កីឡាជាតិ
ជាតិ
ប្រធានក្រុមគោព្រៃ ជួន ចាន់ ចាវ ថាដល់ពេលត្រូវកែប្រវត្តិសាស្ដ្រថ្មី ក្នុងជំនួបកម្ពុជា-ហុងកុង
06, Sep 2023 , 5:49 pm        
រូបភាព
ប្រធានក្រុមគោព្រៃកម្ពុជា ជួន ចាន់ចាវ (ឆ្វេង) និងប្រធានក្រុមហុងកុង CHAN SIU KWAN PHILIP។ រូបភាព FFC
ប្រធានក្រុមគោព្រៃកម្ពុជា ជួន ចាន់ចាវ (ឆ្វេង) និងប្រធានក្រុមហុងកុង CHAN SIU KWAN PHILIP។ រូបភាព FFC
ជួន ចាន់ចាវ ប្រធានក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងព្យាយាមបញ្ចប់កំណត់ត្រាចាញ់ហុងកុងឱ្យខាងតែបាន ក្នុងជំនួបមិត្តភាពអន្តរជាតិ នៅយប់ថ្ងៃទី៧ ខែកញ្ញា។ ទោះដឹងថាហុងកុងជាក្រុមខ្លាំង ប៉ុន្តែខ្សែការពារភ្នំពេញក្រោនរូបនេះ ជឿជាក់លើសមត្ថភាពកូនក្រុមខ្លួន ដើម្បីសាងប្រវត្តិសាស្ត្រឈ្នះឡើងវិញ។ ប្រធានក្រុមហុងកុង កីឡាករ CHAN SIU KWAN PHILIP និងគ្រូបង្វឹកលោក លោក JORN ANDERSEN សុទ្ធតែលើកសរសើរ កីឡាករកម្ពុជា មានបច្ចេកទេស និងការគ្រប់គ្រងបាល់បានល្អ និងចាត់ទុកប្រកួតនេះ ជាជំនួបដ៏តានតឹង។



ក្រុមគោព្រៃកម្ពុជា ត្រូវស្វាគមន៍ ហុងកុង ក្នុងជំនួបមិត្តភាពអន្ដរជាតិ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៧ យប់។ នេះជាការប្រកួតកម្តៅសាច់ដុំ ត្រៀមវគ្គជម្រុះ FIFA World Cup ឆ្នាំ២០២៦ ក្នុងតំបន់អាស៊ី។
 
ក្នុងសន្និសីទសារព័ត៌មានមុនប្រកួតនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ប្រធានក្រុមហុងកុង CHAN SIU KWAN PHILIP និយាថាការប្រកួតកន្លងមក បើទោះជាកម្ពុជា ចាញ់ ហុងកុង ប៉ុន្ដែជ័យជម្នះ របស់ហុងកុង មិនមែនស្រួលនោះទេ ព្រោះកម្ពុជា សម្បូរកីឡាករ ដែលមានធនធានសមត្ថភាព និងបច្ចេកទេសល្អ។ ប្រធានក្រុមហុងកុងរូបនេះ បន្ថែមថា អ្វី ដែលជាចំណុចខ្វះខាតនោះ គឺកីឡាករកម្ពុជា ភាគច្រើនមានកម្ពស់ទាប។ 



«យើង មិនសូវជាដឹងច្រើនពីក្រុមកម្ពុជាទេ ប៉ុន្ដែ អ្វី ដែលខ្ញុំ ចាំនោះគឺ ឆ្នាំមុន បើទោះជាយើងឈ្នះ កម្ពុជា ប៉ុន្ដែ កម្ពុជា មិនមែនជាក្រុម ដែលស្រួលយកឈ្នះទេ។ កីឡាករកម្ពុជា មិនខ្ពស់ទេ ប៉ុន្ដែលេងបានល្អ គ្រប់គ្រងបាល់បានល្អ។»។ កីឡាករ KWAN PHILIP បាននិយាយដូច្នេះ។ 
 
ដូចគ្នានេះដែរ JORN ANDERSEN គ្រូបង្វឹកជម្រើសជាតិហុងកុង ការប្រកួតជាមួយកម្ពុជា គឺតាន់តឹង និងពិបាក ប៉ុន្ដែ រូបលោក និងកូនក្រុមខ្លួន ពិតជាសប្បាយចិត្ត ដោយចង់ជួបការប្រកួតបែបនេះ។ គ្រូបង្វឹករូបនេះ បាននិយាយថា៖«យើង សប្បាយចិត្តចំពោះការប្រកួតជាមួយ កម្ពុជា នៅទីនេះ ដើម្បីយកបទពិសោធន៍។ យើង ដឹងថានេះ គឺជាការប្រកួតដ៏លំបាក សម្រាប់យើង។»។
 
៥ប្រកួតចុងក្រោយរវាងក្រុមទាំងពីរ កម្ពុជា មិនធ្លាប់ឈ្នះ ហុងកុង ម្ដងណាឡើយ ដោយគ្រាន់តែធ្លាប់ស្មើ ក្នុងលទ្ធផល ១-១ កាលពីឆ្នាំ២០១៩ វគ្គជម្រុះបឋម ក្នុងព្រឹត្តិការណ៍ FIFA World Cup ប៉ុណ្ណោះ។ ទោះយ៉ាងនេះក្តី ប្រធានក្រុមគោព្រៃ ជួន ចាន់ចាវ នៅតែជឿថាក្រុមរបស់ខ្លួន នឹងអាចកែប្រែ កំណត់ត្រាថ្មី ដោយយកឈ្នះលើហុងកុង។
 
ខ្សែការពារភ្នំពេញក្រោន លើកអះអាងទាំងទំនុកចិត្តថា ៖«សម្រាប់ខ្ញុំ ការប្រកួតថ្ងៃស្អែក ជាការប្រកួតធំ និងជាការប្រកួត ដ៏ពិបាក។ ប៉ុន្ដែ ខ្ញុំជឿជាក់លើមិត្តរួមក្រុម កីឡាករ និងគ្រូបង្វឹក ថាយើងអាចធ្វើបាន។ បើយើង មើលតាម ៥ប្រកួតចុងក្រោយ គឺយើងមិនធ្លាប់ឈ្នះ ហុងកុង ទេ។ ខ្ញុំ គិតថា នេះ គឺជាពេលមួយ ធ្វើអ្វីមួយ ដែលថ្មី ដើម្បីកែប្រែ ព្រោះយើងចង់ឈ្នះការប្រកួតនេះ។»។
សម្រាប់លោក Felix G.Dalmas គ្រូជម្រើសជាតិកម្ពុជា បានត្រៀមខ្លួនរួចរាល់ ក្រោយប្រមួលផ្តុំហ្វឹកហាត់រយៈពេល៦ថ្ងៃពេញ។
 
គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិកម្ពុជា ធ្លាប់ជួបគ្នា ៥លើកចុងក្រោយ ជាមួយហុងកុង គិតត្រឹមឆ្នាំ២០១៦មក ដោយក្នុងនោះ កម្ពុជា ចាញ់ ៤ និងស្មើ ១ ប្រកួត។ ប្រកួតមិត្តភាពអន្ដរជាតិ នៅឆ្នាំ២០១៦ កម្ពុជា ចាញ់ ហុងកុង ២លើក គឺលទ្ធផល ៤-២ និងលទ្ធផល ២-០។ ចូលមកដល់ឆ្នាំ២០១៩ ក្នុងការប្រកួតវគ្គជម្រុះ World Cup ជើងទី១ កម្ពុជា ស្មើជាមួយហុងកុង លទ្ធផល ១-១ និងជើងទី២ ចាញ់ លទ្ធផល ២-០។ នៅឆ្នាំ២០២២ ហុងកុង យកឈ្នះកម្ពុជា ម្ដងទៀត ក្នុងការប្រកួត AFC Asian Cup Qualifiers ក្នុងលទ្ធផល ៣-០៕
 

Tag:
 បាល់ទាត់
  Vattanac International Friendly
© រក្សាសិទ្ធិដោយ thmeythmey.com