អន្តរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ី ព្រមានកុំយកអាស៊ានធ្វើជាវេទិកានៃការប្រកួតប្រជែងគ្នា
05, Sep 2023 , 2:39 pm        
រូបភាព
មេដឹកនាំអាស៊ានថតរូបជុំគ្នា ដោយមិនមានវត្តមានតំណាងមីយ៉ាន់ម៉ា។ រូបភាព Twiiter_Ronel Pelovello
មេដឹកនាំអាស៊ានថតរូបជុំគ្នា ដោយមិនមានវត្តមានតំណាងមីយ៉ាន់ម៉ា។ រូបភាព Twiiter_Ronel Pelovello
ប្រធានាធិបតីឥណ្ឌូណេស៊ី និងជាប្រធានផ្លាស់វេនអាស៊ាន លោក ចូកូ វីដូដូ នៅថ្ងៃទី៥ ខែកញ្ញា បានអំពាវនាវកុំឱ្យយកអាស៊ានធ្វើជាវេទិកានៃការប្រកួតប្រជែងគ្នា ដែលនាំឱ្យមានការបំផ្លាញគ្នាទៅវិញទៅមក។ ផ្ទុយទៅវិញ មេដឹកនាំរូបនេះ បានជំរុញឱ្យយកអាស៊ានធ្វើជាវេទិកានៃកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបានវិបុលភាព ស្ថិរភាព និងសន្តិភាព។

 
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ បានចាប់ផ្តើមបើកជាផ្លូវការហើយ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ដោយមេដឹកនាំនៃបណ្តាប្រទេសអាស៊ាន លើកលែងតែមីយ៉ាន់ម៉ា បានមកជួបជុំគ្នា ដើម្បីពិភាក្សាពីបញ្ហាប្រឈមនៅក្នុងតំបន់ និងពិភពលោក។ ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោកចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី និងជាប្រធានផ្លាស់វេនអាស៊ានឆ្នាំ២០២៣ បានទទូចឱ្យអាស៊ាន និងប្រទេសជាដៃគូស្វះស្វែងរកកិច្ចសហប្រតិបត្តិការជាជាង ការប្រកួតប្រជែង។ 
 
«កុំប្រែក្លាយអាស៊ានទៅជាវេទិកាសម្រាប់ការប្រកួតប្រជែង ដែលបង្កឱ្យមានការខូចខាតទៅវិញទៅមក។ ផ្ទុយទៅវិញ ត្រូវប្រែក្លាយអាស៊ាន ជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបានវិបុលភាព, ស្ថិរភាព និងសន្តិភាព»។ លោកចូកូ បានសង្កត់ធ្ងន់បែបនេះ។ 
 
ទន្ទឹមនេះ មេដឹកនាំឥណ្ឌូណេស៊ី បានបញ្ជាក់ផងដែរថា​ រដ្ឋអាស៊ាន បានឯកភាពក្នុងការបដិសេធ មិនធ្វើជាកូនអុករបស់បណ្តាប្រទេសមហាអំណាចណាមួយឡើយ។ 
 
កន្លងមក អាស៊ាន ត្រូវបានអ្នកជំនាញមើលឃើញថា ជាទីតាំងនៃការប្រកួតប្រជែងរវាងអាម៉េរិក និងចិន។ អាម៉េរិក តែងបង្ហាញពីជំហរគាំទ្ររដ្ឋអាស៊ាន ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងប្រឆាំងនឹងចិន។ 
 
ការលើកឡើងរបស់ប្រមុខរដ្ឋឥណ្ឌូណេស៊ីរូបនេះ ធ្វើឡើងមុនពេលកិច្ចប្រជុំអាស៊ីបូព៌ា និងកិច្ចប្រជុំសំខាន់ៗផ្សេងទៀត ដែលអាម៉េរិក រួមទាំងសម្ព័ន្ធមិត្ត អាចប៉ះសម្តីគ្នាជាមួយចិនទាក់ទិននឹងការបញ្ចេញផែនទីថ្មីលើសមុទ្រចិនខាងត្បូង កោះតៃវ៉ាន់ និងការបញ្ចេញទឹក ដែលបន្សុទ្ធរួចពីរោកចក្រថាមពលនុយក្លេអ៊ែររបស់ជប៉ុនផង។  
 
ក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ានលើកនេះ ប្រធានបទជាច្រើននឹងត្រូវលើកយកទៅពិភាក្សា ក្នុងនោះមាន វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា, សន្តិសុខស្បៀង, បម្រែបម្រួលអាកាសធាតុ បញ្ហាសមុទ្រចិនខាងត្បូង និងឧក្រិដ្ឋកម្មឆ្លងព្រំដែនជាដើម៕ 
 
 

Tag:
 ឥណ្ឌូណេស៊ី
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com