អន្តរជាតិ
លោកលី ឈាំង៖ កិច្ចសហការរវាងចិន-អាស៊ាននឹងបន្តរឹងមាំ លុះត្រាភាគីទាំងពីរដើរលើមាគ៌ាត្រូវ
06, Sep 2023 , 3:29 pm        
រូបភាព
លោក លី ឈាំង នាយករដ្ឋមន្រ្តីចិន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៦ នៅក្នុងក្រុងហ្សាការតា ឥណ្ឌូណេស៊ី នៅថ្ងៃទី៦ ខែកញ្ញា។ រូបភាព ASEAN
លោក លី ឈាំង នាយករដ្ឋមន្រ្តីចិន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៦ នៅក្នុងក្រុងហ្សាការតា ឥណ្ឌូណេស៊ី នៅថ្ងៃទី៦ ខែកញ្ញា។ រូបភាព ASEAN
លោក លី ឈាំង ប្រមុខរដ្ឋាភិបាលចិន នៅថ្ងៃទី៦ ខែកញ្ញា បានលើកឡើងថា លុះត្រាតែចិន និងអាស៊ាន អាចរក្សាមាគ៌ាត្រឹមត្រូវ ហើយមិនថាប្រឈមឧបសគ្គអ្វីក៏ដោយ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងបន្តរឹងមាំ។ មេដឹកនាំចិន ក៏បានបញ្ជាក់ពីការថែរក្សាសន្តិភាព និងភាពស្ងៀមស្ងាត់នៅក្នុងតំបន់អាស៊ីបូព៌ាផង។

 
ចិន និងអាស៊ាន នៅថ្ងៃទី៦ ខែកញ្ញា បានរៀបចំកិច្ចប្រជុំកំពូលលើកទី២៦ នៅក្នុងក្រុងហ្សាការតា។ ក្នុងកិច្ចប្រជុំរវាងអាស៊ាន និងប្រទេសដៃគូដំបូងគេនេះ លោកលី ឈាំង នាយករដ្ឋមន្រ្តីចិន បានអះអាងថា កិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ាន មានរយៈពេលជាយូរមកហើយ ដោយលោកបានអរគុណ ដែលភាគីទាំងពីរ តែងតែយល់ពីគ្នាទៅវិញទៅមក ក្នុងពេលជួបបញ្ហាប្រឈមផ្សេងៗ។ 
 
ទន្ទឹមនេះ​លោក លី បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នឹងបន្តរឹងមាំ មិនថាប្រឈមនឹងបញ្ហាអ្វីឡើយ លុះត្រាតែអាស៊ាន​ និងចិន មានមាគ៌ាត្រឹមត្រូវជាមួយគ្នា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua។ 
 
បន្ថែមពីនេះ លោកលី បានបន្ថែមថា ចិន និងអាស៊ាន នៅតែប្តេជ្ញាស្វែងរកសន្តិភាព  និងការអភិវឌ្ឍ រួមទាំងចាត់វិធានការ ដើម្បីការពារស្ថិរភាពក្នុងតំបន់ផង។ នៅចំពោះមុខមេដឹកនាំអាស៊ានផ្សេងទៀត មេដឹកនាំចិនរូបនេះ បានកត់សម្គាល់ថា ភាគីចិន និងអាស៊ាន បានថែរក្សាសន្តិភាព និងភាពស្ងៀមស្ងាត់នៅក្នុងតំបន់អាស៊ីបូព៌ា ស្របពេលពិភពលោក កំពុងមានការផ្លាស់ប្តូរ និងភាពវឹកវរ។ 
 
ពីកិច្ចប្រជុំកំពូលអាស៊ាន-ចិនដដែលនេះ លោក លី សៀនឡុង បានទទូចឱ្យ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង បង្ហាញពីភាពជាអ្នកដឹកនាំ ក្នុងការលើកឡើងពីបញ្ហាប្រឈមផ្សេងៗ រួមទាំងបង្កើតកិច្ចសន្ទនាជាមួយគ្នា និងបង្កើតទំនុកចិត្តនៅគ្រប់កម្រិតទាំងអស់។​
 
ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង សិង្ហបុរី ដែលមិនមែនជាភាគីជម្លោះផងនោះ បានទទូចឱ្យអាស៊ាន និងចិន ត្រូវខិតខំឱ្យបានខ្លាំង ដើម្បីបញ្ចប់កិច្ចចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដោយផ្អែកលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។​
 
ការលើកឡើងរបស់មេដឹកនាំសិង្ហបុរីបែបនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយចិន បានបញ្ចេញផែនទីថ្មីមួយ ដែលបន្តទាមទារដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូងប្រមាណស្ទើរតែ ៩០ភាគរយ។ ការទាមទារនោះ បានបង្កឱ្យរដ្ឋអាស៊ានមួយចំនួនជំទាស់យ៉ាងខ្លាំង។ 
 
មុនការរៀបចំកិច្ចប្រជុំអាស៊ាន និងប្រទេសដៃគូ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានអំពាវនាវកុំឱ្យយកអាស៊ានធ្វើជាវេទិកានៃការប្រកួតប្រជែង ដែលនាំឱ្យមានការខូចប្រយោជន៍ទៅវិញទៅមក ប៉ុន្តែត្រូវយកអាស៊ានជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីកសាងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់៕ 
 

Tag:
 ចិន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com