អន្តរជាតិ
កូរ៉េខាងត្បូង និងកម្ពុជា ប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
08, Sep 2023 , 11:29 am        
រូបភាព
លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង (ឆ្វេង) ជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្រុងហ្សាការតា ឥណ្ឌូណេស៊ី ក្នុងថ្ងៃទី៧ ខែកញ្ញា។ រូបភាព Facebook_Samdech Thipadei Hun Manet
លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង (ឆ្វេង) ជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្រុងហ្សាការតា ឥណ្ឌូណេស៊ី ក្នុងថ្ងៃទី៧ ខែកញ្ញា។ រូបភាព Facebook_Samdech Thipadei Hun Manet
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៧ ខែកញ្ញា បានឯកភាពពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី តាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ នេះបើតាមការបញ្ជាក់របស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង។

 
នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ក្នុងក្រុងហ្សាការតា ឥណ្ឌូណេស៊ី នៅថ្ងៃទី៧ ខែកញ្ញា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជួបគ្នាដោយផ្ទាល់ ដើម្បីជជែកពីបញ្ហាក្នុងតំបន់ កិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មទ្វេភាគី។ ទន្ទឹមនេះ មេដឹកនាំកូរ៉េខាងត្បូង បានអបអរសម្តេច ហ៊ុន ម៉ាណែត ជាថ្មី ក្រោយកាន់តំណែងជាប្រមុខរដ្ឋាភិបាលថ្មី។ 
 
ក្នុងជំនួបនេះ មេដឹកនាំប្រទេសទាំងពីរ បានឯកភាពប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលចូលជាធរមាននៅក្នុងខែធ្នូកន្លងទៅ និងកិច្ចព្រមព្រៀងពន្ធគយ ចុះហត្ថលេខានៅក្នុងខែមេសា ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។ នៅក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង បានកើនដល់ ១,០៥ពាន់លានដុល្លារ ដែលជាទំហំដ៏ខ្ពស់បំផុត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
បន្ថែមពីនេះ លោកយូន បានបង្ហាញពីក្តីបារម្ភចំពោះការបាញ់ផ្កាយរណបរបស់កូរ៉េខាងជើង ដែលបំពាននឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងស្នើឱ្យសម្តេចគាំទ្រចំណាត់ការខ្លាំងក្លា ដើម្បីដាក់សម្ពាធលើកូរ៉េខាងជើងផង។ 
 
តាមរយៈសំណេរលើបណ្តាសង្គម Facebook ដែលមានគណនី Samdech Thipadei Hun Manet, Prime Minister of Cambodia សម្តេច ហ៊ុន ម៉ាណែត អរគុណដល់ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្រុងសេអ៊ូល ចំពោះពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការងារនៅកូរ៉េខាងត្បូង។ 
 
ស្របគ្នានេះ ប្រធានាធិបតីកូរ៉េខាងត្បូង បានសន្យានឹងពិចារណាបង្កើនកូតាសម្រាប់ពលករកម្ពុជា និងបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េខាងត្បូង មកវិនិយោគនៅកម្ពុជា ជាពិសេស ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល៕ 
 

Tag:
 កូរ៉េខាងត្បូង
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com