កីឡាជាតិ
ជាតិ
Zazai អតីតកីឡាករបឹងកេត បើកក្លិបហាត់ប្រាណ ដើម្បីអាចរស់នៅកម្ពុជាបានយូរ
11, Sep 2023 , 8:39 am        
រូបភាព
កីឡាករ Mustafa Zazai
កីឡាករ Mustafa Zazai
កីឡាករ Mustafa Zazai អតីតខ្សែបម្រើកណ្ដាលក្លិបបឹកកេត ពេញចិត្តស្នាមញញឹមរបស់ប្រជាជនកម្ពុជា និងរបៀបរស់នៅក្នុងប្រទេសកម្ពុជា។ ដោយសារទឹកចិត្តស្រឡាញ់កម្ពុជា បានធ្វើឱ្យកីឡាករសញ្ជាតិអាហ្គានីស្ថាន-អាល្លឺម៉ង់រូបនេះ បើកមជ្ឈមណ្ឌលហាត់ប្រាណមួយកន្លែង ដើម្បីអាចបន្តរស់នៅកម្ពុជាបានយូរ។


 
កីឡាករ Mustafa Zazai បានផ្ដល់បទសម្ភាស មកសារព័ត៌មានថ្មីៗថា រូបគេ បានមកចូលរួមក្នុងវិស័យបាល់ទាត់កម្ពុជា កាលពីខែមិថុនា ឆ្នាំ២០១៩ ដោយធ្លាប់បានចូលរួមជាមួយ ភ្នំពេញក្រោន ១រដូវកាល, វិសាខា ២រដូវកាល និងបឹងកេត ១រដូវកាល។ 
 
អ្វី ដែលធ្វើឲ្យកីឡាកររូបនេះ មានអារម្មណ៍ពេញចិត្ត និងការរស់នៅកម្ពុជា ហើយចង់បន្ដនៅទីនេះ បានយូរថែមទៀតនោះ គឺស្នាមញញឹមរាក់ទាក់របស់ប្រជាជនកម្ពុជា។ បើទោះជាមានរឿងខ្លះមិនល្អ ដូចជាករណីក្មេងទំនើង និងបញ្ហាអសន្ដិសុខខ្លះក៏ដោយ ក៏ Zazai នៅតែសរសើរថា កម្ពុជា ជាប្រទេស ដែលមានប្រជាជន ផ្ដល់ស្នាមញញឹមច្រើនជាងគេ។
 
«ខ្ញុំ មកប្រទេសកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០១៩។ ខ្ញុំ មានបទពិសោធន៍ប្រកួតឲ្យ ភ្នំពេញក្រោន វិសាខា និងបឹងកេត។ ខ្ញុំ ពិតជាស្រឡាញ់កម្ពុជា។ ខ្ញុំ ចូលចិត្តប្រជាជនកម្ពុជា និងរបៀបរស់នៅទីនេះ។ ទាំងនេះ គឺជាហេតុផល ដែលខ្ញុំ សម្រេច នៅប្រទេសកម្ពុជា បានយូររហូតសព្វថ្ងៃ។»។ នេះជាការបញ្ជាក់របស់ Mustafa Zazai។
 
ខ្សែបម្រើវ័យ ៣០ឆ្នាំរូបនេះ បន្ដទៀតថា របៀបរស់នៅកម្ពុជា ធ្វើឲ្យរូបគេ ស្រឡាញ់កម្ពុជាផងដែរ។ Zazai ពន្យល់ថា នៅអឺរ៉ុប ដូចជាអាល្លឺម៉ង់ជាដើម ប្រជាជន មិនមានពេលគ្រប់គ្រាន់សម្រាប់ខ្លួនឯងនោះទេ សូម្បីតែពីការគិតដល់សុខភាពជាដើម។ កត្តានេះ មិនត្រឹមតែធ្វើឲ្យលោកចង់រស់នៅកម្ពុជាទេ ប៉ុន្ដែបានធ្វើឲ្យខ្លួន ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន ដោយបើកមជ្ឈមណ្ឌលហាត់ប្រាណមួយកន្លែង។

Mustafa Zazai ពាក់អាវស រូបពីក្លិបបឹងកេត
 
គោលបំណង ដែល Mustafa Zazai បើកន្លែងហាត់ប្រាណនៅកម្ពុជានេះ ព្រោះសម្លឹងឃើញប្រជាជនកម្ពុជា មានពេលវេលាគ្រប់គ្រាន់ក្នុងការហាត់ប្រាណ និងមើលថែសុខភាពផ្ទាល់ខ្លួន។ ម្យ៉ាងវិញទៀត កីឡាកររូបនេះ បន្ថែមថា ប្រជាជនកម្ពុជា ចាប់ផ្ដើមយល់ដឹកច្រើន ពីអត្ថប្រយោជន៍ នៃការហាត់ប្រាណ។
 
«ខ្ញុំ ធ្លាប់រស់នៅប្រទេសអាល្លឺម៉ង់។ ប្រជាជននៅទីនោះ រវល់ណាស់។ គេ ធ្វើការ ហើយមកវិញក៏នាំគ្នា មើលទូរទស្សន៍ ហើយក៏ដេកទៅ។ ប៉ុន្ដែនៅទីនេះ ពេលខ្ញុំ ងើបពីព្រឹកឡើង ឃើញមនុស្សរត់ហាត់ប្រាណ នៅមាត់ទន្លេ និងធ្វើចលនាផ្សេងៗ។ ខ្ញុំ បើកកន្លែងហាត់ប្រាណនេះ ពិសេស សម្រាប់អ្នកដែររវល់ការងារខ្លាំង គឺអាចមកហាត់នៅទីនេះបាន ព្រោះគេអាចហាត់ ២ ដងក្នុង ១ អាទិត្យ ហើយអាចសម្រាក និងធ្វើការបានយ៉ាងស្រួល។»។ Mustafa Zazai បន្ថែម។
 
ក្នុងបទសម្ភាសដដែរនេះ កីឡាកររូបនេះ មើលឃើញថា វិស័យបាល់ទាត់កម្ពុជា រីកចម្រើនខ្លាំង ដោយតាមក្លិបនីមួយៗ មានកីឡដ្ឋានផ្ទាល់ខ្លួន។ បន្ថែមជាងនេះទៀត កីឡាករ និងគ្រូបង្វឹកកាន់តែមានសមត្ថភាពខ្ពស់។ Zazai ជឿថា បើកម្ពុជា បន្ដអភិវឌ្ឍយ៉ាងសកម្មបែបនេះទៀត មិនយូរទេ នឹងអាចប្រកួតឈ្នះ ប្រទេស មានកម្រិតខ្ពស់ជាង មិនខាន។
 
«ខ្ញុំ ឃើញវិស័យបាល់ទាត់កម្ពុជា រីកចម្រើនខ្លាំង ហើយសូម្បីតែឥឡូវ ក្រុមនីមួយៗ មានកីឡដ្ឋាន ទីលានប្រកួតផ្ទាល់ខ្លួន។  កីឡាករ គ្រូបង្វឹក អ្នកទាំងអស់នោះ ពង្រឹងសមត្ថភាពយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ខ្ញុំ ឃើញថា អនាគត នៃវិស័យបាល់ទាត់កម្ពុជា នឹងល្អខ្លាំង។ ហើយទៅមុខទៀត កម្ពុជា អាចប្រកួតឈ្នះប្រទេស ដែលមានកម្រិតខ្ពស់ជាងយើង ដូចជាថៃ, វៀតណាម និងឥណ្ឌូណេស៊ី ជាដើម។»។ នេះជាការយល់ឃើញរបស់ Zazai។ 
 
ដោយឡែក ក្នុងថ្ងៃអនាគត កីឡាករអន្តរជាតិអាហ្គានីស្ថានរូបនេះ គ្រាន់តែអាចបញ្ជាក់ថា រូបគេ នៅមានសមត្ថភាពគ្រប់គ្រាន់ អាចបន្ដអាជីពជា កីឡាករបាល់ទាត់បាន។ Mustafa Zazai ថានឹងចូលរួមប្រកួត Cambodian Premier League នៅជុំទី២ រដូវកាលនេះ ស្របពេលបច្ចុប្បន្ន រូបគេមិនទាន់មានក្លិបលេង និងមិនអាចបញ្ជាក់ថាក្រុមណាដែលនឹងចូលរួមនោះឡើយ។ ចំពោះការផ្លាស់ប្ដូរទៅប្រទេសផ្សេង Zazai មិនទាន់បញ្ជាក់ទេ គ្រាន់តែអាចប្រាប់បានថា ចង់រស់នៅកម្ពុជា ឲ្យយូរអង្វែង៕
 

Tag:
 បាល់ទាត់
  Mustafa Zazai
© រក្សាសិទ្ធិដោយ thmeythmey.com