ជាតិ
សង្គមជាតិ
ជប៉ុន ផ្តល់ឡាន-ម៉ូតូ ៦០គ្រឿង និងឧបករណ៍រាវរកមីនមួយចំនួនដល់កម្ពុជា
06, Sep 2023 , 9:29 pm        
រូបភាព
លោក​ អ៊ូ​អិណុ អាត់ស៊ូស៊ិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា (ឆ្វេង) ប្រគល់សោរឡាន ជូន លោក លី ធុជ ប្រធានអាជ្ញាធរមីន នៅថ្ងៃទី៥កញ្ញា។ រូបថត៖ ហ្វេសប៊ុក លោក លី ធុជ
លោក​ អ៊ូ​អិណុ អាត់ស៊ូស៊ិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា (ឆ្វេង) ប្រគល់សោរឡាន ជូន លោក លី ធុជ ប្រធានអាជ្ញាធរមីន នៅថ្ងៃទី៥កញ្ញា។ រូបថត៖ ហ្វេសប៊ុក លោក លី ធុជ
រដ្ឋាភិបាលជប៉ុនបានផ្តល់រថយន្តភីកអាប់សរុប៦០គ្រឿង រួមទាំងឧបករណ៍រាវរកមីន៣០គ្រឿង ជាមួយសម្ភារចំាបាច់មួយចំនួនទៀតដល់កម្ពុជា ​ដើម្បីធ្វើអង្កេតចំការមីន។ ជំនួយដែលកម្ពុជាទទួលបានពីជប៉ុននេះ គឺស្ថិតក្រោមកម្មវិធី«អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម» សម្រាប់ប្រើប្រាស់ក្នុងដំណើរការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។​

 
ពិធីប្រគល់​និងទទួលនូវសម្ភារទាំងនេះ​ ត្រូវបានធ្វើឡើងដោយលោក អ៊ូអិណុ អាត់ស៊ូស៊ិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជាមួយ លោក លី ធុជ​ ប្រធានអាជ្ញាធរមីន នៅអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន(CMAA) នាថ្ងៃទី៥កញ្ញា។​ បើតាមការចុះផ្សាយរបស់លោក លី ធុជ ជំនួយពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ទាំងនោះរួមមាន រថយន្ត(Pickup) ២៣គ្រឿង, ម៉ូតូ ៣៧ គ្រឿង, ឧបករណ៍GPS ៥៤គ្រឿង, ឧបករណ៍ការពារសុវត្ថិភាព ៣០ឈុត, ម៉ាស៊ីនរាវមីន ៣០គ្រឿង, កុំព្យូទ័រយួរដៃ ៧៥គ្រឿង, គ្រឿងបន្លាស់រថយន្ត ២៣គ្រឿង និងគ្រឿងបន្លាស់ម៉ូតូ ៣៧គ្រឿង។ 
 
«ជំនួយជាគ្រឿងបរិក្ខារពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន គឺសម្រាប់ប្រើប្រាស់ក្នុងដំណើរការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា»។ នេះជាការលើកឡើងរបស់លោក លី ធុជ ដោយបន្តរៀបរាប់ថា ប្រទេសជប៉ុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាព កំណើនសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា លើវិស័យជាច្រើន។ ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទេសចរណ៍ ការអប់រំ ការអភិរក្ស និងជួសជុលរមណីយដ្ឋានប្រវត្តិសាស្ត្រ ក៏ដូចជាសកម្មភាពមីនមនុស្សធម៌នេះ ផងដែរ។
 
ពាក់ព័ន្ធនឹងការងារសកម្មភាពមីនមនុស្សធម៌ ប្រទេសជប៉ុន បានចូលរួមជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ គិតជាទឹកប្រាក់គឺមានជាង ២០០លានដុល្លារ។ លោក លី ធុជ បានបញ្ជាក់ថា ៖ «ជំនួយជាទឹកប្រាក់ទាំងនេះ គឺបន្ថែមពីលើគ្រឿងបរិក្ខាដែលយើងទទួលបានពេលនេះ  ដែលខ្ញុំ​បានចាត់ទុកថា ជប៉ុន គឺជាដៃគូយូរអង្វែង និងរឹងមាំមួយក្នុងការសម្រេចបាននូវសមិទ្ធិផលសកម្មភាពមីនរយៈពេលជាង៣០ឆ្នាំនេះ»។ បើតាមប្រធានអាជ្ញាធរមីនរូបនេះ វិភាគទានរបស់ជប៉ុន ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករដោះមីន និងអ្នកពាក់ព័ន្ធដទៃទៀត គឺជាការធានាបាននូវ ដីប្រកបសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដទៃទៀត។
 
ជាមួយគ្នានេះ លោក អ៊ូអិណុ អាត់ស៊ូស៊ិ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលទទួលបាននៃការងារបោសសម្អាតមីននៅកម្ពុជា ដោយទទួលបានផ្ទៃដីធំជាងគេក្រោយបញ្ចប់សង្រ្គាម។

លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាជឿជាក់ថា៖« គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់ នឹងត្រូវរំដោះចេញពីទឹកដីកម្ពុជា ហើយប្រជាជនកម្ពុជានឹងទទួលបាននូវសុវត្ថិភាព។  សម្រាប់ឧបករណ៍ខាងលើដែលខ្ញុំ ប្រគល់ឱ្យនាពេលនេះនឹងរួមចំណែកដល់ការសម្រេចបាននូវគោលដៅ គ្មានមីននៅឆ្នាំ ២០២៥»។
 
កម្ពុជាត្រូវបន្តបោសសម្អាតផ្ទៃដី ដែលមានមីនចំនួន៨៤៥គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម ចំនួន១,៣១៦គីឡូម៉ែត្រការ៉េបន្ថែមទៀត ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»។ ដើម្បីសម្រេចឱ្យបាន នូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិការបោះសម្អាតផ្ទៃដីមីនទាំងនេះ  គឺកម្ពុជាត្រូវការថវិកាជិត៤០០លានដុល្លារអាមេរិក៕
 

Tag:
 ជំនួយ
  រថយន្ត
  មីន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com