សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រុស្ស៊ីលក់ឧស្ម័នធម្មជាតិឲ្យចិនថោកជាងពាក់កណ្តាលលក់ទៅអឺរ៉ុប
11, Sep 2023 , 3:59 pm        
រូបភាព
បុគ្គលិក​ដើរ​ល្បាត​ពិនិត្យ​ឧបករណ៍​នៅ​កន្លែងផ្ទុក​ឧស្ម័ន Kovykta ក្នុង​ទីក្រុង Irkutsk ប្រទេស​រុស្ស៊ី។ រូបភាព Xinhua ។
បុគ្គលិក​ដើរ​ល្បាត​ពិនិត្យ​ឧបករណ៍​នៅ​កន្លែងផ្ទុក​ឧស្ម័ន Kovykta ក្នុង​ទីក្រុង Irkutsk ប្រទេស​រុស្ស៊ី។ រូបភាព Xinhua ។
រយៈពេល ៣ឆ្នាំខាងមុខ រុស្ស៊ីគ្រោងនឹងលក់ឧស្ម័នធម្មជាតិទៅឲ្យចិនតាមបំពង់បង្ហូរប្រេងក្នុងតម្លៃពាក់កណ្តាលដែលលក់ទៅឱ្យអឺរ៉ុប។

 
របាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចឆ្នាំ២០២៦ ដែលដាក់ជូននាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin នៅថ្ងៃទី៨ ខែកញ្ញាបានបង្ហាញថា តម្លៃជាមធ្យមនៃឧស្ម័នដែលលក់ទៅចិននៅឆ្នាំ២០២៤ នឹងមានចំនួនត្រឹមតែ ២៧១ដុល្លារក្នុងមួយពាន់ម៉ែត្រគូប ខណៈការលក់សម្រាប់អតិថិជននៅអឺរ៉ុប និងតួកគី គឺមានតម្លៃដល់ទៅ ៤៨១ដុល្លារ។ គម្លាតនេះត្រូវបានគេរំពឹងថានឹងរក្សារហូតដល់ឆ្នាំ ២០២៦។ នេះបើតាមទូរទស្សន៍ Bloomberg ។ 
 
ព័ត៌មានខាងលើនេះត្រូវបានគេបង្ហាញបន្ថែមភ្ជាប់ជាមួយគម្រោង ៤០០ពាន់លានដុល្លាររវាងក្រុមហ៊ុនឧស្ម័នយក្សរុស្ស៊ី Gazprom និងសាជីវកម្មប្រេងជាតិចិន (CNPC) ។ នេះគឺជាគម្រោងដ៏ធំបំផុតរបស់ក្រុមហ៊ុន Gazprom រហូតមកដល់បច្ចុប្បន្ន ដែលផ្គត់ផ្គង់ឧស្ម័នតាមរយៈបំពង់បង្ហូរប្រេង Power of Serbia ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ឌីមៀ ពូទីន បានត្រឹមតែនិយាយថា  តម្លៃឧស្ម័ននឹងត្រូវបានកំណត់ដោយផ្អែកលើតម្លៃប្រេងឆៅ។
 
ប៉ុន្មានឆ្នាំមកនេះ រុស្ស៊ីបានរឹតបន្តឹងទំនាក់ទំនងថាមពលជាមួយចិន។ ទំនាក់ទំនងនេះ កាន់តែប្រសើរក្រោយសង្រ្គាមអ៊ុយក្រែន។ 
 
កាល​ពី​ឆ្នាំ​មុន រុស្ស៊ី​បាន​លក់​ឧស្ម័ន​ទៅ​ឲ្យ​​ចិន​ក្នុង​តម្លៃ​ជា​មធ្យម ២៧៧ ដុល្លារ​ក្នុងមួយពាន់ម៉ែត្រគូប។ តម្លៃនេះសម្រាប់អឺរ៉ុប និងតួកគីមានចំនួន ៩៨៣ដុល្លារ។ តម្លៃ​ឧស្ម័ន​នៅ​អឺរ៉ុប​បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់កាល​ពី​ឆ្នាំ​មុន ដោយសារ​ការ​ផ្គត់ផ្គង់​ថាមពល​តឹងរ៉ឹង។
 
សម្រាប់ឆ្នាំនេះ រុស្ស៊ីគ្រោងនឹងលក់ឧស្ម័នទៅចិនក្នុងតម្លៃជាមធ្យម ២៩៧ដុល្លារក្នុងមួយពាន់ម៉ែត្រគូប។ តម្លៃនេះសម្រាប់អ៊ឺរ៉ុប និងតួកគីមានចំនួន ៥០១ដុល្លារ។
 
ឆ្នាំ២០២៣ រុស្សីគ្រោងនឹងនាំចេញឧស្ម័ន ៩៧ពាន់លានម៉ែត្រគូបពោលគឺធ្លាក់ចុះពីចំនួនជាង ១៣១ពាន់លានម៉ែត្រគូបកាលពីឆ្នាំមុន។ ចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងវិញដល់ ១២៦ពាន់លានម៉ែត្រនៅឆ្នាំ២០២៦ ដោយសារការកើនឡើងនៃការផ្គត់ផ្គង់តាមរយៈបំពង់បង្ហូរ Power of Serbia ៕ 
 

Tag:
 រុស្ស៊ី
  ចិន
  ឧស្ម័ន
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com