ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន ម៉ាណែត បញ្ជាឱ្សស៊ើបករណីតែងតាំងមេប៉ុស្តិ៍ម្នាក់ដែលធ្លាប់ជាឧក្រិដ្ឋជន
10, Sep 2023 , 10:07 am        
រូបភាព
ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យលោក ស ថេត អគ្គស្នងការនគរបាលជាតិ ពិនិត្យ និងស្រាវជ្រាវជាបន្ទាន់ ជាមួយស្នងការនគរបាលខេត្តកំពង់ធំ លើករណីតែងតាំងបុគ្គលម្នាក់ ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ បញ្ជានេះធ្វើឡើងនៅព្រឹកថ្ងៃទី១០ កញ្ញានេះ បន្ទាប់ពីប្រមុខរដ្ឋាភិបាល ទទួលបានព័ត៌មានថា បុគ្គលរូបនោះ ធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ។

 
តាមបណ្តាញតេឡេក្រាម សម្តេច ហ៊ុន ម៉ាណែត ក៏បញ្ជាឱ្យមានការកែសម្រួលភ្លាម ប្រសិនបើករណីនេះ ជារឿងពិត។ ទន្ទឹមនឹងនេះ សម្តេច នាយករដ្ឋមន្ត្រី ក៏សង្កត់ធ្ងន់លើដំណើរការតែងតាំងបុគ្គលណាមួយ ឱ្យបម្រើការងារក្នុងស្ថាប័ន ត្រូវតែត្រួតពិនិត្យ និងវាយតម្លៃឱ្យម៉ត់ចត់។ 
 
«ខ្ញុំសូមឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ»។ សម្តេច ហ៊ុន ម៉ាណែត បន្ថែមបែបនេះ។
 
គួរកត់សម្គាល់ថា កំណែទម្រង់មុខងារសាធារណៈ ត្រូវបានរដ្ឋាភិបាលអាណត្តិថ្មី ចាត់ទុកជាកិច្ចការអាទិភាព ក្នុងនោះដំណើរការជ្រើសរើសមន្ត្រី គឺជាដំណាក់កាលដ៏ចាំបាច់ដែរ។ ដើម្បីធានាអំពីយុត្តិធម៌ និងភាពត្រឹមត្រូវនៃដំណើរការប្រឡង និងលទ្ធផលនៃការប្រឡង សម្តេច ហ៊ុន ម៉ាណែត ក៏បានប្រកាសផ្អាកការប្រឡងជ្រើសរើសមន្ត្រីថ្មី ក្នុងឆ្នាំ២០២៣ ដោយរង់ចាំយន្តការថ្មី ដែលកាន់តែមានសុក្រឹតភាព៕
 
 

Tag:
 ហ៊ុន ម៉ាណែត
  ឧក្រិដ្ឋជន
  មេប៉ុស្តិ៍
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com