អន្តរជាតិ
លោក យូន ថា កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង បង្កការគំរាមដោយផ្ទាល់លើអាស៊ាន
05, Sep 2023 , 11:49 am        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល។ រូបភាព AFP
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល។ រូបភាព AFP
កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលដ៏ទំនើបរបស់កូរ៉េខាងជើង បានបង្កការគំរាមកំហែងដោយផ្ទាល់ចំពោះសមាជិកអាស៊ាន។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានឥណ្ឌូណេស៊ី Kompas ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា។

 
មុននឹងចាកចេញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្រុងហ្សាការតា ឥណ្ឌូណេស៊ី លោក យូន សុកយ៉ល បានផ្តល់កិច្ចសម្ភាសសំណេរជាមួយសារព័ត៌មាន ឥណ្ឌូណេស៊ី Kompas ដែលចេញនៅថ្ងៃទី៥ ខែកញ្ញា។ ក្នុងកិច្ចសម្ភាសនោះ លោកយូន បានព្រមានពីការគំរាមកំហែងរបស់កូរ៉េខាងជើង តាមរយៈកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរលើអាស៊ាន។ បន្ថែមពីនេះ មេដឹកនាំកូរ៉េខាងត្បូង ក៏បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ ដើម្បីដាក់សម្ពាធលើកូរ៉េខាងជើងផង។ 
 
«ការកើនឡើងនៃការគំរាមកំហែងមីស៊ីល និងអាវុធនុយក្លេអ៊ែរ បានបង្កហានិភ័យដោយផ្ទាល់លើបណ្តាប្រទេសអាស៊ាន»។ ប្រធានាធិបតីកូរ៉េខាងត្បូង បានសង្កត់ធ្ងន់បែបនេះ ដោយបន្តជំរុញឱ្យរដ្ឋអាស៊ានមានការបង្រួបបង្រួម ដើម្បីឆ្លើយតបនឹងការគំរាមកំហែងនោះ ដោយភ្ជាប់ជាមួយគោលដៅនៃការំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ 
 
ក្នុងកិច្ចសម្ភាសដដែលនោះ ប្រមុខរដ្ឋកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់ជាថ្មីពីភាពចាំបាច់នៃការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលពាក់ព័ន្ធនឹងសន្តិភាពសកលលោក។ ជុំវិញបញ្ហានេះ លោកយូន បានទទូចឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន​ និងជប៉ុន ចិន និងកូរ៉េខាងត្បូង ដើម្បីដោះស្រាយបញ្ហាលើឧបទ្វីបកូរ៉េ។ 
 
សូមបញ្ចាក់ថា កូរ៉េខាងត្បូង បានចាត់ទុកអាស៊ាន ជាដៃគូដ៏សំខាន់ទាំងផ្នែកពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ និងលើវិស័យផ្សេងទៀត។ នៅឆ្នាំក្រោយ ភាពជាដៃគូសន្ទនារវាងអាស៊ាន និងកូរ៉េខាងត្បូង នឹងឈានចូលដល់ខួប ៣៥ឆ្នាំ។ ភាពជាដៃគូយុទ្ធសាស្រ្តរវាងភាគីទាំងពីរ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១០។ នៅក្នុងឆ្នាំ២០២៤ កូរ៉េខាងត្បូង ស្វះស្វែងរកការដំឡើងរកភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ (CSP) ជាមួយអាស៊ានបន្ថែមទៀត៕ 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com