានការណែនាំពីមេដឹកនាំអាស៊ាន រដ្ឋមន្រ្តីការបរទេស បានដឹកនាំការត្រួតពិនិត្យគ្រប់ជ្រុងជ្រោយឡើងវិញ លើការអនុវត្តការឯកភាព ៥ចំណុច រួមទាំងត្រៀមការផ្តល់អនុសាសន៍ដល់មេដឹកនាំអាស៊ានផង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី Antara News។ 
 
ការពិនិត្យឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីមិនមានការវិវដ្ដដ៏សំខាន់ណាមួយ ក្នុងការអនុវត្តការឯកភាព ៥ចំណុច ពីសំណាក់មីយ៉ាន់ម៉ា។ ចាប់តាំងពីខែមេសា ឆ្នាំ២០២១ មីយ៉ាន់ម៉ា នៅតែបន្តមានអំពើហិង្សា ខណៈប្រេសិតពិសេស មិនទាន់បានជួបលោកស្រីអ៊ុនសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ាឡើយ។ 
 
កន្លងមក អតីតរដ្ឋមន្រ្តីការបរទេសថៃ លោក Don Pramudwinai បានបញ្ជាក់ថា លោកបានជួបជាមួយលោកស្រី ស៊ូជី ក្នុងដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា មុនកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ក្នុងខែកក្កដា។
 
សូមបញ្ជាក់ថា ក្នុងពេលធ្វើជាប្រធានផ្លាស់វេនអាស៊ាននៅឆ្នាំ២០២៣ ឥណ្ឌូណេស៊ី បានជួបជាមួយភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាចំនួន ១១០លើក ដោយក្នុងនោះមានរដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា (NUG) ឬរដ្ឋាភិបាលស្រមោល,​ ភាគីយោធា, សង្គមស៊ីវិល និងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចជាដើម។ 
 
ក្នុងកិច្ចប្រជុំលើកនេះ អាស៊ាននៅតែបន្តមិនអញ្ជើញតំណាងយោធាមកចូលរួម ដោយត្រឹមអញ្ជើញតំណាងភាគីមិនមែននយោបាយមីយ៉ាន់ម៉ាទៅចូលរួមប៉ុណ្ណោះ។ យ៉ាងណាមិញ រដ្ឋាភិបាលយោធា ទំនងមិនបញ្ជូនតំណាងនោះទៅឡើយ៕ 
 

Tag:
 មីយ៉ាន់ម៉ា
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com