ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ ព្រីនស៍ បន្តកិច្ចសហប្រតិបត្តិការជាមួយក្លិបកីឡាបាល់ទាត់វិសាខា ៣ឆ្នាំបនែ្ថមទៀត ដើម្បីចូលរួមអភិវឌ្ឍ​វិស័យបាល់ទាត់កម្ពុជា
11, Sep 2023 , 4:29 pm        
រូបភាព
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅកីឡដ្ឋាន ព្រីនស៍ ធនាគារ ព្រីនស៍ និងក្លិបកីឡា​បាល់​ទាត់​វិសាខា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាថ្មី។ កម្មវិធីនេះ​មាន​​ការចូលរួមជាសក្ខីភាព ​ពីលោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងជាប្រធាននាយកប្រតិបត្តិ​នៃ ធនាគារ ព្រីនស៍ ម.ក និងកញ្ញា អ៊ូ បញ្ញា សុកិត្យា នាយិកាគ្រប់គ្រងក្លិបកីឡាបាល់ទាត់​វិសាខា ក្រោម​អធិបតីភាព ​លោកស្រី កែ សួនសុភី ​ប្រធានក្លិបកីឡាបាល់ទាត់វិសាខា និង​ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត របស់ធនាគារ ព្រីនស៍ ក្លិបកីឡាបាល់ទាត់វិសាខា និងអ្នកសារព័ត៌មានផងដែរ។
 
កិច្ចព្រមព្រៀងនេះ បានជួយពង្រឹងភាពជាដៃគូសហការរវាងស្ថាប័នទាំងពីរ ដើម្បីផ្តល់នូវ​ស្ថិរភាព និងវិបុលភាពដល់ការប្រកួតរបស់ក្រុមជម្រើសជាតិ និងការប្រកួតរបស់ក្លិប។​ ម្យ៉ាងវិញ​ទៀត នេះក៏ជាការបន្តឧបត្ថម្ភរបស់ ធនាគារ ព្រីនស៍ ចំពោះក្លិបកីឡាបាល់ទាត់ វិសាខា​ សម្រាប់រដូវកាលឆ្នាំ២០២៣-២០២៥ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើម ទំនួលខុស ត្រូវសង្គមសាជីវកម្មរបស់ធនាគារ សម្រាប់ឧត្តមភាពកីឡាផងដែរ។ គោលបំណងសំខាន់​បំផុតនោះ គឺផ្តល់ការគាំទ្រដល់ការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា និងការប្រកួតប្រជែងក្នុង​ព្រឹត្តិការណ៍អន្តរជាតិធំៗ។
 
ក្នុងពិធីចុះហត្ថលេខានេះ លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងជាប្រធាន​នាយក​ប្រតិបត្តិនៃធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា៖«ថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់​សម្រាប់អនាគតនៃវិស័យបាល់ទាត់នៅកម្ពុជា និងសិ្ថរភាពនៃការអភិវឌ្ឍយូរអង្វែង។ យើងខ្ញុំទាំងអស់គ្នាមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្លិបកីឡាបាល់ទាត់វិសាខា។ ធនាគារ ព្រីនស៍ និងក្លិបកីឡាបាល់ទាត់វិសាខា មានចក្ខុវិស័យរួមគ្នាក្នុងការជួយលើកស្ទួយវិស័យកីឡានៅកម្ពុជាក្នុងរយៈពេលវែង ដោយយើងជឿជាក់ និងរំពឹងថា កីឡាករបាល់ទាត់កម្ពុជានឹងកាន់តែមានភាពល្បីល្បាញ មានសក្ដានុពល បង្ហាញពីជំនាញវិជ្ជាជីវៈ ព្រមទាំងសមត្ថភាពជាយុវជនជំនាន់ក្រោយ ដែលជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិយើង សម្រាប់ការរីកចម្រើននាពេលអនាគត។ ធនាគារ ព្រីនស៍ នឹងចូលរួមក្នុងការជំរុញស្មារតីកីឡា ហើយនឹងបន្តគាំទ្រសកម្មភាពកីឡាបាល់ទាត់នៅកម្ពុជា យើង​រួម​គ្នា​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​លើក​កម្ពស់​សកម្មភាពសង្គម និង​លើក​ស្ទួយ​ស្មារតី​កីឡា»។
 


ក្នុងឱកាសដ៏រីករាយនោះដែរ កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិកាគ្រប់គ្រងក្លិបកីឡាបាល់ទាត់ វិសាខា បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយជាខ្លាំង ដែលបានបន្ដភាពជាដៃគូជាមួយធនាគារ ព្រីនស៍ ក្នុងនាមដៃគូឧបត្ថម្ភធំ(Main Sponsor) របស់ក្លិប ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា ។ តាងនាមថ្នាក់ដឹកនាំក្លិបកីឡាបាល់ទាត់ វិសាខា កញ្ញាបានថ្លែងអំណរគុណ ចំពោះធនាគារ ព្រីនស៍ ដែលបានសហការជាមួយក្លិប តាំងពីឆ្នាំ២០១៨ ពិសេសកំឡុងវិបត្តិកូវីដ-១៩ ទោះមានបញ្ហាអ្វី ក៏ភាគីទាំងពីរ នៅតែចាប់ដៃគ្នាមិនលែង ក្នុងន័យតែមួយគត់ ដើម្បីការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា តាមរយៈក្លិបកីឡាបាល់ទាត់ វិសាខា។
 
ដោយឈរលើទស្សនវិស័យដូចគ្នា នាយិកាគ្រប់គ្រងក្លិបដដែល មានជំនឿចិត្តយ៉ាងមុតមាំថា ភាពជាដៃគូដ៏ល្អមួយនេះ នឹងរក្សាបាននូវនិរន្ដរភាពយូរអង្វែងបន្ថែមទៀត ហើយក្លិបកីឡាបាល់ទាត់ វិសាខា ប្ដេជ្ញានឹងបន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ទាំងការបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនី និងហេដ្ឋារចនាសម្ព័ន្ធ ពិសេសក្រុមធំរបស់យើង ឆ្ពោះទៅរកការប្រកួតប្រជែង និងស្វែងរកជោគជ័យថ្មីៗបន្ថែមទៀត ទាំងលើឆាកជាតិ និងអន្ដរជាតិ ក៏ដូចជាដើម្បីបង្ហាញនូវស្លាក “ធនាគារ ព្រីនស៍” ទៅលើឆាកជាតិ និងអន្ដរជាតិ ផងដែរ ។
ធនាគារ ព្រីនស៍ ប្ដេជ្ញាក្នុងការលើកស្ទួយវិស័យកីឡានៅកម្ពុជា និងការរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យកីឡាបាល់ទាត់ ដោយយើង​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ន៍វិស័យ​កីឡា​របស់​ប្រទេស​ជាតិខ្មែរ។
 


អំពីធនាគារ ព្រីនស៍ ម.ក
ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខធ៤៦ ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។ 

ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។​ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះយើងមានសាខាចំនួន៣៥ និងទីតាំងអេធីអឹមចំនួន៨៣ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕
 
(អត្ថបទពាណិជ្ជកម្ម)  
 

© រក្សាសិទ្ធិដោយ thmeythmey.com