ជាតិ
សង្គមជាតិ
សង្គមស៊ីវិល រិះគន់ថាអាជ្ញាធរអសកម្ម ទើបហុចឱកាសឱ្យក្មេងទំនើងអុកឡុកតាមភូមិ-ឃុំ
11, Sep 2023 , 8:59 pm        
រូបភាព
ក្មេងទំនើងដែលសមត្ថកិច្ចឃាត់ខ្លួនបាន។ រូបពី ស្នងការដ្ឋានរាជធានីភំពេញនិងបាត់ដំបង
ក្មេងទំនើងដែលសមត្ថកិច្ចឃាត់ខ្លួនបាន។ រូបពី ស្នងការដ្ឋានរាជធានីភំពេញនិងបាត់ដំបង
ភ្នំពេញ៖ ការកើនឡើងនៃក្មេងទំនើង បង្កអសន្តិសុខ និងអនាធិបតេយ្យ តាមមូលដ្ឋាន ត្រូវបានអ្នកឃ្លាំមើលព្រឹត្តិការណ៍សង្គម ដាក់បន្ទុកលើអាជ្ញាធរតាមមូលដ្ឋាន ពុំមានចំណាត់ការទាន់ពេលវេលា។

 
មួយរយៈចុងក្រោយនេះ គេសង្កេតឃើញ តាមមូលដ្ឋាន សម្បូរទៅដោយក្មេងទំនើង។ ជាក់ស្ដែង កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបបានជិត២០នាក់ ក្នុងពេលមួយយប់ ។ រីឯ តាមបណ្ដាខេត្ត ក៏សម្បូរក្មេងទំនើងណាស់ដែរ ដូចនៅបាត់ដំបង សមត្ថកិច្ចចុះបង្ក្រាប​ម្ដងបានជិត៥០នាក់  និងខេត្តបន្ទាយមានជ័យឃាត់ខ្លួនបានជាង១០នាក់ ក្រុមក្មេងទាំងនេះ សុទ្ធតែជាអ្នកបង្កអនាធិបតេយ្យ ដេញវាយគ្នាជាដើម និងដើរផឹកស៊ីពាក់កណ្ដាលយប់។ យ៉ាងណាភាពអសន្តិសុខខាងលើនេះ គ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ដោយពុំទាន់គិតពីបទល្មើស ឆក់ ប្លន់ គ្រឿងញៀន ដែលកើតមានជាហូរហែទៀត។ 

 
ដើម្បីធានា​សុខសុវត្ថិភាពភូមិឃុំ  ត្រូវតែពង្រឹងការអនុវត្តការងាររបស់មន្ត្រីមូលដ្ឋាន 
 
កន្លងមកក្រោមការដឹកនាំរបស់ សម្ដេច ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវគោលនយោបាយ ភូមឃុំសុវត្ថិភាព។ គោលនយោបាយនេះ គឺទប់ស្កាត់គ្រឿងញៀន ល្បែងស៊ីសង អំពើឆក់ប្លន់ រួមទាំងក្មេងទំនើងផងដែរ។ ប៉ុន្តែ អ្វីដែលលោក ស៊ឹង សែនករុណា មន្រី្តផ្នែកស៊ើបអង្កេតនិងសិទ្ធិមនុស្សនៃសមាគមអាហុក (ADHOC) សម្គាល់ឃើញ គឺការអនុវត្តច្បាប់ ពិសេសមន្ត្រីនៅមូលដ្ឋាន ហាក់ពុំទាន់ឆ្លើយតបទាន់ពេលវេលា ឬយឺតយ៉ាវឡើយ។ «ហេតុនេះ ទើបធ្វើឱ្យពលរដ្ឋ មានការព្រួយបារម្ភ! ហើយក៏ជាហេតុធ្វើឱ្យក្រុមក្មេងទំនើងមើលស្រាល ពីសមត្ថភាពនិងការទទួលខុសត្រូវរបស់​សមត្ថកិច្ចពាក់ព័ន្ធ…ដូច្នេះ សមត្ថកិច្ចនិងអាជ្ញាធរតាមមូលដ្ឋាន គួរតែអនុវត្តតួនាទីបម្រើរាស្រ្តឱ្យសកម្មជាមុខ ហើយទាន់សភាពការណ៍»។ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ តាមប្រព័ន្ធទូរស័ព្ទ លោក ស៊ឹង សែងករុណា សង្កត់ធ្ងន់បែបនេះ។ 
 
ជាមួយគ្នាដែរ លោក យ៉ង គីមអេង នាយក​ប្រតិបត្តិ​នៃមជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ ហៅកាត់ PDP ក៏យល់ឃើញដូចលោក ស៊ឹង សែនករុណា ដែរ ដោយដាក់បន្ទុកលើ ភាពអសកម្មរបស់មន្ត្រីតាមមូលដ្ឋាន ទើបបង្កឱ្យមានក្មេងទំនើងកាន់តែច្រើន។ លោកយល់ថា សុវត្ថិភាពតាមតំបន់នីមួយ គឺបញ្ជាក់ពីសមត្ថភាពគ្រប់គ្រងរបស់មន្ត្រីក្នុងមូលដ្ឋាននោះ។ 
 
លោក យ៉ង គីមអេង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ហៅកាត់ PDP។ រូបភាពយកពី PDP-Center 

ដូចនេះ អ្នកឃ្លាំមើលសង្គមទាំងពី ជំរុញឱ្យមន្ត្រីថ្នាក់លើ ពិនិត្យការអនុវត្តតួនាទីរបស់ មន្ត្រីមូលដ្ឋាន ដើម្បីធានាសុវត្ថិភាពដល់ពលរដ្ឋ។ ទន្ទឹមនឹងនេះ ត្រូវបែងចែកការងារ​ឱ្យមន្ត្រីមូលដ្ឋានចុះធ្វើការឱ្យបានខ្ជាប់ខ្ជួន ជាជាងយកតែឈ្មោះនិងប្រាក់ខែ​មន្ត្រី។ 
 
«បើមានបញ្ហាកើតឡើងនៅតំបន់ណាមួយ ត្រូវសួរដេញដោលមេប៉ុស្តិ៍ ពីមូលហេតុហើយ​ចោទសួរថាមេប៉ុស្តិ៍នោះបានធ្វើកិច្ចការងារឬទេ! និងដាក់ទោសទណ្ឌ​ឬពិន័យ​បើខកខា​ន​ទំនួសខុសត្រូវ! ដូច្នេះ ទាល់តែយើងពង្រឹងមន្ត្រីទាំងនោះ បានការងារមានប្រសិទ្ធភាព ហើយគ្រាន់តែអប់រំៗមន្ត្រីទាំងនោះពុំអាចដោះស្រាយបានឡើង!»។ លោក គីមអេង ពន្យល់ ប្រាប់សារព័ត៌មានថ្មីៗ បែបនេះតាមប្រព័ន្ធតេឡេក្រាម ហើយលោកទទូចឱ្យមន្ត្រី អនុវត្តច្បាប់ អនុវត្តឱ្យស្មើភាពគ្នា ខណៈក្មេងទំនើងខ្លះគឺជាកូនអ្នកមានអំណាច។ 
 
ស៊ឹង សែនករុណា មន្រី្តផ្នែកស៊ើបអង្កេតនិងសិទ្ធិមនុស្សនៃសមាគមអាហុក (ADHOC)

ពាក់ព័ន្ធនឹងករណីក្មេងទំនើងនេះ សមត្ថកិច្ចខិតខំទប់ស្កាត់យ៉ាងយកចិត្តទុកដាក់ ដើម្បី ធានា​​សុវត្ថិភាព​ដល់ពលរដ្ឋក្នុងសហគមន៍ ក៏ដូចជាការជំរុញការអនុវត្តគោលនយោបាយ ភូមិ​ឃុំសុវត្ថិភាព។ ជាមួយគ្នាដែរ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញបញ្ជាពង្រឹង​ការ​ចុះល្បាតតាមមូលដ្ឋាននិងការអប់រំ ដើម្បីកាត់បន្ថយសកម្មភាពអនាធិបតេយ្យ។ លោក ឆាយ​ គឹមខឿន ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាមបែបនេះ ។

លោកសង្កត់​ធ្ងន់​ថា​៖ «ប៉ុន្តែអ្វីដែលសំខាន់ ក្នុងការដោះស្រាយបញ្ហាក្មេងទំនើង គឺកត្តាអប់រំជាសាធារណ​និងសង្គមទាំងមូល! កងកម្លាំងសមត្ថកិច្ចពុំអាចធ្វើឬដោះស្រាយម្នាក់ឯងអស់ទេ ដោយសារ​ក្មេង​ទាំងអស់​នោះ​អត់ចូលរួម។ បើគ្រួសារ ម៉ែឪ និងមជ្ឈដ្ឋានជុំវិញមិនជួយ សាលារៀន​មិន​រឹតបន្តឹង ក៏មិនអាចដោះស្រាយបានអស់ដែរ»។ យ៉ាងណា ជាវិធានការចំពោះមុខ លោក អះអាង​ថាម្លាំងសមត្ថកិច្ច នឹងចុះអនុវត្តតាមនីតិវិធីច្បាប់ តាមលទ្ធភាពជាក់ស្ដែង។
 
ស្នងការតាមរាជធានីខេត្ត នាពេលថ្មីៗមានការដាក់បញ្ជាឱ្យកងកម្លាំងចុះល្បាត ។ ទោះបីមានការចុះល្បាត ក៏មហាជន​នៅ​តែ​បង្ហាញក្ដីព្រួយបារម្ភ ហើយសង្ឃឹមថាកម្លាំងសមត្ថកិច្ចនឹងចុះល្បាតជាប្រចាំ។ នេះបើ តាម​មតិ ដែលពលរដ្ឋឆ្លើយឆ្លងតាមបណ្ដាញសង្គម ក្នុងទំព័រហ្វេសប៊ុករបស់ស្នងការ រាជធានីភ្នំពេញ៕ 
 

Tag:
 ក្មេងទំនើង
© រក្សាសិទ្ធិដោយ thmeythmey.com