ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិបញ្ចេញប្រាក់ ៥០លានដុល្លារ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់
04, Sep 2023 , 5:58 pm        
រូបភាព
ធនាគារជាតិនៃកម្ពុជា (NBC) ប្រកាសដាក់ដេញថ្លៃប្រាក់ចំនួន៥០លានដុល្លារអាម៉េរិក ជាមួយគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ  និងអាជីករប្តូរប្រាក់ទាំងអស់ ដើម្បីរក្សាតុល្យភាពនៃអត្រាប្តូរប្រាក់នៅកម្ពុជា។  បច្ចុប្បន្ន តម្លៃប្រាក់រៀលបានធ្លាក់ដល់រង្វង់ ៤ ១៦០រៀល ក្នុង១ដុល្លារ។

 
បើតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិ ការដេញថ្លៃនូវប្រាក់ដុល្លារទាំងនេះ នឹងត្រូវធ្វើឡើងជាដំណាក់កាល។ ក្នុងនោះ នៅថ្ងៃទី៦កញ្ញា ធនាគារជាតិនឹងបញ្ចេញប្រាក់ចំនួន១០លានដុល្លារ, ថ្ងៃទី៨កញ្ញា ធនាគារជាតិនឹងបញ្ចេញប្រាក់១៥លានដុល្លារ។ ថ្ងៃទី១៣កញ្ញា ធនាគារជាតិនឹងបញ្ចេញប្រាក់១០លានដុល្លារ និងថ្ងៃទី១៥កញ្ញា ធនាគារជាតិនឹងបញ្ចេញប្រាក់ចំនួន១៥លានដុល្លារ។ 
 
ការបញ្ចេញសាច់ប្រាក់នេះ គឺជាវិធានការមួយក្នុងចំណោមវិធានការឯទៀតរបស់ធនាគារជាតិ ក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុ តាមរយៈការស្រូបយកប្រាក់រៀលពីទីផ្សារ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់នៅកម្ពុជា។ 
 
ប្រាក់រៀលកំពុងធ្លាក់ថ្លៃជាបន្តបន្ទាប់នាពេលបច្ចុប្បន្ន។ ហេតុផលចម្បងដែលធ្វើឱ្យលុយរៀលចុះថោកនេះ ព្រោះតែកត្តារដូវកាល និងសម្ពាធនៃការកើនឡើងថ្លៃនៃប្រាក់ដុល្លារអាម៉េរិក នៅលើទីផ្សារអន្តរជាតិ។ សេចក្តីជូនដំណឹងរបស់ធនាគារ កាលពីថ្ងៃទី២៩សីហា ឆ្នាំ២០២៣ បានបញ្ជាក់ថា កត្តារដូវកាល កំណើនតម្រូវការប្រាក់រៀល បានថយល្បឿននៅក្នុងដំណាក់កាលនៃការបង្កបង្កើនផលកសិកម្ម និងរដូវកាល ដែលសកម្មភាពទេសចរណ៍មិនមានភាពមមាញឹក(Low Season) ។
 
រីឯ ប្រាក់ដុល្លារអាម៉េរិក បានបន្តឡើងថ្លៃធៀបនឹងរូបិយប័ណ្ណផ្សេងៗទៀតលើពិភពលោក ក្រោយពីធនាគារកណ្តាលអាម៉េរិក បន្តដំឡើងអត្រាការប្រាក់គោល។ ការណ៍ដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិកនេះ បានទាក់ទាញមូលធនឱ្យហូរចូលទៅសហរដ្ឋអាម៉េរិក និងបង្កើនតម្រូវការប្រាក់ដុល្លារអាម៉េរិក លើទីផ្សារអន្តរជាតិ។ 
 
ជុំវិញនៃបញ្ហាទាំងនេះហើយ បានជាធនាគារជាតិនៃកម្ពុជា សម្រេចធ្វើអន្តរាគមន៍លើទីផ្សារអត្រាប្រាក់ ដោយធ្វើយ៉ាងណារក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជាឱ្យមានស្ថិរភាព៕

Tag:
 ហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com