ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនមួយបោះទុនជិត១០០លានដុល្លារ អភិវឌ្ឍថាមពលអគ្គិសនីពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ 
ទិដ្ឋភាពគម្រោងរបស់ក្រុមហ៊ុនក្រុមហ៊ុន CTL II។ រូបពីCDC
×![]()
ក្រុមហ៊ុន Cambodian Transmission II Co., Ltd (CTL II) បោះទុន៩២,២លានដុល្លារ ដើម្បីវិនិយោគលើគម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី ពីខេត្តកំពង់ចាម ទៅ ខេត្តក្រចេះ។ គម្រោងនេះត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីដល់ក្រុមហ៊ុន នាថ្ងៃទី៧កញ្ញា ឆ្នាំ២០២៣។
CDC បានបញ្ជាក់ថា ក្រុមហ៊ុន CTL II នឹងអភិវឌ្ឍថាមពលអគ្គិសនីលើកម្រិតតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល។ ការសម្រេចអភិវឌ្ឍថាមពលអគ្គិសនីរបស់ក្រុមហ៊ុននេះ បានធ្វើឡើងបន្ទាប់ពីប្រតិបត្តិការសាកល្បងទទួលបានជោគជ័យកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។
CTL II ជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងដោយLeader Energy។ ក្រុមហ៊ុននេះ បានចុះកិច្ចព្រមព្រៀងផ្ទេរអាជីវកម្មជាមួយ Diamond Power Ltd. (DPL) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Pestech ដើម្បីទទួលបានប្រព័ន្ធបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីកំពង់ចាម-ក្រចេះ។
បើតាមការចុះផ្សាយរបស់ Solar Quarter.com ការអភិវឌ្ឍប្រព័ន្ធបញ្ជូនអគ្គិសនីនេះ មានគោលដៅផ្តល់ថាមពលដល់ខេត្តកំពង់ចាម និងក្រចេះ រួមទាំងជួយសម្រួលដល់ការបញ្ជូនអគ្គិសនី ពីវារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង ទៅកាន់ខេត្តក្រចេះ ដែលបានទទួលពីក្រុមហ៊ុន DPL (Pestech)៕
Tag:
ថាមពលអគ្គិសនី
កំពង់ចាម
ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com