ជាតិ
សមត្ថកិច្ច ជួយសង្គ្រោះនិស្សិតចិនម្នាក់ ត្រូវបានជនឆបោក គំរាមទារប្រាក់៧១ម៉ឺនដុល្លារ
11, Sep 2023 , 11:50 am        
រូបភាព
និស្សិតចិនម្នាក់ ត្រូវបានសមត្ថកិច្ចនៃនាយកដ្ឋានចារកម្មក្រសួងមហាផ្ទៃកម្ពុជា ជួយសង្គ្រោះ ក្រោយរូបគេចាញ់ឧបាយកលឆបោកឆ្លងប្រទេស ។ ជនឆបោកទាំងនោះ បានគំរាមទារប្រាក់ពីក្រុមគ្រួសារនិស្សិតចិននេះ ចំនួន៧១ម៉ឺនដុល្លារអាម៉េរិក។ និស្សិតចិនរូបនេះ បានចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី១០ សីហា ឆ្នាំ២០២៣ ។
និស្សិតចិនម្នាក់ ត្រូវបានសមត្ថកិច្ចនៃនាយកដ្ឋានចារកម្មក្រសួងមហាផ្ទៃកម្ពុជា ជួយសង្គ្រោះ ក្រោយរូបគេចាញ់ឧបាយកលឆបោកឆ្លងប្រទេស ។ ជនឆបោកទាំងនោះ បានគំរាមទារប្រាក់ពីក្រុមគ្រួសារនិស្សិតចិននេះ ចំនួន៧១ម៉ឺនដុល្លារអាម៉េរិក។ និស្សិតចិនរូបនេះ បានចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី១០ សីហា ឆ្នាំ២០២៣ ។
និស្សិតចិនម្នាក់ ត្រូវបានសមត្ថកិច្ចនៃនាយកដ្ឋានចារកម្មក្រសួងមហាផ្ទៃកម្ពុជា ជួយសង្គ្រោះ ក្រោយរូបគេចាញ់ឧបាយកលឆបោកឆ្លងប្រទេស។ ជនឆបោកទាំងនោះ បានគំរាមទារប្រាក់ពីក្រុមគ្រួសារនិស្សិតចិនរូបនេះ ចំនួន៧១ម៉ឺនដុល្លារអាម៉េរិក។

 
និសិ្សតជនជាតិចិន ដែលរងគ្រោះនេះ កំពុងបន្តការសិក្សាបរិញ្ញាបត្រ ផ្នែកទីផ្សារភាគហ៊ុន ឆ្នាំទី១ នៅសកលវិទ្យាល័យគ្រប់គ្រង ប្រទេសសិង្ហបុរី ។ ប៉ុន្តែរូបគេ ត្រូវបានជនឆបោក ប្រើឧបាយកលឱ្យធ្វើដំណើរមកប្រទេសកម្ពុជា កាលពីអំឡុងខែសីហា កន្លងមក។ នេះបើតាមអគ្គស្នងការនគរបាលជាតិ។
 
បើតាមអគ្គស្នងការនគរបាលជាតិ ដំណើររឿងឆបោកនេះ គឺមានជនសង្ស័យ១រូប បានបន្លំខ្លួនជានគរបាលអន្តោប្រវេសន៍របស់ប្រទេសសិង្ហបុរី ហើយទំនាក់ទំនងជាភាសាចិន ទៅជនរងគ្រោះ ដោយចោទនិស្សិតចិនរូបនោះ មានជាប់ពាក់ព័ន្ធនឹងអំពើឆបោកជាច្រើនករណី។
 
ជនឆបោកដដែលនោះ បានប្រើវិធីសាស្ត្រនិយាយបំភ័យឱ្យជនរងគ្រោះ ទំនាក់ទំនងបន្តទៅកាន់បក្ខពួករបស់គេ៣នាក់ទៀត ដោយអ្នកទាំងនោះសុទ្ធតែអះអាងថា ខ្លួនជាសមត្ថកិច្ច និងជារដ្ឋអាជ្ញាសិង្ហបុរី ។ ជនរងគ្រោះក៏ធ្វើតាមការណែនាំរបស់ជនឆបោកទាំងនោះ ដោយបានទាក់ទងទៅពួកគេជាបន្តបន្ទាប់ ហើយក៏ត្រូវបានក្រុមទាំងនោះ ណែនាំឱ្យជនរងគ្រោះធ្វើសកម្មភាពនានា ដោយថតជាវីដេអូឃ្លីបខ្លីៗ បញ្ជូនទៅឱ្យពួកគេ ដើម្បីជាការលុបលាងកំហុស ។ សម្រាប់ការធ្វើសកម្មភាពក្នុងវីដេអូនេះ គឺជនឆបោកទាំងនោះ តម្រូវឱ្យជនរងគ្រោះចាកចេញពីប្រទេសសិង្ហបុរី ធ្វើដំណើរមកកម្ពុជា ។ នេះបើតាមអគ្គស្នងការនគរបាលជាតិ។
 
អគ្គស្នងការនគរបាលជាតិ បានរៀបរាប់ទៀតថា៖«ក្រុមជនឆបោកខាងលើ បានប្រើពាក្យបំភិតបំភ័យផង លួងលោមផង រហូតជនរងគ្រោះមានការភ័យខ្លាចនឹងការជាប់ទោសទណ្ឌ ក៏បានធ្វើតាមការណែនាំរបស់ក្រុមជនសង្ស័យ ដោយជនរងគ្រោះបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែសីហា តាមការណែនាំរបស់ពួកគេ ដើម្បីរកបន្ទប់សណ្ឋាគារមួយស្នាក់នៅបណ្តោះអាសន្ន ហើយថតជាឃ្លីបវីឌីអូរខ្លីៗជាច្រើនឃ្លីប ដោយដើរតួជាអ្នកកំពុងរងគ្រោះក្នុងអំពើចាប់ជំរិត រួចបញ្ជូនវីដេអូ ទៅកាន់ក្រុមជនសង្ស័យ»។
 
អគ្គស្នងការនគរបាល បានបន្ថែមថា ក្រោយទទួលបានឃ្លីបវីដេអូជាច្រើនពីជនរងគ្រោះរួចមក ក្រុមជនសង្ស័យបានបញ្ជូនវីដេអូទាំងនោះ ទៅកាន់ឪពុកម្តាយរបស់ជនរងគ្រោះ (ស្នាក់នៅប្រទេសចិន ) ដោយគំរាមទារប្រាក់ចំនួន៧១ម៉ឺនដុល្លារ ប៉ុន្តែឪពុកម្តាយជនរងគ្រោះផ្ញើឱ្យបានតែ៥ពាន់ដុល្លារ ហើយក៏បានប្តឹងទៅកាន់សមត្ថកិច្ចសិង្ហបុរី និងស្ថានទូតចិន ដើម្បីសុំកិច្ចអន្តរាគមន៍ ។
 
«ក្រោយទទួលបណ្តឹងរួចមក សមត្ថកិច្ច នៃប្រទេសសិង្ហបុរី បានស្រាវជ្រាវ និងពិនិត្យទៅឃើញថា ជនរងគ្រោះបានធ្វើដំណើរចូលមកកម្ពុជា ទើបឪពុកម្តាយរបស់ជនរងគ្រោះ និងមន្ត្រីស្ថានទូតចិន បានសហការគ្នាជាមួយនគរបាលកម្ពុជា បើកការស្រាវជ្រាវ រហូតតាមរកជនរងគ្រោះឃើញ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅក្នុងផ្សារទំនើបអ៊ីអន២ ក្នុងខណ្ឌសែនសុខ គ្រាដែលជនរងគ្រោះដើរថតពីសកម្មភាពរបស់ខ្លួន ដើម្បីរាយការណ៍បន្តទៅក្រុមជនសង្ស័យ »។ នេះបើតាមអគ្គស្នងការនគរបាលជាតិ ដែលបានបន្ថែមថា ក្រុមជនសង្ស័យមានជំនាញ និងបច្ចេកទេស ជាពិសេសចិត្តសាស្ត្រខ្ពស់ក្នុងការនិយាយលួងលោម បំភិតបំភ័យ រហូតធ្វើឱ្យជនរងគ្រោះបាត់បង់ភាពម្ចាស់ការលើខ្លួនឯង ហើយជឿសម្តីរបស់ក្រុមនេះ។
 
បច្ចុប្បន្ន និស្សិតចិនដែលរងគ្រោះនេះ ត្រូវបានសមត្ថកិច្ចកម្ពុជាបំពេញសំណុំបែបបទ អនុញ្ញាតឱ្យត្រឡប់ទៅកាន់ប្រទេសកំណើតវិញហើយ៕

Tag:
 ឧក្រិដ្ឋកម្មឆ្លងដែន
  បទល្មើសព្រហ្មទណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com