អន្តរជាតិ
អាស៊ាន
អាស៊ានបង្កើតយន្តការ Troika ដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា
06, Sep 2023 , 10:44 am        
រូបភាព
កិច្ចប្រជុំមេដឹកនាំអាស៊ានចង្អៀត នៅក្នុងថ្ងៃទី៥ ខែកញ្ញា។ រូបភាព Facebook_Samdech Thipadei Hun Manet
កិច្ចប្រជុំមេដឹកនាំអាស៊ានចង្អៀត នៅក្នុងថ្ងៃទី៥ ខែកញ្ញា។ រូបភាព Facebook_Samdech Thipadei Hun Manet
មេដឹកនាំអាស៊ាន នៅថ្ងៃទី៥ ខែកញ្ញា បានឯកភាពបង្កើតយន្តការ Troika ដែលមានការចូលរួមពីប្រធានអាស៊ានផ្លាស់វេនចំនួន៣ ដើម្បីចូលរួមដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ដែលបន្តជាប់គាំង និងគ្មានច្រកចេញ។

 
ក្រោយកិច្ចប្រជុំនៅថ្ងៃទី៥ ខែកញ្ញា មេដឹកនាំអាស៊ាន បានចេញសេចក្តីសម្រចមួយពាក់ព័ន្ធនឹងវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។ អាស៊ាន នៅតែបន្តប្រកាន់យកការអនុវត្តការឯកភាព៥ចំណុចដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដោយបន្ថែមការបង្កើតយន្តការ Troika។ 
 
«ធានាចីរភាពនៃកិច្ចខិតខំរបស់អាស៊ាន និងចំណាត់ការពាក់ព័ន្ធ ដឹកនាំដោយប្រធានអាស៊ាន តាមរយៈយន្តការពិភាក្សាក្រៅផ្លូវការ ដែលមានប្រធានផ្លាស់វេនក្នុងពេលបច្ចុប្បន្ន, ប្រធាននៅឆ្នាំមុន និងប្រធាននៅឆ្នាំក្រោយ និងកិច្ចខិតខំផ្សេងទៀតដោយសមាជិកអាស៊ាន ដោយមានការសម្របសម្រួលជាមួយប្រធានអាស៊ាន ដើម្បីលើកឡើងពីបញ្ហាមីយ៉ាន់ម៉ា ដោយគោរពតាមការឯកភាព ៥ចំណុច»។ សេចក្តីសម្រេចរបស់មេដឹកនាំអាស៊ានបានបញ្ជាក់បែបនេះ នៅថ្ងៃទី៥ ខែកញ្ញា ដោយបន្តសម្រេចឱ្យហ្វីលីពីន ជាប្រធានផ្លាស់វេននៅក្នុងឆ្នាំ២០២៦ ជំនួសមីយ៉ាន់ម៉ា។
 
ប្រសិនបើអនុវត្តក្នុងឆ្នាំ២០២៣ សមាជិកទាំង៣ មានកម្ពុជាដែលជាប្រធានអាស៊ានឆ្នាំ២០២២ ឥណ្ឌូណេស៊ីដែលជាប្រធានបច្ចុប្បន្ន និងឡាវដែលជាប្រធានឆ្នាំ២០២៤។ 
 
ជាការពិត មីយ៉ាន់ម៉ា ត្រូវធ្វើជាប្រធានផ្លាស់វេននៅក្នុងឆ្នាំ២០២៦ ខណៈហ្វីលីពីន នៅឆ្នាំ២០២៧។ យ៉ាងណាមិញ កន្លងមកសារព័ត៌មានមួយចំនួន បានចុះផ្សាយថា របបយោធាមីយ៉ាន់ម៉ា បានបោះបង់ប្រធានអាស៊ាន ដោយសារប្រទេសស្ថិតក្នុងស្ថានភាពជម្លោះ។ ចំណែកប្រធានាធិបតីហ្វីលីពីន ក៏បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២៦ ផង។ 
 
ទាក់ទិននឹងការបង្កើតយន្តការ Troika នេះ លោកស្រី Retno Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី បានអះអាងថា ដោយសារតែមេដឹកនាំអាស៊ានយល់ថា ស្ថានភាពមីយ៉ាន់ម៉ាមិនអាចផ្លាស់ប្តូរក្នុងរយៈពេលត្រឹមមួយឆ្នាំឡើយ ហើយអាស៊ាននៅតែបន្តប្តេជ្ញា ក្នុងការជួយប្រជាជននៅក្នុងប្រទេសមួយនេះ។ 
 
ក្នុងសេចក្តីសម្រេចចេញថ្ងៃទី៥ ខែកញ្ញាដដែល មេដឹកនាំអាស៊ាន ក៏បានឯកភាពបន្តការផ្តល់ជំនួយមនុស្សធម៌ទៅមីយ៉ាន់ម៉ា និងបន្តជំរុញឱ្យភាគីពាក់ព័ន្ធនៅក្នុងប្រទេសមួយនេះ បញ្ឈប់អំពើហិង្សា និងការវាយប្រហារលើប្រជាជនស៊ីវិល។ 
 
ចំណែកនាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង នៅក្នុងកិច្ចប្រជុំចង្រ្អៀត បានជំរុញឱ្យអាស៊ាន​ត្រូវតែសកម្ម និងរួបរួមគ្នា ដើម្បីដោះស្រាយបញ្ហាផ្ទៃក្នុងអាស៊ាន ជាពិសេសបញ្ហាមីយ៉ាន់ម៉ា និងខាងក្រៅ។ ត្រង់ចំណុចនេះ មេដឹកនាំសិង្ហបុរី បានយល់ថា ប្រទេសនីមួយៗសុទ្ធតែមានប្រយោជន៍ជាតិ និងគោលជំហរលើភូមិសាស្រ្តនយោបាយ ប៉ុន្តែអាស៊ានត្រូវតែធ្វើការរួមគ្នាដើម្បីចំណុចរួមមួយ។ 
 
សូមបញ្ជាក់ថា  ការឯកភាព ៥ចំណុចមានដូចជា អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់, ការដោះស្រាយជម្លោះដោយសន្តិវិធី,​ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន, ការផ្តល់ជំនួយមនុស្សធម៌ តាមរយៈមជ្ឈមណ្ឌលផ្តល់ជំនួយមនុស្សធម៌អាស៊ាន និងបេសកជនពិសេស និងប្រតិភូ ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។
 
ប៉ុន្តែគេមិនឃើញមានការវិវត្តណាមួយឡើយនៅមីយ៉ាន់ម៉ា ស្របពេលដែលស្ថានភាពកាន់តែផុយស្រួយ។ មេដឹកនាំយោធានៅតែបន្តប្រើហិង្សាកម្ចាត់ក្រុមប្រដាប់អាវុធដែលប្រឆាំងការដឹកនាំរបស់ខ្លួន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com