អន្តរជាតិ
តៃវ៉ាន់ថា ក្រុមនាវាដឹកយន្តហោះចិន ធ្វើសមយុទ្ធយោធានៅតំបន់ប៉ាស៊ីហ្វិក​ខាងលិច
12, Sep 2023 , 9:49 am        
រូបភាព
នាវាដឹកយន្តហោះចម្បាំង Shandong របស់ចិន។ រូបភាព យោធាចិន
នាវាដឹកយន្តហោះចម្បាំង Shandong របស់ចិន។ រូបភាព យោធាចិន
ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃទី១១ ខែកញ្ញា បានលើកឡើងថា កងទ័ពជើងទឹករបស់ចិនដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំង Shandong​ បានឆ្លងកាត់ភាគអាគ្នេយ៍ចម្ងាយ១១១ គីឡូម៉ែត្រពីកោះតៃវ៉ាន់ មុនឆ្លងចូលតំបន់ប៉ាស៊ីហ្វិកខាងលិចសម្រាប់ធ្វើសមយុទ្ធយោធា។

 
ក្រសួងការពារជាតិតៃវ៉ាន់ បានរាយការណ៍ថា កងទ័ពយោធាចិន នៅម៉ោងប្រហែល ៥ ព្រឹក ថ្ងៃទី១១ ខែកញ្ញា។ ស្របពេលសមយុទ្ធនេះ យន្តហោះចម្បាំងចិនចំនួនណ១១គ្រឿង រួមទាំងយន្តហោះចម្បាំង J-16 បានហោះចូលតំបន់កំណត់ការពារដែនអាកាសតៃវ៉ាន់។ ជាការឆ្លើយតប កងកម្លាំងតៃវ៉ាន់ក៏បានតបតដើម្បីបណ្ដេញយន្តហោះយោធាចិនផងដែរ។ 
 
បើតាមក្រសួងការពារជាតិតៃវ៉ាន់ នាវាផ្ទុកយន្តហោះ Shandong ដែលចាប់ផ្តើមប្រតិបត្តិការឡើងនៅឆ្នាំ ២០១៩ ក៏បានចូលរួមក្នុងសមយុទ្ធនេះដែរ។ កន្លងមក នាវាផ្ទុកយន្តហោះ Shandong នេះបានធ្វើដំណើរជុំវិញកោះតៃវ៉ាន់ក្នុងខែមេសា និងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ក្នុងខែមិថុនាផងដែរ។
 
គួរបញ្ជាក់ថា កាលពីចុងសប្ដាហ៍មុន នាវាចម្បាំងរបស់អាម៉េរិកនិងកាណាដាបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដែលជាធ្វើបេសកកម្មរួមគ្នាលើកទីពីរចាប់តាំងពីខែមិថុនាមក ស្របពេលមេដឹកនាំនៃប្រទេសទាំងពីរបានចូលរួមកិច្ចប្រជុំ G20 នៅឥណ្ឌា។
 
កន្លងមក ចិនមិនដែលបោះបង់ឆន្ទៈក្នុងការទាញយកតៃវ៉ាន់មកគ្រប់គ្រងវិញឡើយ។ ចិនក៏ធ្លាប់បានអះអាងខ្លួននឹងអាចប្រើកម្លាំង ដើម្បីគ្រប់គ្រងតៃវ៉ាន់ទៀតផង ប្រសិនបើតៃវ៉ាន់ហានប្រកាសឯករាជ្យ៕ 
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com