អន្តរជាតិ
មេដឹកនាំអាម៉េរិក និងឥណ្ឌា ប្តេជ្ញាពង្រឹងទំនាក់ទំនងបន្ថែម ស្របពេលចិនកំពុងពង្រីកឥទ្ធិពល
09, Sep 2023 , 5:39 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន (ឆ្វេង) ជជែកជាមួយលោកនាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី នៅថ្ងៃទី៨ ខែកញ្ញា។ រូបភាព Twitter_Sidhant Sibal
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន (ឆ្វេង) ជជែកជាមួយលោកនាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី នៅថ្ងៃទី៨ ខែកញ្ញា។ រូបភាព Twitter_Sidhant Sibal
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន និងនាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី នៅថ្ងៃទី៨ ខែកញ្ញា បានសន្យាពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ស្របពេលចិន កំពុងពង្រីកឥទ្ធិពលខ្លួននៅក្នុងតំបន់។

 
មួយថ្ងៃបន្ទាប់ពីជាន់ដីឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០ (G20) ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន មានកិច្ចប្រជុំដោយឡែកមួយ ជាមួយលោកនាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី នៅថ្ងៃទី៨ ខែកញ្ញា។ តាមរយៈសេចក្តីថ្លែងការណ៍រួមមួយ មេដឹកនាំប្រទេសទាំងពីរ បានបញ្ជាក់ពីការគាំទ្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វីក ដែលមានលក្ខណៈសេរី, បើកចំហ, បរិយាប័ន្ន និងការងើបឡើងវិញ។ 
 
ក្នុងជំនួបជាលើកទីពីរបើគិតចាប់តាំងពីខែមិថុនានោះ លោកបៃឌិន និងម៉ូឌី បានជជែកគ្នាភាគច្រើនពីកិច្ចព្រមព្រៀង ដែលធ្វើឡើងនៅពេលកន្លងមក ដោយក្នុងនោះរួមមានការអនុញ្ញាតឱ្យក្រុមហ៊ុន General Electric ផលិតម៉ាស៊ីនយន្តហោះនៅឥណ្ឌាផង ដើម្បីអាចបំពាក់លើយន្តហោះយោធារបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ។
 
បន្ថែមពីនេះ មេដឹកនាំប្រទេសទាំងពីរ ប្រកាសគាំទ្រពីតម្លរួមនៃប្រជាធិបតេយ្យ សេរីភាព សិទ្ធិមនុស្ស ពហុភាគីនិយម និងឱកាសស្មើគ្នាចំពោះប្រជាជនទាំងអស់ ដែលតម្លៃទាំងនេះ នឹងជួយពង្រឹងចំណងទំនាក់ទំនងរបស់ប្រទេសទាំងពីរថែមទៀត។ 
 
យ៉ាងណាមិញ រដ្ឋបាលលោកបៃឌិន បានរងការរិះគន់ពីក្រុមគាំទ្រសិទ្ធិមនុស្សថា មិនអើពើចំពោះរដ្ឋាភិបាលឥណ្ឌា ដែលវាយប្រហារលើក្រុមជនជាតិភាគតិច ក៏ដូចជាមិនគោរពប្រជាធិបយតេយ្យ និងសិទ្ធិមនុស្សនៅឥណ្ឌា។ ឥណ្ឌា បានច្រានចោលការចោទប្រកាន់បែបនេះ។ 
 
ចំណែក លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមានអាម៉េរិក បាននិយាយការពារថា កិច្ចសន្ទនារវាងលោកម៉ូឌី និងលោកបៃឌិន នឹងជជែកបន្តពីប្រធានបទដែលធ្លាប់បាននិយាយនៅក្នុងខែមិថុនាកន្លងទៅ។ នៅក្នុងខែមិថុនា លោក ម៉ូឌី បានបំពេញទស្សនកិច្ចនៅអាម៉េរិក ដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងញូវដែលី បានធ្វើកិច្ចព្រមព្រៀងជាមួយគ្នាជាច្រើន។ 
 
សូមបញ្ជាក់ថា ជំនួបរវាងលោកម៉ូឌី និងលោកបៃឌិន ធ្វើឡើងក្រោយពេលចិនបានបញ្ចេញផែនទីថ្មី ដែលឥណ្ឌាចោទថា បានបញ្ចូលដែនដីខ្លួនទៅក្នុងផែនទីនោះ៕ 
 

Tag:
 ឥណ្ឌា
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com