កីឡាជាតិ
ជាតិ
ប្រធានក្លិបចក្រវាឡគុនខ្មែរបារម្ភពីការធ្លាក់កម្លាំងកីឡាការិនី ស្រីនី ដែលហាត់ផង ធ្វើការរោងចក្រផង
12, Sep 2023 , 8:39 am        
រូបភាព
កីឡាការិនី ធឿន ស្រីនី គុនគ្រូមុនប្រកួត រូបពីគ្រួសារគុនខ្មែរ
កីឡាការិនី ធឿន ស្រីនី គុនគ្រូមុនប្រកួត រូបពីគ្រួសារគុនខ្មែរ
លោក រស់ សុជា ប្រធានក្លិបចក្រវាឡគុនខ្មែរ បារម្ភ ចំពោះកីឡាការិនី ធឿន ស្រីនី អំពីការឆាប់ធ្លាក់ចុះសមត្ថភាពលឿន ព្រោះមិនមានពេលគ្រប់គ្រាន់ក្នុងការសម្រាក ដោយសារតែ ត្រូវធ្វើការរោងចក្រផង និងហ្វឹកហាត់ផង ដើម្បីជីវភាពគ្រួសារ។ ប្រធានក្លិបរូបនេះ បានប្រាប់ដូច្នេះ បន្ទាប់ពីកីឡាការិនី ធឿន ស្រីនី បានចាញ់កីឡាការិនី សាក់ រតនា ដោយពិន្ទុ នៅសង្វៀនប្រដាល់គុនខ្មែរទទក កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។



កីឡាការិនី ធឿន ស្រីនី បានចាញ់ កីឡាការិនី សាក់ រតនា លើការប្រកួត ៣ទឹក ប្រភេទទម្ងន់ ៤៥គីឡូក្រាម។ ក្នុងការប្រកួតនេះ កីឡាការិនី ធឿន ស្រីនី ហាក់ដូចជាកម្លាំងថមថយខ្លាំង ក៏ប៉ុន្ដែ អាចទ្រាំរហូត បានចប់ទឹកទី៣។ លោក រស់ សុជា​ ប្រធានក្លិប និងជាគ្រូបង្វឹករបស់កីឡាការិនីរូបនេះ ប្រាប់ថា បើទោះជាចាញ់ដោយពិន្ទុ ប៉ុន្ដែ ស្រីនី ត្រូវគេសរសើរ ថាមានសមត្ថភាព ព្រោះអាចទ្រាំបានរហូត ៣ទឹក។
 
ប្រធានក្លិបរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា ធឿន ស្រីនី អាចនឹងឆាប់ធ្លាក់កម្លាំងស្ទុះ ក្នុងការប្រកួត ប្រសិនជាមិនមានពេលគ្រប់គ្រាន់ ដើម្បីសម្រាក់ និងបំប៉នសុខភាព។ គ្រូបង្វឹករូបនេះ និយាយដូច្នេះថា៖«ពេលវេលាគាត់ សម្រាក តិចពេក។ ខ្ញុំ ពិបាកធ្វើឲ្យគាត់រឹងមាំ។ គាត់ ធ្វើការម៉ោង ៧ព្រឹក ហើយ៧ យប់បានមានពេលហាត់។ គាត់ធ្វើការពេញៗថ្ងៃ ដូច្នេះ ការសម្រាក ការរត់ គឺបានតិចតួចមែនទែន។»។
 
គ្រូបង្វឹករូបនេះ បានបន្ថែមទៀតថា ព្រោះបញ្ហាជីវភាពគ្រួសារ កីឡាការិនី ធឿន ស្រីនី ដែលមានវ័យ ១៨ ឆ្នាំនេះ ត្រូវធ្វើការរោងចក្របន្ថែម។ ចំពោះបញ្ហានេះ លោក រស់ សុជា បញ្ជាក់ថាគ្មានដំណោះស្រាយនោះទេ។
 
គួរបញ្ជាក់ផងដែរថា កីឡាការិនី ធឿន ស្រីនី ប្រឡូកក្នុងវិស័យប្រដាល់គុនខ្មែរ នៅខែកុម្ភៈ ឆ្នាំ២០២៣ ហើយប្រកួត បាន ៦លើក ក្នុងនោះ ឈ្នះ ៤ និងចាញ់២។ កីឡាការិនីរូបនេះ មានទីលំនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល៕
 

Tag:
 ប្រដាល់
  ធឿន ស្រីនី
  រស់ សុជា
© រក្សាសិទ្ធិដោយ thmeythmey.com