អន្តរជាតិ
គណៈរដ្ឋមន្រ្តីថៃ ស្បថចូលកាន់តំណែងជាផ្លូវការ
05, Sep 2023 , 5:39 pm        
រូបភាព
គណៈរដ្ឋមន្រ្តីថៃ ស្បថចូលកាន់តំណែងនៅពីមុខព្រះមហាក្សត្រ។ រូបភាព Khaosod English
គណៈរដ្ឋមន្រ្តីថៃ ស្បថចូលកាន់តំណែងនៅពីមុខព្រះមហាក្សត្រ។ រូបភាព Khaosod English
គណៈរដ្ឋមន្រ្តីថៃ នៅថ្ងៃទី៥ ខែកញ្ញា បានស្បថចូលកាន់តំណែងជាផ្លូវការ ដោយលោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ កាន់តំណែងបន្ថែមជារដ្ឋមន្រ្តីហិញ្ញវត្ថុ។ នៅប៉ុន្មានថ្ងៃបន្ទាប់ លោកសេដ្ឋា នឹងថ្លែងគោលនយោបាយទៅកាន់សភា មុននឹងបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីជាលើកដំបូង។

 
ចាប់ពីអំណឹះតទៅ ថៃ មានរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយបក្សភឿថៃ ក្រោយគណៈរដ្ឋមន្រ្តីថៃ នៅថ្ងៃទី៥ ខែកញ្ញា បានស្បថចូលកាន់តំណែងជាផ្លូវការ។ បន្ថែមពីតំណែងនាយករដ្ឋមន្រ្តី លោកសេដ្ឋា ថាវីស៊ីន ត្រូវកាន់តំណែងជារដ្ឋមន្រ្តីហិរញ្ញវត្ថុមួយទៀត ដើម្បីងាយស្រួលក្នុងការដាក់ចេញគោលនយោបាយពាក់ព័ន្ធនឹងសេដ្ឋកិច្ច ក៏ដូចជាជួយជីវភាពប្រជាជន ដែលបន្តរងគ្រោះ ចាប់តាំងពីជំងឺកូវីដ-១៩ មក។ 
 
ក្រោយពិធីស្បថចូលកាន់តំណែង លោកសេដ្ឋា បានប្តេជ្ញាគ្រប់គ្រងប្រទេស ដោយផ្អែកលើប្រពន្ធរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដោយមានព្រះមហាក្សត្រជាប្រមុខរដ្ឋ។ មេដឹកនាំថ្មីរូបនេះ បានប្រកាសបម្រើប្រជាជនដោយមិនគិតពីភាពនឿយហត់ផង។ គណៈរដ្ឋមន្រ្តីថ្មី ត្រូវបានរំពឹងថា នឹងបើកកិច្ចប្រជុំលើកដំបូង នៅថ្ងៃទី១២ ខែកញ្ញា។ 
 
ដោយសារតែគណៈរដ្ឋមន្រ្តីទើបតែស្បថកាន់តំណែង លោកសេដ្ឋា មិនអាចចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ដែលកំពុងរៀបចំនៅក្រុងហ្សាការតា ឥណ្ឌូណេស៊ីបានឡើយ ដោយលេខាធិការអចិន្រ្តៃយ៍នៃក្រសួងការបរទេសថៃ លោក Sarun Charoensuwan ត្រូវបំពេញកិច្ចការជំនួស។ 
 
រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi នៅថ្ងៃទី៤ ខែកញ្ញា ក៏បាននិយាយទូរសព្ទអបអរលោក Panpree Phahitthanukorn ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសថៃថ្មីដែរ។ 
 
កន្លងមក នាយករដ្ឋមន្រ្តីថៃថ្មី បានសន្យាកាត់បន្ថយតម្លៃអគ្គិសនី​ និងប្រេង បន្ទាប់ពីរដ្ឋាភិបាលថ្មីចូលកាន់តំណែង។ បន្ថែមពីនេះ លោកសេដ្ឋា បានអះអាងថា លោកអាចបំពេញទស្សនកិច្ចនៅបណ្តារដ្ឋអាស៊ាន មុននឹងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅពាក់កណ្តាលខែកញ្ញាខាងមុខ៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com