កីឡាជាតិ
ជាតិ
AFC U23៖ កម្ពុជា ស្មើ លីបង់ ២-២ ក្នុងជំនួបបើកឆាកពូល J
07, Sep 2023 , 11:40 am        
រូបភាព
កីឡាករ​ សារ ទី ខ្សែប្រយុទ្ធកម្ពុជា ប្រជែងយកបាល់ពីកីឡាករ លីបង់ រូបពី FFC
កីឡាករ​ សារ ទី ខ្សែប្រយុទ្ធកម្ពុជា ប្រជែងយកបាល់ពីកីឡាករ លីបង់ រូបពី FFC
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា​ អាយុក្រោម២៣ឆ្នាំ ស្មើជាមួយ លីបង់ ក្នុងលទ្ធផល ២-២ ក្នុងការប្រកួតបើកឆាកពូល J នៃពានរង្វាន់ AFC U23 Asian Cup Qatar 2024 នៅកីឡដ្ឋាន Prince Sultan Bin Adulaziz Sports City នៅយប់ថ្ងៃទី៦ ខែកញ្ញា។ ម្ចាស់ផ្ទះ អារ៉ាប៊ី សាអូឌីត ឈ្នះ ម៉ុងហ្គោលី លទ្ធផល ៣-១។



រាប់បញ្ចូលទាំងការប្រកួតជាមួយ កម្ពុជា ក្នុងព្រឹត្តិការណ៍ AFC U23 Asian Cup Qatar 2024 Qualifiers ក្រុមជម្រើសជាតិបាល់ទាត់អាយុក្រោម ២៣ឆ្នាំរបស់លីបង់ មិនទាន់រកបានជ័យជម្នះនៅឡើយទេ ក្នុង ១០ប្រកួត នាឆ្នាំ២០២៣នេះ។ ចំពោះការប្រកួតជាមួយកម្ពុជា លីបង់ ដូចជាមានប្រៀបច្រើនជាង តាមរយៈការគ្រប់គ្រងបាល់ ការដាក់សម្ពាធ និងឱកាសស៊ុតជាច្រើនជាង ជាពិសេស កាយសម្បទា ដែលមានមាឌធំជាង ជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ។
 
កម្ពុជា ត្រូវបាន លីបង់ នាំមុខ ១-០ នៅនាទី៧ ដោយកីឡាករ Mohammad Nasser ខ្សែបម្រើលីបង់ បានបណ្ដើរ មកជិតតំបន់គ្រោះថ្នាក់ រួចក៏ស៊ុតបញ្ចូលទីពីចម្ងាយ។ លុះចូលដល់នាទី៤៥+២ កម្ពុជា តាមស្មើ ១-១ តាមរយៈការបញ្ជូនបាល់ពីពាក់កណ្ដាលរបស់ កីឡាករ ស រតនា មកឲ្យ សារ ទី ហើយត្រូវ សារ ទី ទាត់បុកជើងខ្សែការពារលីបង់ កីឡាករ Ibrahim Chami ហើយក៏ឡង ចូលទីរបស់លីបង់។ 
 
ចូលដល់តង់ទី២ កីឡាករ ស រតនា របស់កម្ពុជា រកបានគ្រាប់បាល់នាំមុខលីបង់ លទ្ធផល ២-១ នៅនាទី៦៦ បន្ទាប់ពីមិត្តរួមក្រុមបញ្ជូន បាល់ពីស្លាបខាងឆ្វេង មកតំបន់ប្រយុទ្ធកណ្ដាល។ នៅនាទី៧៤ កីឡាករ Karim Mekkaouri បានស៊ុត បញ្ចូលទី បន្ទាប់ពី អូសផុតខ្សែការពារ និងអ្នកចាំទីកម្ពុជា។ លទ្ធផល បញ្ចប់ការប្រកួត កម្ពុជា ស្មើជាមួយ លីបង់ ២-២។
នៅក្នុងពូលដដែរនេះ អារ៉ាប៊ី សាអូឌីត បានយកឈ្នះ លើក្រុមម៉ុងហ្គោលី ក្នុងលទ្ធផល ៣-១។
 
ការប្រកួតក្នុងពូលនានា៖ 
ពូល A 
ស៊ីរី ០-២ អូម៉ង់
ហ្សកដានី ៩-០ ព្រុយណេ
 
ពូល B
មីយ៉ាន់ម៉ា ១-១ សាធារណរដ្ឋកៀហ្ស៊ីស៊ី
សាធារណៈរដ្ឋកូរ៉េ ០-២ កាតា
 
ពូល C
សិង្ហបុរី ០-៣ យេម៉ែន
វៀតណាម ៦-០ កោះហ្គាំ
 
ពូល D
បារ៉ែន ០-១ ប៉ាឡេស្ទីន
ជប៉ុន ៦-០ ប៉ាគីស្ថាន
 
ពូល E
អ៊ីរ៉ង ៣-០ ហុងកុង
អ៊ូសបេគីស្ថាន ៨-១ អាហ្វហ្គានីស្ថាន
 
ពូល F
អ៊ីរ៉ាក់ ១៣-០ ម៉ាកាវ
គុយវ៉ែត ៤-០ ទីម័រខាងកើត
 
ពូល G
អារ៉ាប់រួម ០-០ ចិន
 
ពូល H 
ម៉ាឡេស៊ី ២-០ បង់ក្លាដែស
ថៃ ៥-០ ហ្វីលីពីន
 
ពូល I
ឡាវ ១-៧ អូស្ដ្រាលី
 
ពូល J
កម្ពុជា ២-២ លីបង់
អារ៉ាបី សាអូឌីត ៣-១ ម៉ងហ្គោលី
 
ពូល K
ឆាយនីសតាយប៉ិក ០-៤ តូមិននីស្ថាន
 
ការប្រកួតបន្ទាប់របស់ក្រុម​កម្ពុជា អាយុក្រោម ២៣ឆ្នាំ ត្រូវប៉ះជាមួយ ម៉ុងហ្គោលី នៅថ្ងៃទី៩ ខែកញ្ញា ហើយត្រូវប្រកួតជាមួយ អារ៉ាប៊ី សាអូឌីត នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាប្រកួតចុងក្រោយពូល J៕
 
 

Tag:
 បាល់ទាត់
  AFC U23 Asian Cup Qatar
© រក្សាសិទ្ធិដោយ thmeythmey.com