អន្តរជាតិ
នៅក្នុងកិច្ចប្រជុំអាស៊ាន ចិន ជំរុញឱ្យប្រទេសទាំងអស់ប្រឆាំងសង្រ្គាមត្រជាក់ថ្មី
07, Sep 2023 , 11:07 am        
រូបភាព
«​អគ្គិ​», «​អគ្គី​» និង​«​អគ្និ​» អាច​ប្រើ​ក្នុងន័យ​ថា​«​ភ្លើង​» បាន​ដូចគ្នា​!
«​អគ្គិ​», «​អគ្គី​» និង​«​អគ្និ​» អាច​ប្រើ​ក្នុងន័យ​ថា​«​ភ្លើង​» បាន​ដូចគ្នា​!
នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង នៅថ្ងៃទី៦ ខែកញ្ញា បានលើកឡើងពីការជំទាស់សង្រ្គាមត្រជាក់ ការប្រឈមមុខបែបប្លុក រួមទាំងការជ្រើសយកភាគីណាមួយ ដើម្បីប្រឆាំងភាគីមួយទៀតនៅក្នុងតំបន់។ បើតាមមេដឹកនាំចិនរូបនេះ ប្រទេសទាំងអស់ ត្រូវតែគ្រប់គ្រងការខ្វែងគំនិត និងជម្លោះឱ្យបានត្រឹមត្រូវ។


 
ពីកិច្ចប្រជុំកំពូលអាស៊ានបូកបី ដែលមានអាស៊ាន ចិន កូរ៉េខាងត្បូង និងជប៉ុន នៅថ្ងៃទី៦ ខែកញ្ញា លោក លី ឈាំង នាយករដ្ឋមន្រ្តីចិន បានលើកឡើងថា ប្រទេសទាំងអស់ ចាំបាច់ត្រូវតែគ្រប់គ្រងឱ្យបានត្រឹមត្រូវលើការខ្វែងគំនិត និងជម្លោះ។ 
 
«ក្នុងពេលបច្ចុប្បន្ន វាពិតជាសំខាន់ក្នុងការជំទាស់ការជ្រើសយកភាគី ការប្រឈមមុខបែបប្លុក និងសង្រ្គាមត្រជាក់ថ្មី»។ ប្រមុខរដ្ឋាភិបាលចិន បានសង្កត់ធ្ងន់បែបនេះ នៅចំពោះមុខមេដឹកនាំអាស៊ាន ជប៉ុន និងកូរ៉េខាងត្បូង។ 
 
បន្ថែមពីនេះ មេដឹកនាំចិន បានបង្ហាញពីក្តីបារម្ភជុំវិញការបញ្ចេញទឹកប្រព្រឹត្តកម្មសារធាតុវិទ្យុសកម្មរួចពីរោងចក្រថាមពលនុយក្លេអ៊ែរ នៅFukushima ផង។ 
 
ជាការឆ្លើយតប នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បាននិយាយការពារថា ជប៉ុន បានទទួលការយោគយល់ពីសហគមន៍អន្តរជាតិ ជុំវិញទឹកដែលបានបន្សុទ្ធរួច ហើយនៅតែបន្តពន្យល់ពីតម្លាភាព ពាក់ព័ន្ធការបញ្ចេញទឹកនោះទៅសហគមន៍អន្តរជាតិ។ មុនកិច្ចប្រជុំអាស៊ានបូកបី លោកគីស៊ីដា បានសន្ទនារយៈពេលខ្លីជាមួយសមភាគីចិនផង ដោយទទូចឱ្យក្រុងប៉េកាំងលើកចោលការហាមឃាត់ការនាំចូលគ្រឿងសមុទ្រ។
 
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ ត្រូវបានអ្នកជំនាញមើលឃើញ ជាវេទិកានៃការប៉ះពាក្យសម្តីគ្នារវាងអាម៉េរិក និងចិន ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង កោះតៃវ៉ាន់ និងបញ្ហាផ្សេងៗ។ មុនកិច្ចប្រជុំនេះ ចិន បានបញ្ចេញផែនទីថ្មីរបស់ខ្លួន ដោយបានទាមទារដែនទឹក ក្នុងសមុទ្រចិនខាងត្បូងប្រមាណ ៩០ភាគរយ។ បញ្ហានេះ បានបង្កឱ្យបណ្តាប្រទេសអាស៊ានមួយចំនួន ជំទាស់យ៉ាងខ្លាំង។ 
 
ក្នុងកិច្ចប្រជុំអាស៊ាន-អាម៉េរិក អនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉េឡា ហារីស បានបញ្ជាក់ថា អាម៉េរិក បន្តប្តេជ្ញារក្សាទំនាក់ទំនងជាមួយអាស៊ាន និងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ មិនតែប៉ុណ្ណោះ លោកស្រីហារីស ក៏បានប្តេជ្ញាបន្តដាក់សម្ពាធលើរបបយោធាមីយ៉ាន់ម៉ាផង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។​
 
កន្លងមក អាម៉េរិក តែងប្រកាសជាញយៗថា គាំទ្រសេរីភាពនៃនាវាចរណ៍ រួមទាំងការហោះហើយនៅក្នុងដែនទឹកអន្តរជាតិ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក៏បានប្រកាសគាំទ្របណ្តាប្រទេសអាស៊ាន ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង។
 
ទាក់ទិននឹងបញ្ហាសមុទ្រចិនខាងត្បូង លោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីន នៅក្នុងកិច្ចប្រជុំអាស៊ាន-ចិនលើកទី២៦ ក្នុងថ្ងៃទី៦ ខែកញ្ញា ក៏និយាយថា ក្រុងម៉ានីល មិនបានស្វះស្វែងរកជម្លោះណាមួយឡើយ ប៉ុន្តែខ្លួនហ៊ានប្រឈមមុខនឹងបញ្ហា ពាក់ព័ន្ធនឹងអធិបតេយ្យ សិទ្ធិអធិបតេយ្យ និងយុត្តាធិការលើដែនសមុទ្ររបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង។ បន្ថែមពីនេះ មេដឹកនាំហ្វីលីពីន បានប្តេជ្ញា ធ្វើការជាមួយប្រទេសទាំងអស់ដើម្បីពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិ និងអនុវត្តសេរីភាពនៃនាវាចរណ៍៕
 

Tag:
 ចិន
  អាស៊ាន
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com