អន្តរជាតិ
រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​​ថា៖ អវត្តមានលោក ស៊ី និងលោក ​ពូទីន​នៅ​កិច្ចប្រជុំ G20 មិនចម្លែកទេ
06, Sep 2023 , 7:39 pm        
រូបភាព
ដោយ៖​ ងួនសៅ ពុទ្ធិឫទ្ធិ 
មេដឹកនាំមហាអំណាច២នាក់ គឺប្រធានាធិបតីចិន ស៊ី ជិនភីង និងប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នឹងមិនមានវត្តមានក្នុងកិច្ចប្រជុំមេដឹកនាំប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) នៅឥណ្ឌាឡើយ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា Subrahmanyam Jaishankar និយាយថា វាមិនមែនជារឿងចម្លែកនោះទេ ហើយក៏មិនមានអ្វីពាក់ព័ន្ធជាមួយឥណ្ឌាដែរ។

 
«ខ្ញុំមិនគិតថាអវត្តមានរបស់មេដឹកនាំទាំងពីរពាក់ព័ន្ធជាមួយឥណ្ឌាទេ ដោយការសម្រេចចិត្តមួយណាក៏ដោយរបស់ពួកគេ គឺគេដឹងយ៉ាងច្បាស់បំផុតពីការសម្រេចចិត្តនោះ»។ លោក Subrahmanyam Jaishankar និយាយបែបនេះក្នុងកិច្ចសម្ភាសមួយចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ប៉ុន្មានថ្ងៃមុនកិច្ចប្រជុំ G20 ។
 
ចិន នឹងតំណាងនាយករដ្ឋមន្ត្រី លី ឈាំង ឯរុស្ស៊ីមានរដ្ឋមន្រ្តីការបរទេស ស៊ែហ្គេយ៍ ឡាវរ៉ូវ ជាតំណាង។ នេះជាលើកដំបូងដែលោក ស៊ី ជិនភីង អវត្តមានពីកិច្ចប្រជុំ G20 ចាប់តាំងពីលោកចូលកាន់តំណែងមក។ លោក វ៉ា្លឌីមៀ ពូទីន វិញមានដីកាតាមចាប់ខ្លួនពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។
 
ក្នុងកិច្ចសម្ភាសដដែល រដ្ឋមន្ត្រីការបរទេសឥណ្ឌារូបនេះក៏បានបន្ថែមថា ការរំពឹងទុកពីក្រុម G20 គឺខ្ពស់ណាស់ ដូច្នេះទីក្រុងញូវដែលីកំពុងប្រឈមមុខការដោះស្រាយបញ្ហាពិភពលោកដ៏លំបាកបំផុតដែលបណ្ដាលមកពីឥទ្ធិពលនៃជំងឺកូវីដ១៩ ជម្លោះនានា ការប្រែប្រួលអាកាសធាតុ បំណុល និងបញ្ហានយោបាយ។ 
 
បើតាមលោក Jaishankar បណ្ដាសមាជិកក្រុម G20 កំពុងជជែកគ្នាដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាសំខាន់ៗរបស់ពិភពលោក ទោះបីជាមានការបែងចែកដោយសារបញ្ហាភូមិសាស្ត្រនយោបាយ និងសង្រ្គាមនៅអ៊ុយក្រែនផង។
 
ជាមួយគ្នានេះ សេតវិមានអាម៉េរិកបានប្រកាសនៅថ្ងៃទី៥ ខែកញ្ញាថា ពីកិច្ចប្រជុំនេះ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នឹងផ្តោតលើការកែទម្រង់ធនាគារពិភពលោក និងជំរុញឱ្យធនាគារអភិវឌ្ឍន៍ពហុភាគីផ្សេងទៀតជំរុញការផ្តល់ប្រាក់កម្ចីសម្រាប់ការប្រែប្រួលអាកាសធាតុ និងគម្រោងហេដ្ឋារចនាសម្ព័ន្។នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ រំពឺងលើកឡើងពីបញ្ហាឌីជីថល និងសន្តិសុខស្បៀង ហើយឥណ្ឌាជជែកពីដំណើរការលើក្របខ័ណ្ឌសកលដើម្បីគ្រប់គ្រងគ្រីបតូ៕ 
 

Tag:
 ចិន
  ឥណ្ឌា
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com