ជាតិ
សេដ្ឋកិច្ច
អ្នកនាំពាក្យក្រសួងកសិកម្ម៖ ស្រូវធ្លាក់ថ្លៃបន្តិច ប៉ុន្តែកសិករនៅតែចំណេញ
07, Sep 2023 , 5:01 pm        
រូបភាព
រូបភាព៖ ឃឹម ហ្វីណង់ - Khim Finan
រូបភាព៖ ឃឹម ហ្វីណង់ - Khim Finan
ភ្នំពេញ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ មានកសិករមួយចំនួនបានបង្ហោះសារត្អូញត្អែរពីតម្លៃស្រូវ ដែលបានធ្លាក់ចុះវិញ។ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ស្រូវពិតជាបានធ្លាក់ថ្លៃបន្តិចមែន ប៉ុន្តែ កសិករនៅតែអាចទទួលបានប្រាក់ចំណេញដដែល។



តាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កញ្ញា អ៊ឹម រចនា នៅថ្ងៃទី៧ ខែកញ្ញា បានបញ្ជាក់ថា នៅសប្ដាហ៍នេះ តម្លៃស្រូវធ្លាក់ចុះមកត្រឹម ១ ១០០រៀលទៅ ១ ២០០រៀលក្នុងគីឡូក្រាម ធៀបនឹងប៉ុន្មានសប្ដាហ៍មុនស្រូវអាចលក់បានជាង១ ៣០០រៀលក្នុងមួយគីឡូក្រាម។ ទោះជាយ៉ាងណា ក្នុងតម្លៃនេះ កសិករនៅតែអាចទទួលបានប្រាក់ចំណេញដដែល ដ្បិតមិនបានច្រើនដូចប៉ុន្មានសប្ដាហ៍មុន។ 
 
ជាមួយគ្នានេះ ក្រសួងកសិកម្ម កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន និងសហព័ន្ធស្រូវអង្ករ ដើម្បីឈានទៅបើកទីផ្សារថ្មីៗបន្ថែមទៀត ដែលនឹងជួយធានាតម្លៃស្រូវអង្ករនៅកម្ពុជាឱ្យស្ថិតនៅក្នុងកម្រិតមួយ ដែលកសិករ និងអ្នកវិនិយោគអាចទទួលបានផលចំណេញសមរម្យ។ លើសពីនេះ ក្រសួងក៏កំពុងទាក់ទាញវិនិយោគិនឱ្យវិនិយោគលើផ្នែកធាតុចូលកសិកម្ម ដូចជា ការផលិតពូជស្រូវសុទ្ធ ជី ថ្នាំកម្ចាត់សត្វល្អិតជាដើម ដើម្បីឈានទៅកាត់បន្ថយការចំណាយ និងបង្កើនផលចំណេញ៕ 
 

Tag:
 កសិកម្ម
  ក្រសួងកសិកម្ម
  អ៊ឹម រចនា
© រក្សាសិទ្ធិដោយ thmeythmey.com