អន្តរជាតិ
កូរ៉េខាងជើង បញ្ចេញនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្រ្តថ្មី
08, Sep 2023 , 8:19 pm        
រូបភាព
លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង និងមន្រ្តីរបស់លោកត្រួតពិនិត្យនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្រ្ត នៅថ្ងៃទី៨ ខែកញ្ញា។ រូបភាព KCNA
លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង និងមន្រ្តីរបស់លោកត្រួតពិនិត្យនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្រ្ត នៅថ្ងៃទី៨ ខែកញ្ញា។ រូបភាព KCNA
កូរ៉េខាងជើង នៅថ្ងៃទី៨ ខែកញ្ញា បានសម្ភោធនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្រ្ត ដែលទើបសាងសង់ថ្មី។ នាវាមុជទឹកនេះ មានសមត្ថភាពវាយប្រហារនុយក្លេអ៊ែរនៅក្នុងទឹកបាន។ ស្របគ្នានេះ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ក៏បានប្តេជ្ញាពង្រឹងសមត្ថភាពប្រឆាំងនុយក្លេអ៊ែរផង។

 
មួយថ្ងៃមុនខួបនៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េលើកទី៧៥ឆ្នាំ នៅថ្ងៃទី៩ ខែកញ្ញា កូរ៉េខាងជើង បានសម្ភោធនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្រ្ត ដែលមានឈ្មោះថា Kim Kun Ok។ នាវាមុជទឹកនេះ នឹងប្រតិបត្តិការលើបេសកកម្មប្រយុទ្ធរបស់ខ្លួន ដែលអាចវាយប្រហារនៅក្រោមទឹកបាន។ 
 
«ពិធីសម្ពោធនាវាមុជទឹក ជាការសាទរនៃការចាប់ផ្តើមជំពូកថ្មីក្នុងការពង្រឹងកងទ័ពជើងទឹកកូរ៉េខាងជើង»។ ទីភ្នាក់ងារព័ត៌មាន KCNA បានចុះផ្សាយបែបនេះ នៅថ្ងៃទី៨ ខែកញ្ញា។ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ក៏បានចូលរួមក្នុងពិធីសម្ពោធនេះដែរ។ 
 
ក្នុងពិធីសម្ពោធនោះ លោកគីម បានសរសើរនាវាមុជទឹកយុទ្ធសាស្រ្តរបស់ខ្លួន ហើយថែមទាំងហៅជាកិច្ចការបន្ទាន់ ក្នុងការបំពាក់កងទ័ពជើងទឹករបស់ខ្លួនជាមួយអាវុធនុយក្លេអ៊ែរ។ មិនតែប៉ុណ្ណោះ មេដឹកនាំកូរ៉េខាងជើងរូបនេះ បានជំរុញជាបន្ទាន់ឱ្យបំពាក់អាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្តលើនាវាលើផ្ទៃទឹក និងនាវាមុជទឹក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
លើសពីនេះ លោកគីម ក៏បានប្រកាសពីផែនការរបស់កូរ៉េខាងជើង ក្នុងការសាងសង់នាវាមុជទឹកជាច្រើនគ្រឿងបន្ថែមទៀតផងដែរ ស្របពេលប្រទេសមួយនេះ បន្តពង្រឹងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន។ បើតាមមេដឹកនាំរូបនេះ ការអភិវឌ្ឍយ៉ាងរហ័សលើកងកម្លាំងនាវាមុជទឹកជាអាទិភាពបំផុតចំពោះការការពារជាតិ ស្របពេលសត្រូវកំពុងអុងអាត់នៅក្នុងតំបន់។ 
 
តាមការបញ្ជាក់របស់អ្នកជំនាញ នាវាមុជទឹករបស់កូរ៉េខាងជើងខាងលើទំនង កែលម្អពីនាវាមុជទឹកប្រភេទ Romeo-class ដែលត្រូវបានសាងសង់ក្នុងសម័យសហភាពសូវៀត ដែលកូរ៉េខាងជើងទទួលបានពីចិន នៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០។ ចំណែកយោធាកូរ៉េខាងត្បូង បានដាក់ការសង្ស័យថា នាវាមុជទឹកថ្មីរបស់កូរ៉េខាងជើង ទំនងមិនអាចត្រៀមរួចរាល់សម្រាប់ប្រតិបត្តិការធម្មតាឡើយ ហើយក្រុងព្យុងយ៉ាង អាចពន្លើសពីសមត្ថភាពរបស់នាវាមុជទឹកនោះ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com