អន្តរជាតិ
លោកលី ឈាំង អំពាវនាវឱ្យចិន និងអឺរ៉ុបរួបរួមគ្នា ខណៈពិភពលោកមានភាពមិនច្បាស់លាស់
10, Sep 2023 , 9:39 pm        
រូបភាព
លោក លី ឈាំង នាយករដ្ឋមន្រ្តីចិន។ រូបភាព AFP
លោក លី ឈាំង នាយករដ្ឋមន្រ្តីចិន។ រូបភាព AFP
នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង នៅថ្ងៃទី៩ ខែកញ្ញា បានអំពាវនាវឱ្យសហភាពអឺរ៉ុប និងចិន មានភាពរួបរួមគ្នា និងមានកិច្ចសហប្រតិបត្តិការ ប្រឆាំងនឹងភាពមិនច្បាស់លាស់របស់ពិភពលោក។ បន្ថែមពីនេះ លោកក៏បានជំរុញឱ្យសហភាពអឺរ៉ុប កុំរើសអើងក្រុមហ៊ុនចិនផង។

 
ពីក្រៅកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ នៅក្រុងញូវដែលី ឥណ្ឌា ក្នុងថ្ងៃទី៩ ខែកញ្ញា នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង បានជួបជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសចិន។ 
 
ក្នុងជំនួបនេះ លោកលី បានប្រាប់ប្រមុខសហភាពអឺរ៉ុបថា ចិន និងអឺរ៉ុប គួរតែរួបរួមគ្នា និងមានកិច្ចសហប្រតិបត្តិការជាមួយគ្នា។ 
 
«ការបង្ការហានិភ័យ មិនអាចទាត់ចោលកិច្ចសហប្រតិបត្តិការឡើយ ហើយការពឹងផ្អែកគ្នាទៅវិញទៅមក ក៏មិនគួរប្រៀបផ្ទឹមនឹងអសន្តិសុខដែរ»។ លោកលី បានសង្កត់ធ្ងន់បែបនេះ ដោយបន្តអំពាវនាវឱ្យ ភាគីទាំងពីរ បន្ថែមការរួបរួម និងកិច្ចសហប្រតិបត្តិការ ហើយប្រើប្រាស់ស្ថិរភាពនៃទំនាក់ទំនងភាគីទាំងពីរ ដើម្បីប្រឆាំងនឹងភាពមិនច្បាស់លាស់របស់ពិភពលោក។ 
 
បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាលចិន បានប្រាប់ដល់សហភាពអឺរ៉ុបផងដែរ ឱ្យផ្តល់បរិយាកាសមិនរើសអើងចំពោះក្រុមហ៊ុនចិន។ ស្របគ្នានេះ លោកលី បានប្តេជ្ញាសហការបន្ថែមជាមួយអឺរ៉ុប លើវិស័យថាមពលស្អាត និងហិរញ្ញវត្ថុជាដើម៕ 
 

Tag:
 ចិន
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com