ជាតិ
សេដ្ឋកិច្ច
កម្ពុជា-ហ្វីលីពីន រួមគ្នាអភិវឌ្ឍវិស័យកសិកម្ម និងសហគ្រាសមីក្រូ ធុនតូច និងមធ្យម
06, Sep 2023 , 10:12 am        
រូបភាព
កម្ពុជា សម្រេចចាប់ដៃគូជាមួយប្រទេសហ្វីលីពីន ដើម្បីអភិវឌ្ឍវិស័យកសិកម្ម និងសហគ្រាសមីក្រូ ធុនតូច និងមធ្យម(MSMEs)។ អនុស្សរណៈ នៃការយោគយល់គ្នាលើភាពជាដៃគូនេះ ត្រូវបានចុះហត្ថលេខា​ រវាងលោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោក ចូហ្សេ ម៉ា អេ ខនសិបសិន ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ាន សម្រាប់ហ្វីពីលីន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី៥កញ្ញា។

 
បើតាមការចុះផ្សាយរបស់សភាពាណិជ្ជកម្មកម្ពុជា​ ភាពជាដៃគូជាមួយប្រទេសហ្វីលីពីន​នេះ គឺផ្តោតជាសំខាន់ទៅលើការលើកកម្ពស់វិស័យកសិកម្ម និងការជំរុញកាលានុវត្តភាពកសិ-ពាណិជ្ជកម្ម ប្រកបដោយចីរភាព។ សភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ភាគីនៃប្រទេសទាំងពីរបានយកចិត្តទុកដាក់ជា​ខ្លាំង លើការ​ពិនិត្យលទ្ធភាព​រួម​គ្នាចំនួន៤ចំណុច។ ក្នុងនោះមាន ចំណុចទីមួយ៖ គឺការសិក្សា​ពីលទ្ធភាពបង្កើត​ច្រក​បង្រៀន​ អំពីកសិកម្ម​ប្រកប​ដោយ​សក្តានុពល​ បច្ចេកវិទ្យា​កសិកម្ម សន្តិសុខ​ស្បៀង ម៉ូឌែល​ធុរកិច្ច ​កសិ​សហគ្រិន និង​ការ​អភិវឌ្ឍខ្សែ​ច្រវ៉ាក់​តម្លៃ របស់​កសិករ​ សហគ្រាស និង ស្ថាប័ន​រដ្ឋ​ ទាំង​តូច មធ្យម​ និង​ធំ។
 
ចំណុចទីពីរ៖  ការកំណត់​នូវ​តម្រូវការ​ធុរកិច្ច​ ដើម្បី​អភិវឌ្ឍ​កាលានុវត្តភាព ​ពាណិជ្ជកម្ម និង​វិនិយោគ​ក្នុង​វិស័យ​ស្រូវ​អង្ករ និង​ផលិតផល​ រួមទាំង​សេវាកម្ម​កសិកម្ម​ផ្សេង​ទៀត។ ចំណុចទីបី៖ ការលើកកម្ពស់​ការ​ស្រាវ​ជ្រាវ ​និង​អភិវឌ្ឍន៍​ស្រូវ​អង្ករ។
 
រីឯចំណុចទីបួន៖ គឺការជំរុញ​យុទ្ធសាស្រ្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​ ក្នុង​ការ​ដោះ​ស្រាយ​​បញ្ហា​ប្រែ​ប្រួល​អាកាស​ធាតុ និង​ធានា​នូវ​បរិយាកាស ​កសិធុរកិច្ច​ប្រកប​ដោយ​ចីរភាព។
 
សូមជម្រាបថា កិច្ចសហការរវាងវិស័យឯកជនខាងលើនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយលោក FERDINAND "BONGBONG" ROMUALDEZ MARCOS JR. ប្រធានាធិបតីហ្វីលីពីន នាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅក្នុងទឹកដីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី៕ 
 

Tag:
 ពាណិជ្ជកម្ម
  កសិកម្ម
  SMEs
© រក្សាសិទ្ធិដោយ thmeythmey.com