អន្តរជាតិ
មេដឹកនាំហ្វីលីពីនប្រាប់សម្តេចហ៊ុន ម៉ាណែត ពីលទ្ធភាពនាំចូលអង្ករពីកម្ពុជា
08, Sep 2023 , 7:39 pm        
រូបភាព
លោក ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. (ឆ្វេង) ចាប់ដៃជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៧ ខែកញ្ញា ក្នុងក្រុងហ្សាការតា ឥណ្ឌូណេស៊ី។ រូបភាព Facebook_Samdech Thipadei Hun Manet
លោក ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. (ឆ្វេង) ចាប់ដៃជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៧ ខែកញ្ញា ក្នុងក្រុងហ្សាការតា ឥណ្ឌូណេស៊ី។ រូបភាព Facebook_Samdech Thipadei Hun Manet
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. នៅថ្ងៃទី៧ ខែកញ្ញា បានលើកឡើងពីលទ្ធភាពនាំចូលអង្ករពីកម្ពុជា នៅក្នុងជំនួបជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

 
នៅក្នុងក្រុងហ្សាការតា ឥណ្ឌូណេស៊ី ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានជួបសន្ទនាជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជុំវិញកិច្ចសហប្រតិបត្តិការ កសិកម្ម ក៏ដូចជាពាណិជ្ជកម្ម និងជើងហោះហើរជាដើម នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ។ 
 
តាមការចុះផ្សាយរបស់ការិយាល័យទំនាក់ទំនងប្រធានាធិបតីហ្វីលីពីន ប្រធានាធិបតី លោក Marcos បានលើកឡើងពីលទ្ធភាពក្នុងការនាំចូលអង្ករពីកម្ពុជា រួមទាំងពង្រីកជើងហោះហើររវាងប្រទេសទាំងពីរ។ បើតាមមេដឹកនាំហ្វីលីពីន វាមានវិស័យជាច្រើន ដែលប្រទេសទាំងពីរ អាចសហប្រតិបត្តិការជាមួយគ្នា។ 
 
ហ្វីលីពីន មានបំណងក្នុងការស្នើឱ្យរដ្ឋាភិបាលកម្ពុជា ក្នុងការបន្ធូរបន្ថយលក្ខខណ្ឌជាមួយអ្នកនាំចូលអង្កររបស់ហ្វីលីពីន ដើម្បីធានាពីការផ្គត់ផ្គង់ស្បៀងនៅក្នុងប្រទេស។ នៅក្នុងខែឧសភា ការលក់អង្ករពីកម្ពុជា ទៅហ្វីលីពីន តាមរយៈក្រុមហ៊ុន  Khmer Foods ទៅអ្នកនាំចូលអង្ករហ្វីលីពីន មានទំហំ ២៥០០តោន។ នេះជាលើកទីមួយ ដែលហ្វីលីពីន នាំចូលអង្ករដ៏ច្រើនពីកម្ពុជា បន្ទាប់ពីហ្វីលីពីនអនុញ្ញាតឱ្យវិស័យឯកជនអាចនាំចូលអង្ករបាន នៅក្នុងឆ្នាំ២០១៩។
 
តាមសំណេរលើគណនី Facebook Samdech Thipadei Hun Manet, Prime Minister of Cambodia សម្តេចហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាលើវិស័យជាច្រើន ដែលមានសក្តានុពលសម្រាប់ពង្រឹង និងពង្រីកសហប្រតិបត្តិការបន្ថែមរវាងកម្ពុជា និងហ្វីលីពីន, រួមទាំង ជាប្រយោជន៍ប្រជាជាតិទាំងពីរ។ វិស័យដែលមានសក្តានុពលទាំងនោះមាន ពាណិជ្ជកម្ម ការអភិវឌ្ឍវិស័យឯកជន, ទេសចរណ៍, ការអប់រំ និងបណ្តុះបណ្តាល, សន្តិសុខ និងការពារជាតិជាដើម៕
 

Tag:
 ហ្វីលីពីន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com