អន្តរជាតិ
ហ្វីលីពីន ប្រកាសទទួលធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២៦ ជំនួសមីយ៉ាន់ម៉ា
05, Sep 2023 , 4:29 pm        
រូបភាព
មេដឹកនាំនៃបណ្តាប្រទេសអាស៊ាន នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣។ រូបភាព Twitter_ASEAN
មេដឹកនាំនៃបណ្តាប្រទេសអាស៊ាន នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣។ រូបភាព Twitter_ASEAN
ហ្វីលីពីន ប្រកាសទទួលជាប្រធានផ្លាស់វេនអាស៊ាននៅក្នុងឆ្នាំ២០២៦ ក្រោយពេលរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានសម្រេច បោះបង់ចោលប្រធានផ្លាស់វេនអាស៊ាននៅក្នុងឆ្នាំ២០២៦។

 
ជាគោលការណ៍ សមាជិកអាស៊ានត្រូវផ្លាស់ប្តូរគ្នាធ្វើជាប្រធានផ្លាស់វេនមួយឆ្នាំម្តងតាមលំដាប់ឈ្មោះប្រទេសជាភាសាអង់គ្លេស។ ឆ្នាំ២០២៣ ឥណ្ឌូណេស៊ីជាប្រធាន ឯប្រធានផ្លាស់វេននៅក្នុងឆ្នាំ២០២៤ ខាងមុខ គឺឡាវ, ២០២៥ គឺម៉ាឡេស៊ី និង២០២៦ គឺមីយ៉ាន់ម៉ា ហើយហ្វីលីពីននៅឆ្នាំបន្ទាប់។ 
 
យ៉ាងណាមិញ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ត្រូវបានរាយការណ៍ថា បានសម្រេច បោះបង់ចោលប្រធានផ្លាស់វេនអាស៊ានឆ្នាំ២០២៦ ស្របពេលប្រទេសនេះ កំពុងមានជម្លោះប្រដាប់អាវុធដែលមិនអាចរៀបចំកិច្ចប្រជុំធ៏បែបនេះបាន។
 
ទាក់ទិននឹងបញ្ហាខាងលើ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានប្រកាសទទួលសំណើធ្វើជាប្រធានផ្លាស់វេននៅក្នុងឆ្នាំ២០២៦។ 
 
«វាជាភាពរីករាយក្នុងការប្រកាសថា ហ្វីលីពីនត្រៀមខ្លួនជាស្រេច ក្នុងការទទួលយកឱកាស និងជាប្រធានផ្លាស់វេនអាស៊ាន ក្នុងឆ្នាំ២០២៦»។ លោក Marcos Jr. បានបញ្ជាក់បែបនេះ នៅក្នុងសុន្ទរកថា ពេលអំឡុងបើកកិច្ចប្រជុំអាស៊ាន នៅថ្ងៃទី៥ ខែកញ្ញា។ 
 
ជាការពិត មីយ៉ាន់ម៉ា មិនមែនទើបតែបោះបង់តួនាទីជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២៦ទេ។ នៅក្នុងឆ្នាំ ២០០៦ ប្រទេសអាស៊ីអាគ្នេយ៍ មួយនេះ ក៏ត្រូវធ្វើជាប្រធានផ្លាស់វេនដែរ ប៉ុន្តែបានដកខ្លួនចេញ ដោយសារតែមានបញ្ហាក្នុងស្រុក។ កាលនោះ លោកស្រីអ៊ុនសាន ស៊ូជី ក៏ស្ថិតនៅក្រោមការឃុំខ្លួនដែរ ហើយប្រទេសលោកខាងលិច បានទាមទារឱ្យដោះលែង។ ការបោះបង់ប្រធានអាស៊ានក្នុងឆ្នាំ២០០៦ ក្នុងគោលបំណងបង្ការការធ្វើពហិការរបស់មេដឹកនាំប្រទេសលោកខាងលិច មកប្រទេសខ្លួន។ 
 
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅក្រុងហ្សាការតា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅតែមិនបន្តបញ្ជូនអ្នកតំណាងមិនមែននយោបាយមកចូលរួម ខណៈស្ថានការណ៍ប្រទេសមួយនេះ នៅតែមិនវិវឌ្ឍទៅមុខ៕ 
 

Tag:
 ហ្វីលីពីន
  អាស៊ាន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com