ជាតិ
ប្រធានមន្ទីរកសិកម្មកោះកុង ស្ថិតក្រោមការស៊ើបអង្កេតលើភាពមិនប្រក្រតីក្នុងការដឹកនាំអនុវត្តការងារ
07, Sep 2023 , 9:52 am        
រូបភាព
លោកលោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម​កោះកុងដែលត្រូវបានផ្អាកការងារបណ្តោះអាសន្ន។
លោកលោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម​កោះកុងដែលត្រូវបានផ្អាកការងារបណ្តោះអាសន្ន។
លោក អ៊ី ម៉េងលាង ដែលជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង ត្រូវបានផ្អាកតួនាទី និងភារកិច្ចជាបណ្ដោះអាសន្ន ចំពោះភាពមិនប្រក្រតីចំពោះនៃការអនុវត្តដឹកនាំការងារ និងគ្រប់គ្រងរបស់មន្ទីរ។ លោក ឌិត ទីណា រដ្ឋមន្ត្រីកសិកម្ម សម្រេចផ្អាកការងាររបស់ប្រធានមន្ទីរកសិកម្មខេត្តកោះកុងរូបនេះកាលពីថ្ងៃទី១កញ្ញាមក ខណៈបច្ចុប្បន្នមន្ត្រីជំនាញកំពុងស៊ើបអង្កេតលើករណីមិនប្រក្រតីភាពមួយចំនួន។

 
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម  បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗនាព្រឹកថ្ងៃទី៧កញ្ញា ថា ទន្ទឹមនឹង ការផ្អាកតួនាទីនេះ ក្រសួងបានរៀបចំឱ្យមានក្រុមប្រឹក្សាវិន័យមួយ ដើម្បីពិនិត្យនិងវាយតម្លៃពាក់ព័ន្ធនឹងករណី របស់លោក អ៊ី ម៉េងលាង។ អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះ បន្តនិយាយដូច្នេះ៖  «ប្រសិនបើយើងរកឃើញថា មានភាពមិនប្រក្រតីពិតប្រាកដមែន នោះក្រុមប្រឹក្សាវិន័យ នឹងដាក់វិន័យតាមលក្ខន្តិកៈមន្ដ្រីរាជការ ទៅតាមកម្រិត នៃទោសកំហុស» ។
 
ការសម្រេចផ្អាកតួនាទី និង ភារកិច្ចរបស់លោក អ៊ី ម៉េងលាង នាពេលនេះ គឺធ្វើឡើងបន្ទាប់ពីក្រសួងកសិកម្មទទួលបានតម្រុយមួយចំនួននៃអនុវត្តការងាររបស់ប្រធានមន្ទីរកសិកម្មខេត្តកោះកុងរូបនេះ។ ជាពិសេស គឺពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យទូកនេសាទរបស់វៀតណាម និងថៃ ចូលមកអូសយកទិន្នផលសមុទ្រពីស្រុកខ្មែរទៅលក់នៅស្រុកវិញដោយគ្មានលិខិតអនុញ្ញាត។

នាអំឡុងពេលផ្អាកកាងាររបស់លោក អ៊ី ម៉េងលាង រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា សម្រេចឱ្យលោកស្រី អែម សុធារ៉ា ដែលជាអនុប្រធានមន្ទីរទទួលបន្ទុករួម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រហូតដល់មានការសម្រេចថ្មីរបស់ក្រសួងកសិកម្ម។ ជាមួយគ្នានេះ លោក ព្រំ សុវណ្ណា បច្ចុប្បន្ននាយផ្នែករដ្ឋបាលជលផលបូទុមសាគរ ត្រូវមកបំពេញការងារនៅខណ្ឌរដ្ឋបាលជលផលកោះកុង ជាបណ្តោះអាសន្ន ខណៈលោក ប៉ រ៉ានី នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ត្រូវទទួលបន្ទុករួមការងារផ្នែកជលផលបូទុមសាគរ ជាបណ្តោះអាសន្ន ផងដែរ៕ 
 

Tag:
 កសិកម្ម
  កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com