ជាតិ
អាណត្តិថ្មី! ក្រសួងធនធានទឹក ប្ដេជ្ញាមិនឱ្យក្រុងភ្នំពេញ រងគ្រោះដោយសារទឹកជំនន់
06, Sep 2023 , 4:39 pm        
រូបភាព
ស្ថានភាពលិចលង់ដោយសារទឹកជំនន់ នៅស្ទឹងព្រែកត្នោត កាលឆ្នាំ២០២១។ រូបភាព៖ សែម វណ្ណា
ស្ថានភាពលិចលង់ដោយសារទឹកជំនន់ នៅស្ទឹងព្រែកត្នោត កាលឆ្នាំ២០២១។ រូបភាព៖ សែម វណ្ណា
ភ្នំពេញ៖ ក្រសួងធនធានទឹក ប្រកាន់ជំហរមិនឱ្យក្រុងភ្នំពេញ រងការជន់លិចដោយសារទឹកជំនន់គ្រប់រដូវវស្សាឡើយ នៅក្នុងអាណត្តិថ្មី ដែលដឹកនាំដោយ សម្ដេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ នេះជាការអះអាងរបស់ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម។



ក្នុងកិច្ចប្រជុំការងារស្ដីពីការរំដោះទឹកជំនន់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែកញ្ញា លោក ចាន់ ស៊ីណាត បានលើកឡើងថា សម្រាប់អាណត្តិថ្មីនេះ ក្រសួងធនធានទឹកបានរៀបចំផែនការយ៉ាងម៉ឺងម៉ាត់ ក្នុងការរំដោះទឹកចេញពីក្រុងភ្នំពេញ តាមរយៈប្រឡាយ ព្រែក អូរ ស្ទឹង និងទន្លេ នានា ដែលធានាយ៉ាងណាកុំឱ្យមានការលិចលង់គ្រប់រដូវវស្សា។
 
ក្រោមការដឹកនាំរបស់ សម្ដេច ហ៊ុន ម៉ាណែត កម្ពុជានឹងឈានទៅអនុវត្តផែនការការងាររយៈពេលមធ្យម ដោយធ្វើទំនើបកម្មវិស្វកម្មលើប្រព័ន្ធដោះទឹកទាំងឡាយ ដើម្បីធ្វើឱ្យធូរស្រាលនូវជំនន់ ក្នុងក្រុងភ្នំពេញ និងទីក្រុងរណប។ នេះជាការបញ្ជាក់របស់ លោក ចាន់ ស៊ីណាត ដោយបន្ថែមដូច្នេះថា៖«ក្រសួងធនធានទឹក នឹងសហការជាមួយក្រសួងសេដ្ឋកិច្ច និងបណ្តាដៃគូអភិវឌ្ឍន៍ជាច្រើនទៀត ដើម្បីធ្វើយ៉ាងធានាដោះស្រាយចំពោះមុខមិនឱ្យរាជធានីភ្នំពេញទទួលរងនូវគ្រោះហានិភ័យដោយសារទឹកជំនន់ គ្រប់រដូវវស្សា នៅក្នុងអាណត្តិទី៧នេះ»។ 
 
ជំហានដំបូង ក្រសួងធនធានទឹក បានចាត់ឱ្យមន្រ្តីជំនាញធនធានទឹក ខេត្តកំពង់ស្ពឺ និងកណ្តាល សហការគ្នាបើកមុខទឹកទាំងអស់ ចាប់ពីផ្នែកខាងលើកំពង់ទួលទឹកថ្លា រហូតដល់តំបន់រលាំងជ្រៃទាំងសងខាង។ ការបើកមុខទឹកនេះ អាចកាត់បន្ថយបរិមាណទឹក១៣០០ម៉ែត្រគូបក្នុងមួយវិនាទី កុំឱ្យមកកៀកនឹងភ្នំពេញ ឬចូលដល់តំបន់ X1 ជន់លិចតំបន់ព្រលានយន្តហោះថ្មី និងផ្លូវក្រវាត់ក្រុងទី៣។
 
ជាមួយគ្នានេះ ក្រសួង នឹងដាក់ឱ្យដំណើរការឡើងវិញនូវប្រព័ន្ធប្រឡាយ៩២, ៩៤,៩៦ និងប្រឡាយខ្សាច់ ដែលអាចជួយរំដោះទឹកបានលឿនបំផុត ចេញពីបណ្តាតំបន់ទាំងអស់ដែលនៅកៀកក្រុងភ្នំពេញ៕
 

Tag:
 ក្រសួងធនធានទឹក
  ទឹកជំនន់
  ចាន់ ស៊ីណាត
© រក្សាសិទ្ធិដោយ thmeythmey.com