អន្តរជាតិ
រដ្ឋាភិបាលជប៉ុន គាំទ្រការអភិវឌ្ឍប្រជាធិបតេយ្យរបស់កម្ពុជា
08, Sep 2023 , 8:59 pm        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជជែកជាមួយសមភាគីជប៉ុន លោក គីស៊ីដា ហ្វូមីអូ នៅក្រៅកិច្ចប្រជុំអាស៊ាន នៅក្រុងហ្សាការតា ឥណ្ឌូណេស៊ី។ រូបភាព Facebook_Samdech Thipadei Hun Manet
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជជែកជាមួយសមភាគីជប៉ុន លោក គីស៊ីដា ហ្វូមីអូ នៅក្រៅកិច្ចប្រជុំអាស៊ាន នៅក្រុងហ្សាការតា ឥណ្ឌូណេស៊ី។ រូបភាព Facebook_Samdech Thipadei Hun Manet
ប្រមុខរដ្ឋាភិបាលជប៉ុន លោក គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី៧ ខែកញ្ញា បានជួបសមភាគីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត ជាលើកដំបូង។ លោកគីស៊ីដា បានប្រាប់សម្តេចថា​ រដ្ឋាភិបាលជប៉ុន នឹងគាំទ្រការអភិវឌ្ឍប្រជាធិបតេយ្យនៅកម្ពុជា។

 
ពីក្រៅកិច្ចប្រជុំមេដឹកនាំអាស៊ានលើកទី៤៣ នៅថ្ងៃទី៧ ខែកញ្ញា លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន បានជួបពិភាក្សាគ្នាជាមួយសមភាគីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត ជាលើកដំបូង។ ពីទីក្រុងហ្សាការតា ឥណ្ឌូណេស៊ី លោកគីស៊ីដា បានប្រាប់សម្តេចថា វាពិតជាចាំបាច់ណាស់ ដើម្បីមានបរិយាកាស ដែលសាធារណជនអាចបញ្ចេញមតិបាន។ 
 
«យើងនឹងគាំទ្រការអភិវឌ្ឍប្រជាធិបតេយ្យរបស់កម្ពុជា»។ ប្រមុខរដ្ឋាភិបាលជប៉ុន បានបន្តបែបនេះ។ 
 
មិនតែប៉ុណ្ណោះ មេដឹកនាំជប៉ុន បានបង្ហាញក្តីសង្ឃឹមថា រដ្ឋាភិបាលក្រុងតូក្យូ នឹងអាចធ្វើការបានជាមួយកម្ពុជា ដើម្បីចូលរួមថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគី តាមរយៈការបញ្ជូនកម្លាំងស្វ័យការពារមកកម្ពុជា មកកំពង់ផែរាមផង។ 
 
ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានអរគុណជប៉ុន ដែលបានចូលរួមចំណែកលើសន្តិភាព ការស្ថាបនាឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងជំនួបប្រមាណ ៣០នាទី។ 
 
តាមសេចក្តីសង្ខេបព័ត៌មានរបស់ក្រសួងការបរទេសជប៉ុន មេដឹកនាំប្រទេសទាំងពីរ ក៏បានឯកភាពធ្វើឱ្យជាមួយគ្នា ដើម្បីឆ្លើយតបនឹងកិច្ចការអន្តរជាតិ និងតំបន់ ដោយរួមទាំងបញ្ហាកូរ៉េខាងជើងផង៕ 
 
 

Tag:
 ជប៉ុន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com