ជាតិ
មន្រ្តីមានតួនាទី និងឋានៈ មិនត្រូវអង្គុយនៅហាងកាហ្វេក្នុងម៉ោងរដ្ឋបាល
07, Sep 2023 , 11:25 am        
រូបភាព
 លិខិតមិត្តអ្នកអាន ៖ លោក សៀម រាប​ ជាប្រជាពលរដ្ឋ​ 
 
រាជរដ្ឋាភិបាលអាណត្តិថ្មី ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២២ខែសីហា ឆ្នាំ២០២៣កន្លងមក។ លិខិតស្វាគមន៍ និងអបអរពីសំណាក់ថ្នាក់ជាតិ និងអន្តរជាតិ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ប៉ុន្តែសំឡេងរិះគន់ក៏បានបង្ហាញវត្តមានមិនតិចដែរ។

 
ចាប់តាំងពីការបង្កើតរដ្ឋាភិបាលថ្មីអាណត្តិទី៧ ដែលដឹកនាំដោយយុវជនបន្តវេន ឬគេហៅម្យ៉ាងទៀតថា ជាយុវជនឈាមថ្មីនោះ មានការជជែកគ្នាច្រើននៅតាមតុកាហេ្វ និងទីប្រជុំជនជុំវិញរឿងការតែងតាំងសមាសភាពរាជរដ្ឋាភិបាលច្រើនជ្រុលពេក ទីប្រឹក្សាច្រើនពេក ជំនួយការច្រើនពេក។ មហាជនក្នុងចំនួនណាមួយនោះ លើកហេតុផលថា ចំនួនដ៏ច្រើនលើសលប់ពេកនោះ គឺជាការខ្ជះខ្ជាយថវិកាជាតិ។ តែអ្នកការពារខាងរាជរដ្ឋាភិបាលវិញ ច្រើនតែបកស្រាយថា នេះ គឺជាតម្រូវការចាំបាច់ ឬក៏ជាគោលនយោបាយបង្កើតសុខដុមរមនីយកម្ម។ 
 
សម្រាប់ខ្ញុំ ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ខ្ញុំមិនទោមនស្សទៅនឹងបញ្ហាលើកឡើងទាំងពីរខាងលើឡើយ។ ប៉ុន្តែ អ្វីដែលខ្ញុំចង់បាន គឺថា មន្រ្តីរាជការទាំងអស់ ឬមន្រ្តីរាជរដ្ឋាភិបាលទាំងអស់ត្រូវតែស្មោះត្រង់ និងត្រូវតែធ្វើការជូនជាតិ និងជូនរាស្រ្តជាចាំបាច់។ និយាយបែបផ្សេង ខ្ញុំចង់និយាយថា មន្រ្តីរាជការ ឬមន្រ្តីរាជរដ្ឋាភិបាល ត្រូវតែទៅធ្វើការជូនស្ថាប័នរបស់ខ្លួនឲ្យបានទៀងទាត់។ ទៅធ្វើការ! ពោល គឺមិនមែនទៅជជែកគ្នាលេងទេ។ ខ្ញុំមិនចង់ឃើញមន្រ្តីនៅបន្តផឹកកាហ្វេជជែកគ្នាលេង ឬជជែកគ្នារឿងរកស៊ីនៅតាមហាងកាហ្វេ ក្នុងខណៈពេលដែលមន្រ្តីដទៃទៀតចាប់ផ្តើមធ្វើការរួចទៅហើយនោះ។ (ខ្ញុំមិននិយាយចំពោះមន្រ្តីស្អាតស្អំ និងមានមនសិការនោះទេ)។ 
 
ចំណុចមួយទៀត ដែលខ្ញុំចង់លើកឡើង និងស្នើទៅរាជរដ្ឋាភិបាលអាណត្តិថ្មីនោះ គឺមិនគួរបណ្តែតបណ្តោយឲ្យមន្រ្តីរាជការមួយចំនួនណាមួយនោះ លួចពេលវេលាការងាររបស់រដ្ឋ ទៅធ្វើជំនួញផ្ទាល់ខ្លួនឡើយ។ 

ខ្ញុំសូមបញ្ជាក់ថា ភាពហ្មត់ចត់របស់មន្រ្តី, វត្តមានរបស់មន្រ្តីនៅកន្លែងធ្វើការរបស់រដ្ឋ គឺជាអ្វីដែលមហាជនតាមសម្លឹង និងសង្កេតមើល៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com