អន្តរជាតិ
របាយការណ៍៖ ចិន​ហាម​មន្ត្រី​រដ្ឋាភិបាល​មិន​ឱ្យ​ប្រើទូរស័ព្ទ iPhone នៅកន្លែងធ្វើ​ការងារ
07, Sep 2023 , 2:06 pm        
រូបភាព
កាសែត Wall Street Journal (WSJ) បានរាយការណ៍នាថ្ងៃទី៦ ខែកញ្ញាថា ចិនបានបញ្ជាឱ្យ មន្ត្រី​នៅតាមទីភ្នាក់ងាររដ្ឋាភិបាលមិនឱ្យប្រើប្រាស់ទូរស័ព្ទដៃ iPhone របស់ក្រុមហ៊ុន Apple និង​ទូរស័ព្ទ​ដៃ​ម៉ាកបរទេសផ្សេងៗទៀតសម្រាប់ការធ្វើការងារ ឬយកចូលទៅក្នុងការិយាល័យនោះឡើយ។ ​បញ្ជា​នេះ ត្រូវបានដាក់ចេញនៅពេលថ្មីៗនេះប៉ុណ្ណោះ។

 
បើតាម WSJ ការហាមប្រាមនេះ ធ្វើឡើងក្នុងក្រុមតាមបណ្ដាញសង្គម ឬក្នុងកិច្ចប្រជុំ។ការហាមប្រាមនេះក៏ធ្វើឡើងមុនព្រឹត្តិការណ៍ក្រុមហ៊ុន Apple នៅសប្តាហ៍ក្រោយដែលនឹងចេញលក់ទូរស័ព្ទ iPhone ស៊េរីថ្មី។ របាយការណ៍ WSJ មិនបានបញ្ចេញឈ្មោះក្រុមហ៊ុនផលិតទូរស័ព្ទផ្សេងទៀតក្រៅពី Apple ដែលនឹងត្រូវបានហាមឃាត់នោះទេ។
 
នេះមិនមែនជាលើកដំបូងឡើងដែលចិនហាមផលិតផលបរទេសចូលទីតាំងរដ្ឋាភិបាល។ ក្នុងឆ្នាំ២០២២ ក្រសួងចិនខ្លះក៏ហាមមន្រ្តីយកឡាន Tesla ចូលទៀតផង។
 
តាមពិតទៅ ចិនកំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស ហើយពង្រឹងផលិតផលក្នុងស្រុកវិញ ស្របពេលដែលទំនាក់ទំនងជាមួយអាម៉េរិកមិនសូវល្អ។ 
 
ភាពតានតឹងរវាងចិន និងអាម៉េរិកបានកើនឡើងខ្ពស់នៅពេលដែលទីក្រុងវ៉ាស៊ីនតោនធ្វើការ​ជាមួយ​សម្ព័ន្ធមិត្តដើម្បីរារាំងចិនប្រើប្រាស់ឧបករណ៍សំខាន់ៗដូចជាបន្ទះឈីបជាដើម ខណៈ​ទីក្រុង​ប៉េកាំង​ដាក់កម្រិតលើក្រុមហ៊ុនល្បីៗរបស់អាម៉េរិករួមទាំងក្រុមហ៊ុនផលិតយន្តហោះ Boeing និង​ក្រុមហ៊ុន​បន្ទះឈីប Micron Technology។
 
ចិន ជាទីផ្សារដ៏ធំបំផុតមួយរបស់ក្រុមហ៊ុន Apple និងមានចំណែកជិតមួយភាគប្រាំនៃប្រាក់​ចំណូល​ក្រុមហ៊ុនសរុប៕
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com