ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកគ្រប់គ្រងក្រុមហ៊ុនឯកជន អាចក្លាយជាទីប្រឹក្សា និងជំនួយការ ប៉ុន្តែគ្មានឋានៈស្មើ និងប្រាក់បំណាច់ឡើយ
07, Sep 2023 , 5:03 pm        
រូបភាព
ទទួលបានងារជា «ឯកឧត្តម» ឬ «លោកជំទាវ» បើជាការតែងតាំងដោយព្រះរាជក្រឹត្យ ប៉ុន្តែគ្មានឡើយលក្ខខណ្ឌឋានៈស្មើ ឬប្រាក់បំណាច់បន្ថែម សម្រាប់បុគ្គលជាសមាជិកក្នុងក្រុមប្រឹក្សាភិបាល ឬគ្រប់គ្រងក្រុមហ៊ុនឯកជន ដែលទទួលបានការតែងតាំងជាទីប្រឹក្សា ឬជំនួយការនៅក្នុងអង្គការនីតិប្រតិបត្តិ។ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៦ ខែកញ្ញា ស្តីពីគោលការណ៍សម្រាប់ការតែងតាំងទីប្រឹក្សា និងជំនួយការនៅក្នុងអង្គការនីតិប្រតិបត្តិ។



អត្ថបទទាក់ទង

ព្រះរាជក្រឹត្យ ក៏បានកំណត់ផងដែរថា បុគ្គលដែលទទួលបានគោរមងារឧកញ៉ា, មេធាវី ឬអ្នកវិជ្ជាជីវៈសេរីផ្សេងទៀតដែលកំពុងប្រកបវិជ្ជាជីវៈរបស់ខ្លួន ក៏ស្ថិតក្នុងលក្ខខណ្ឌមិនមានការផ្តល់ឋានៈស្មើ និងប្រាក់បំណាច់កម្រិតណាមួយឡើយ។ លក្ខខណ្ឌនេះ ក៏អនុវត្តផងដែរចំពោះ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ដោយពួកគេអាចទទួលបានការតែងតាំងជាទីប្រឹក្សា ឬជំនួយការក្នុងអង្គការនីតិប្រតិបត្តិ បន្ថែមលើការងារបច្ចុប្បន្ន។

ព្រះរាជក្រឹត្យ៦ទំព័រ ដែលចុះហត្ថលេខាដោយសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានលេចជារូបរាងឡើង បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសវះកាត់លើការតែងតាំងតួនាទីជាប្រឹក្សា ឬជំនួយការ ដែលផ្ដល់ឱ្យមានឋានៈស្មើ រដ្ឋមន្ត្រី ឬរដ្ឋលេខាធិការជាដើម។ នាជំនួបសំណេះសំណាលជាមួយកម្មករនៅក្រុងតាខ្មៅ ខេត្តកណ្តាល ប្រមុខរដ្ឋាភិបាលថ្មីរបស់កម្ពុជា បានលើកឡើងពីស្ថានភាពពិបាករបស់ថ្នាក់ដឹកនាំមួយចំនួន នៅពេលដែលមន្ត្រីក្រោមឱវាទខ្លួន ប៉ុន្តែមានឋានៈស្មើ ដែលខ្ពស់ជាងខ្លួន ដោយសម្តេចបានលើកពីករណីអភិបាលរងខណ្ឌឋានៈស្មើរដ្ឋមន្ត្រី ឬអនុប្រធានការិយាល័យ ឋានៈស្មើអនុរដ្ឋលេខាធិការជាដើម។

តាមមាត្រា៣ រដ្ឋាភិបាលព្រមទាំងទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង និងរដ្ឋលេខាធិការរដ្ឋាននានាចំណុះរដ្ឋាភិបាល អាចមានទីប្រឹក្សា និងជំនួយការតាមការចាំបាច់ រីឯនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រី អាចមានទីប្រឹក្សា និងជំនួយការតាមការកំណត់របស់នាយករដ្ឋមន្ត្រី។



អ្នកដែលអាចទទួលបាននូវការផ្តល់ឋានៈស្មើបន្ថែមលើការងារបច្ចុប្បន្ន និងប្រាក់បំណាច់ក្នុងកម្រិតណាមួយនោះ គឺមេធាវី ឬអ្នកវិជ្ជាជីវៈសេរីផ្សេងទៀត ដែលមិនប្រកបវិជ្ជាជីវៈ រួមទាំងមន្ត្រីក្នុងមុខតំណែងនយោបាយ ឬបុគ្គលផ្សេងទៀតដែលមិនស្ថិតក្នុងក្របខណ្ឌជាមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន។ ប៉ុន្តែមន្ត្រីទាំងនោះ មិនអាចទទួលបានការតែងតាំងជាទីប្រឹក្សា ឬជំនួយការក្រៅពីស្ថាប័នដែលខ្លួនកំពុងបំពេញការងារឡើយ លើកលែងតែករណីលាលែងពីក្របខណ្ឌ ឬត្រូវបានដាក់ឱ្យស្ថិតនៅក្រៅក្របខណ្ឌ។

ការតែងតាំង ផ្លាស់ប្តូរ និងបញ្ចប់មុខតំណែងជាទីប្រឹក្សា និងជំនួយការដែលមានឋានៈស្មើអគ្គនាយកឡើងទៅ ត្រូវធ្វើឡើងតាមព្រះរាជក្រឹត្យ, តាមអនុក្រឹត្យសម្រាប់ឋានៈស្មើប្រធាននាយកដ្ឋានឡើងទៅ  និងតាមប្រកាស សម្រាប់ឋានៈស្មើអនុប្រធាននាយកដ្ឋានចុះក្រោម។

តាមមាត្រា១០ មានតែទីប្រឹក្សា និងជំនួយការដែលមានឋានៈស្មើប៉ុណ្ណោះ ទើបអាចទទួលបានប្រាក់បំណាច់មុខងារ តែមិនអាចទទួលបានលើសពីមួយបានឡើយ។ ក្នុងរយៈពេល៦ខែ គិតចាប់ពីថ្ងៃចូលជាធរមាននៃព្រះរាជក្រឹត្យ អ្នកដែលទទួលបានការតែងតាំងឋានៈស្មើមុនព្រះរាជក្រឹត្យ ត្រូវដាក់ពាក្យសុំស្ថិតនៅក្រៅក្របខណ្ឌដើម៕



© រក្សាសិទ្ធិដោយ thmeythmey.com