សំឡេងទង្គិចគ្នា នៃដែកនឹងញញួរដំ លាន់ឮផូងផាំង ចេញពីគេហដ្ឋានមួយនៅក្នុងភូមិអន្លង់ធំ ស្រុកស្វាយលើ ខេត្តសៀមរាប។ សំឡេងនេះ គឺជាសកម្មភាពដំដែករបស់ជាងដែកដ៏ចំណាន គឺលោកតា ប្រាក់ ហៃ ដែលសព្វថ្ងៃ គាត់មានវ័យ៧១ឆ្នាំហើយ។
ព្រឹទ្ធាចារ្យរូបនេះ បានចំណាយពេលស្ទើរមួយជីវិតទៅហើយ ប្រកបការងារជាជាងដែក នៅលើអតីតទីក្រុងបុរាណ «មហេន្ទ្របព៌ត» នេះ។ លោកតា ហៃ ចេះដំដែក ធ្វើកាំបិត ពូថៅ និងសម្ភារប្រើប្រាស់ផ្សេងៗពីដែក ជាង៤០ឆ្នាំហើយ ពីឪពុកក្មេក និងបានស្នងអាជីពនេះបន្តរហូតមកដល់បច្ចុប្បន្ន។
ថ្វីបើបច្ចុប្បន្ន សម្ភារប្រើប្រាស់ផ្សេងៗពីដែកជាច្រើន ត្រូវបាននាំចូលពីក្រៅប្រទេសនិងមានតម្លៃទាបជាងក៏ដោយ តែ លោកតា ហៃ នៅតែមានតម្រូវការជាប់ឥតដាច់។ នោះក៏ព្រោះតែសម្ភារប្រើប្រាស់នីមួយៗ ដែលកើតចេញពីស្នាដៃ របស់បុរសចំណាស់ មានទឹកដៃដំដែកយ៉ាងចំណាននិង មានគុណភាពល្អ។
ការងារជាជាងដំដែក ត្រូវការការអត់ធ្មត់ខ្ពស់ ជាការងារប្រើកម្លាំងខ្លាំង ហើយក៏នឿយហត់ដែរ។ ប៉ុន្តែ លោកតា ហៃ រីករាយនឹងប្រកបអាជីពនេះ ដ្បិតវាជាឆ្នាំងបាយ ដែលបានផ្គង់ផ្គង់ចិញ្ចឹមគ្រួសារលោក ដែលមានកូន៦នាក់ រហូតដល់ពួកគេធំៗ បែកគ្រួសារ។
ពិតមែនហើយ អាជីពជាជាងដែក បាននាំមោទកភាពជាច្រើន ដល់លោកតា ។ តែទន្ទឹមនឹងនេះលោកតា ហៃ ក៏កំពុងនឹកព្រួយ ដែលខ្លួនមានវ័យកាន់តែច្រើន ហើយកម្លាំងក៏ មិនមាំមួនដូចមុន។ ព្រឹទ្ធាចារ្យរូបនេះ បារម្ភពីអនាគតនៃរបរប្រចាំគ្រួសារមួយនេះ ដ្បិតកូនៗរបស់លោក ក៏មិនចាប់អារម្មណ៍បន្តវេនលើមុខរបរនេះនោះទេ។ បច្ចុប្បន្ននេះ លោកតាហៃ កំពុងបណ្ដុះចៅប្រុសម្នាក់ តែលោកក៏មិនប្រាកដចិត្តដែរថា តើចៅរបស់គាត់អាចស្នងការងារនេះពីខ្លួននោះ។
ជាជាងដែកប្រមាណ៤០ឆ្នាំ លោកតា ហៃ បញ្ជាក់ថា ជាជាងដែកមិនមែនគ្រាន់តែចេះដំដែកឱ្យចេញជាឧបករណ៍ប៉ុណ្ណោះទេ តែត្រូវចេះរើសប្រភេទដែកដែលមានគុណភាពយកមកធ្វើផងដែរ។ លោកតា ហៃ សង្កត់ធ្ងន់ថា ដែកល្អ ទើបទទួលបានសម្ភារមានគុណភាព។
ទោះមានវ័យចំណាស់ក៏ពិតមែន តែលោកតា ប្រាក់ ហៃ នៅតែបន្តការងារដំដែករបស់ខ្លួន រហូតដល់ពេលដែលលោកតា លើកញញួរលែងរួច។ សព្វថ្ងៃនេះ លោកតាមមាញឹកក្នុងការធ្វើកាំបិតក្រឡា ដែលអង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ កម្ម៉ង់ទិញ និងមួយចំនួនទៀតអ្នកភូមិ ឱ្យលោកតាធ្វើសម្ភារប្រើប្រាស់នានា៕