ជាតិ
​​​ន​យោ​បាយ​ជាតិ​
ខ្លឹមសារសំខាន់ៗ នៃជំនួប​​ដោយឡែករវាងមេដឹកនាំកម្ពុជា និងមេដឹកនាំបណ្ដារដ្ឋអាស៊ាន
06, Sep 2023 , 5:25 pm        
រូបភាព
ក្រៅពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី រយៈពេល២ថ្ងៃមកនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតពេលជួបជាមួយមេដឹកនាំបណ្ដារដ្ឋសមាជិកអាស៊ានផងដែរ។



ក្នុងជំនួបដោយឡែកជាមួយបណ្ដាមេដឹកនាំអាស៊ានទាំងនោះ គឺសុទ្ធតែផ្ដោតសំខាន់លើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិលើគ្រប់វិស័យដូចជា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និងយោធា ជាពិសេសការរួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែនជាដើម។
 
ខាងក្រោមនេះ គឺជាខ្លឹមសារសង្ខេបនៃជំនួបមេដឹកនាំកម្ពុជា ជាមួយមេដឹកនាំបណ្ដារដ្ឋអាស៊ាន ដែលបានបង្ហោះនៅហ្វេសប៊ុកផ្លូវការរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន៖
 
ជំនួបសម្ដេច ហ៊ុន ម៉ាណែត និងលោក លី សៀនឡុង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី

ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាទៅលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ ដែលមានសក្ដានុពល ដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខថាមពល សុខាភិបាល ឌីជីថល កសិកម្ម និង ការពារជាតិ ។ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាលើលទ្ធភាពក្នុងការនាំអង្ករ និងផលិតផលកសិកម្មដទៃទៀតពីកម្ពុជាចូលមកកាន់ទីផ្សារសិង្ហបុរី ក៏ដូចជាគម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រពីប្រទេសឡាវ ឆ្ពោះទៅប្រទេសសិង្ហបុរីផងដែរ ។  
 
សម្តេច ហ៊ុន ម៉ាណែត ក៏បានបង្ហាញទស្សនៈសុទិដ្ឋនិយមចំពោះទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ជាពិសេសវិស័យការពារជាតិ និងវិស័យអប់រំ ដែលសិង្ហបុរី តែងតែផ្តល់នូវជំនួយបច្ចេកទេស ក៏ដូចជាការហ្វឹកហ្វឺនបណ្តុះបណ្តាលដល់កម្ពុជា ។
 
ប្រមុខរដ្ឋាភិបាលកម្ពុជា​ ក៏បានបង្ហាញបំណងរៀនសូត្រពីបទពិសោធន៍របស់សិង្ហបុរី ពាក់ព័ន្ធទៅនឹងវិស័យការពារជាតិ ជាពិសេសពាក់ព័ន្ធទៅនឹងការអនុវត្តកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋ ។ 
 
លោក លី សៀនឡុង បានឯកភាពពិនិត្យលើលទ្ធភាពបន្តផ្តល់ការគាំទ្របច្ចេកទេស និង ការបណ្តុះបណ្តាលដល់កម្ពុជា ទាំងក្នុងវិស័យស៊ីវិល និង យោធា។ នាយករដ្ឋមន្រ្តីសិង្ហបុរី ក៏បានអញ្ជើញសម្តេច ហ៊ុន ម៉ាណែត ទៅធ្វើទស្សនកិច្ចនៅសិង្ហបុរី ក្នុងពេលឆាប់ៗខាងមុខ ។


 
ជំនួបសម្ដេច ហ៊ុន ម៉ាណែត និងលោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ប្រធានាធិបតីហ្វីលីពីន
នាជំនួបរវាងមេដឹកនាំទាំងពីរនេះ ជំរុញឱ្យបានសម្រេចចេញនូវការចុះអនុស្សរណៈ នៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូ ក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យម រវាងប្រទេសទាំងពីរ ។ 
 
អនុស្សរណៈយោគយល់គ្នានេះ ផ្តោតជាសំខាន់លើការពិនិត្យលទ្ធភាពរួមគ្នា៖ ទី១ សិក្សា និងបង្កើតច្រក បង្រៀនអំពីកសិកម្មប្រកបដោយសក្តានុពល បច្ចេកវិទ្យា កសិកម្ម សន្តិសុខស្បៀង  ម៉ូឌែល ធុរកិច្ច កសិ-សហគ្រិន និងការអភិវឌ្ឍ ខ្សែច្រវ៉ាក់តម្លៃរបស់កសិករ សហគ្រាស និងស្ថាប័នរដ្ឋទាំង តូចមធ្យម និងធំ។
 
ទី២ កំណត់នូវតម្រូវការធុរកិច្ច ដើម្បីអភិវឌ្ឍកាលានុវត្តភាព ពាណិជ្ជកម្ម និង វិនិយោគ ក្នុងវិស័យស្រូវ អង្ករ និងផលិតផល សេវាកម្ម និងកសិកម្មផ្សេងទៀត។ ទី៣ លើកកម្ពស់ការស្រាវជ្រាវ និង អភិវឌ្ឍន៍ស្រូវ អង្ករ និងចុងក្រោយ ភាគីទាំងពីរជំរុញយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងធានានូវបរិយកាសកសិ-ធុរកិច្ច ប្រកបដោយចីរភាព។
 
អនុស្សរណៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមបឹក្សាពិគ្រោះយោបល់ ធុរកិច្ច អាស៊ាន សម្រាប់កម្ពុជាជាមួយលោក ចូហ្សេ ម៉ា អេ ខនសិបសិន (JOSE MA. ACONCEPCION III) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ាន សម្រាប់ហ្វីលីន។  
 
លទ្ធផលសម្រេចបាននេះ កើតចេញពីជំនួបរវាងមេដឹកនាំប្រទេសទាំងពីរ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទានឥណ្ឌូណេស៊ី  នៅល្ងាចថ្ងៃទី៥ ខែកញ្ញា ២០២៣ ។


 
ជំនួបសម្ដេច ហ៊ុន ម៉ាណែត និងព្រះចៅស៊ុលតង់ព្រុយណេ ហាជី ហាសសាណាល់ វ៉ាឌូឡាហ៍ 

ងាកមកជំនួបរវាងសម្ដេច ហ៊ុន ម៉ាណែត មេដឹកនាំកម្ពុជា និងព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម បានពិភាក្សាទៅលើទិសដៅអនាគតនៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលផ្តោតជាពិសេសទៅលើវិស័យការពារជាតិ, សន្តិសុខ, អប់រំ និង បណ្តុះបណ្តាលធនធានមនុស្ស, កសិកម្ម ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ។ 
 
សម្តេច ហ៊ុន ម៉ាណែត និងព្រះចៅស៊ុលតង់ បានឯកភាព ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការផ្សារភ្ជាប់វិស័យឯកជន តាមរយៈសភាពាណិជ្ជកម្ម, និងការគាំទ្រអនុវត្តយន្តការសន្ទនាទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ ។ 
 
ព្រះចៅស៊ុលតង់ បានអញ្ជើញសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រុយណេ នាពេលខាងមុខ។ សម្តេច ហ៊ុន ម៉ាណែត បានឆ្លើយតបដោយវិជ្ជមានចំពោះការអញ្ជើញនេះ និងបានអញ្ជើញ ព្រះចៅស៊ុលតង់ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាវិញផងដែរ នាថ្ងៃអនាគត ។
  

 
ជំនួបសម្ដេច ហ៊ុន ម៉ាណែត និងលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី

មេដឹកនាំទាំងពីរបានពិភាក្សាបន្ថែមអំពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ម៉ាឡេស៊ី ក្នុងទិដ្ឋភាពនយោបាយ, ពាណិជ្ជកម្មការវិនិយោគការអប់រំសន្តិសុខថាមពល, ការងារ និងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ។ 
 
ចំពោះវិស័យសន្តិសុខថាមពលវិញ សម្តេច ហ៊ុន ម៉ាណែត បានស្នើសុំកិច្ចគាំទ្រពីរដ្ឋាភិបាលម៉ាឡេស៊ី ដល់គម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ពីប្រទេសឡាវ កាត់តាមប្រទេសថៃ និង ឆ្ពោះទៅប្រទេសសិង្ហបុរី ដែលត្រូវឆ្លងកាត់ព្រំដែនសមុទ្រម៉ាឡេស៊ី ។
 
ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានប្តេជ្ញាចិត្តក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការក្នុងការ ប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មឆ្លងដែន និងបទឧក្រិដ្ឋកម្មសាយប័រ (Cyber Crime)បង្កើនបន្ថែមទៀត នូវការធ្វើពាណិជ្ជកម្ម និង លើកទឹកចិត្តចំពោះការវិនិយោគពីប្រទេសម៉ាឡេស៊ី នៅកម្ពុជា ។
 
សម្ដេច ហ៊ុន ម៉ាណែត ក៏បានអរគុណចំពោះរាជរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានគាំទ្របេក្ខភាពរបស់កម្ពុជា សម្រាប់ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) សម្រាប់អាណត្តិ ២០២៨-២០៣០ និង សមាជិកគណៈកម្មាធិការកសាងសន្តិភាព (OCPBC) សម្រាប់អាណត្តិ ២០២៥-២០២៦ នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ។


 
ជំនួបសម្ដេច ហ៊ុន ម៉ាណែត និងលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី ម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន

ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាបន្ថែមអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធកន្លងមករវាងកម្ពុជា និងឥណ្ឌូណេស៊ី ជាពិសេស ក្នុងទិដ្ឋភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការបណ្តុះបណ្តាលធនធានមនុស្ស និងការប្រយុទ្ធប្រឆាំងភេរវកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ ក្នុងន័យនេះ, ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូណេស៊ី ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។
 
ក្រៅពីនេះលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី ក៏ត្រៀមខ្លួនគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធស្បៀងដល់កម្ពុជា។ ជាពិសេសការផ្គត់ផ្គង់ជី និងបញ្ជូនអ្នកបច្ចេកទេសមកបង្រៀនកសិករកម្ពុជា ក្នុងការផលិតកសិកម្មផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Antara របស់ឥណ្ឌូណេស៊ី។
 
មិនតែប៉ុណ្ណោះ មេដឹកនាំទាំងពីរ ក៏បានពិភាក្សាបន្ថែមពីកិច្ចសហប្រតិបត្តិការនាំអង្ករពីកម្ពុជា ទៅឥណ្ឌូណេស៊ី ។ ឥណ្ឌូណេស៊ី គ្រោងនាំចូលអង្ករពីកម្ពុជា ២៥ម៉ឺនតោន ក្នុងមួយឆ្នាំ។


 
ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា នាយករដ្ឋមន្រ្តីវៀតណាម និងនាយករដ្ឋមន្រ្តីឡាវ

ដូចសព្វដងនៃកិច្ចប្រជុំអាស៊ាន និងជំនួបអន្តរជាតិផ្សេងដែរ នាយករដ្ឋមន្រ្តីកម្ពុជា វៀតណាម និងឡាវ គឺតែងតែទទួលទានអាហារពេលព្រឹក និងពិភាក្សាការងារត្រីភាគីជាមួយគ្នា។ ក្នុងជំនួបអាហារពេលព្រឹក កាលពីថ្ងៃទី៥ កញ្ញា មេដឹកនាំប្រទេស៣ បានលើកយកបញ្ហាព្រំដែន និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ មកពិភាក្សាគ្នានេះ។ 
 
ក្នុងជំនួបនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មីញជីញ និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ បានឯកភាពជាគោការណ៍បន្តដោះស្រាយ និងជំរុញសម្រេចឱ្យបានលទ្ធផលលើបញ្ហាដែលនៅសេសសល់ទាំងឡាយ ដោយអនុវត្តយន្តការនៃការកំណត់ព្រំដែនរវាងប្រទេសទាំងបី ដើម្បីបញ្ចប់ទាំងស្រុង នាពេលឆាប់ៗខាងមុខ ។
 
 ប្រមុខត្រីភាគី ក៏បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, សន្តិសុខ, ការផ្សារភ្ជាប់រវាងប្រជាជន និង ប្រជាជន, វប្បធម៌ និង ប្រពៃណី ។ ជាពិសេសជំរុញបន្ថែមនូវទំនាក់ទំនង និងការផ្សារភ្ជាប់រវាងប្រទេសទាំងបី លើគ្រប់មធ្យោបាយរួមទាំងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ផ្លូវ ផ្លូវដែក និងកំពង់ផែ, ខ្សែច្រវាក់ផ្គត់ផ្គង់, និងទេសចរណ៍ ។ នេះបើតាមខ្លឹមសារសង្ខេប ដែលបានផ្សព្វផ្សាយនៅក្នុងហ្វេសប៊ុកផ្លូវការរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
 
ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីឡាវ សនសៃ ស៊ីផាន់ដន ក៏បានអញ្ជើញ សម្តេច ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវ នាឆ្នាំ២០២៤ ខណៈនាយករដ្ឋមន្រ្តីវៀតណាម ផាម មីញជីញ បានបង្ហាញបំណងចង់ជួបសំណេះសំណាលដោយផ្ទាល់ជាមួយ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាពេលខាងមុខ។


 
ដោយឡែកសម្ដេច ហ៊ុន ម៉ាណែត មិនបានជួបភាគីមីយ៉ាន់ម៉ា ឡើយ ដោយសារមេដឹកនាំប្រទេសមួយនេះ មិនបានបញ្ជូនតំណាងមិនមែននយោបាយទៅចូលរួមកិច្ចប្រជុំអាស៊ាន តាមលក្ខខណ្ឌអង្គប្រជុំ។ ចំណែកលេខាអចិន្ត្រៃយ៍នៃក្រសួងការបរទេសថៃ ដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះ ក៏មិនទាន់មានជំនួបជាមួយសម្ដេច ហ៊ុន ម៉ាណែត ដែរ។ គណៈរដ្ឋមន្ត្រីថៃ ទើបតែស្បថចូលកាន់តំណែង កាលពីថ្ងៃទី៥ កញ្ញា ចំថ្ងៃកិច្ចប្រជុំកំពូលអាស៊ានតែម្ដង។
 
ក្រៅពីជំនួបជាមួយបណ្ដាមេដឹកនាំរដ្ឋសមាជិកអាស៊ាននេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏មានជំនួបទ្វេភាគីដោយឡែកជាមួយមេដឹកនាំ និងដៃគូសហការនៃកិច្ចប្រជុំនេះ នៅថ្ងៃទី៦ កញ្ញានេះដែរ។ 
 
សម្ដេច ហ៊ុន ម៉ាណែត ជួបលោក ក្លូស ស្វប់ ប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក

ប្រមុខរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះវេទិកាសេដ្ឋកិច្ចពិភពលោក ដែលតែងពាំនាំសមិទ្ធផលរបស់រាជរដ្ឋាភិបាល និង សក្តានុពលរបស់កម្ពុជា ទៅលើកបង្ហាញ (showcase) នៅលើឆាកអន្តរជាតិ, សម្ដេច ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា វេទិកាសេដ្ឋកិច្ចពិភពលោកនេះ បានចូលរួមលើកកម្ពស់របៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់បណ្តាប្រទេសទាំងអស់ ដោយរាប់ទាំងកម្ពុជា នៅក្នុងបរិការណ៍ ដ៏លំបាក និងមិនច្បាស់លាស់កន្លងមក ។
 
បើតាមនាយករដ្ឋមន្រ្តីកម្ពុជា វេទិកាសេដ្ឋកិច្ចពិភពលោក បានផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យសាធារណៈ និងវិស័យឯកជន ឱ្យកាន់តែមានភាពប្រសើរឡើង ។ រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំវេទិកាសាធារណៈរវាង រាជរដ្ឋាភិបាល និង វិស័យឯកជន ក្នុងខែវិច្ឆិកាខាងមុខ។ 
 
លោកសាស្រ្តាចារ្យ ក្លូស ស្វប់ សង្ឃឹមថា វេទិកាសេដ្ឋកិច្ចពិភពលោក នឹងដើរតួជាថ្នាលជំរុញឱ្យវិស័យឯកជនបំពេញតួនាទីរបស់ខ្លួនកាន់តែសកម្ម និង អាចរីកលូតលាស់ថែមទៀត ។ ប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោករូបនេះ បានបង្ហាញពីបំណងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងតំបន់អាស៊ាន ក៏ដូចជាកម្ពុជាផ្ទាល់ ។
 
សម្ដេច ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះបំណងដ៏ល្អនេះ ។ សម្ដេច ក៏បានលើកឡើងអំពីសង្គតិភាព និងលទ្ធភាពបន្ស៊ីគ្នា រវាងរបៀបវារៈនៃវេទិកាសេដ្ឋកិច្ចពិភពលោក និង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ជាពិសេស ត្រង់ការអភិវឌ្ឍវិស័យឯកជន និង ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថល ។


 
លោកសាស្រ្តាចារ្យ សន្យាអញ្ជើញសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស (Davos) នាពេលឆាប់ៗខាងមុខនេះ ។ ជាការឆ្លើយតបសម្ដេច ហ៊ុន ម៉ាណែត នឹងពិនិត្យលទ្ធភាពចូលរួមវេទិកានេះ។
 
មេដឹកនាំមកពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អាម៉េរិក និងបណ្ដាប្រទេសផ្សេងទៀត ដែលត្រូវចូលរួមកិច្ចប្រជុំពាក់ព័ន្ធ សុទ្ធតែស្ថិតនៅក្នុងផែនការជំនួបទ្វេភាគីរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត៕
 

Tag:
 ហ៊ុន ម៉ាណែត
  អាស៊ាន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com