អន្តរជាតិ
នាយករដ្ឋមន្រ្តីចិន ប្រាប់សម្ដេច ហ៊ុន ម៉ាណែត៖ ទំនាក់ទំនងចិន-កម្ពុជា បន្តរឹងមាំ និងមិនអាចបំបែកបាន
07, Sep 2023 , 9:29 pm        
រូបភាព
ជំនួបរវាងលោកលី ឈាំង នាយករដ្ឋមន្រ្តីចិន (ស្តាំ) ជាមួយសមភាគី​កម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅក្រុងហ្សាការតា ក្នុងថ្ងៃទី៦ ខែកញ្ញា។ រូបភាព Facebook_Samdech Thipadei Hun Manet
ជំនួបរវាងលោកលី ឈាំង នាយករដ្ឋមន្រ្តីចិន (ស្តាំ) ជាមួយសមភាគី​កម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅក្រុងហ្សាការតា ក្នុងថ្ងៃទី៦ ខែកញ្ញា។ រូបភាព Facebook_Samdech Thipadei Hun Manet
នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង នៅថ្ងៃទី៦ ខសីហា បានអះអាងថា ទំនាក់ទំនងចិន-កម្ពុជា នៅតែបន្តទ្រាំទ្របាននឹងការផ្លាស់ប្តូរ ក្នុងបរិបទអន្តរជាតិ ហើយបន្តរឹងមាំ និងមិនអាចបំបែកបាន។ បើតាមមេដឹកនាំចិនរូបនេះ ទំនាក់ទំនងប្រទេសទាំងពីរ ជាឧទាហរណ៍ថ្មីនៃទំនាក់ទំនងអន្តរជាតិ។

 
នៅក្រៅកិច្ចប្រជុំអាស៊ាន លោក លី ឈាំងនាយករដ្ឋមន្រ្តីចិន បានជួបជាមួយសមភាគីកម្ពុជា​ សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី៦ ខែកញ្ញា ដើម្បីជជែកពីកិច្ចសហប្រតិបត្តិការទ្វេភាគី ការអភិវឌ្ឍ ក៏ដូចជាការកសាងសហគមន៍រួមគ្នា។ 
 
ក្នុងជំនួបនៅក្នុងក្រុងហ្សាការតានេះ លោកលី បានប្រាប់សម្តេចថា ទំនាក់ទំនងចិន-កម្ពុជា បន្តរឹងមាំ និងមិនអាចបំបែកបាន ហើយនៅតែអាចទ្រាំទ្របាន នៅក្នុងបរិបទមានការផ្លាស់ប្តូរនៅអន្តរជាតិ។ ទន្ទឹមនេះ នាយករដ្ឋមន្រ្តីចិន បានអះអាងថា ចិនជាដៃគូដ៏ទុកចិត្តបានមួយរបស់កម្ពុជា ហើយនឹងបន្តគាំទ្រកម្ពុជា ក្នុងការស្វែងរកមាគ៌ាអភិវឌ្ឍដោយស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua។ 
 
លោកលី ក៏បានអំពាវនាវឱ្យមានការពង្រឹងការផ្តោះប្តូរប្រកបដោយមិត្តភាព ធ្វើឱ្យស៊ីសង្វាក់លើយុទ្ធសាស្រ្តអភិវឌ្ឍ ក៏ដូចជាលើកតម្កើងការអភិវឌ្ឍរួមផង។ 
 
ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានអះអាងថា ចាប់តាំងពីបង្កើតទំនាក់ទំនងក្នុងរយៈពេល ៦៥ឆ្នាំមកនេះ ទំនាក់ទំនងចិន-កម្ពុជា បានផ្តល់ផលប្រយោជន៍ជាច្រើន ហើយសម្តេចក៏បានចាត់ទុកចិនជា មិត្តល្អ និងដៃគូដៃទុកចិត្តផង។ មិនតែប៉ុណ្ណោះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានអះអាងថា រដ្ឋាភិបាលថ្មីនឹងបន្តគោរពគោលការណ៍ និងក្របខណ្ឌនៃទំនាក់ទំនងទ្វេភាគីផង។ 
 
នៅក្នុងថ្ងៃដដែលនោះ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ផងដែរថា លោកនឹងបំពេញទស្សនកិច្ចនៅចិនដើម្បីចូលរួមពិព័រណ៍​ចិន-អាស៊ាន លើកទី២០ នៅក្រុង Nanning និងធ្វើដំណើរទៅក្រុងប៉េកាំងដើម្បីចូលរួមកិច្ចប្រជុំគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់។ 
 
ពិព័រណ៍​ចិន-អាស៊ាន លើកទី២០ នៅក្រុង Nanning នឹងចាប់ផ្តើមឡើងនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញា ខណៈកិច្ចប្រជុំគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ នឹងត្រូវរៀបចំឡើងនៅក្នុងខែតុលា៕ 
 

Tag:
 ចិន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com