កីឡាជាតិ
ជាតិ
កម្ពុជា ដណ្តើមបានមេដាយសំរឹទ្ធ៣ ពីការប្រកួតប៉េតង់ពិភពលោក នៅបេណាំង
12, Sep 2023 , 11:09 am        
រូបភាព
កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ដណ្តើមបានមេដាយសំរឹទ្ធចំនួន៣ ពីព្រឹត្តិការណ៍កីឡាប៉េតង់ជើងឯកពិភពលោកលើទី៥០ ឆ្នាំ២០២៣ (World Petanque Championship 2023) នៅប្រទេសបេណាំង។



ការប្រកួតជើងឯកពិភពលោកកីឡាប៉េតង់ ដែលរៀបចំនៅប្រទេសតំបន់អាហ្វ្រិក បេណាំង ធ្វើឡើងពីថ្ងៃទី៨ ដលទី១៧ ខែកញ្ញា ដែលមាន៣១ប្រទេសចូលរួម។ កម្ពុជា បានបញ្ជូនអត្តពលិកចំនួន៤រូប ដែលដឹកនាំដោយអគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់ កញ្ញា គីន សំណាង។ អត្តពលិកទាំង៤រូប ប្រជែងលើ៥វិញ្ញាសា រូមមាន វិញ្ញាសាបុរស១ទល់១ វិញ្ញាសានារី១ទល់១ វិញ្ញាសាបុរស២ទល់២ វិញ្ញាសានារី២ទល់២ និងវិញ្ញាសាចម្រុះ បុរស១ នារី១។
 
ពីព្រឹត្តិការណ៍ពិភពលោកនេះ គិតត្រឹមថ្ងៃទី១២ ខែកញ្ញា អត្តពលិកកម្ពុជា៣រូប ដណ្តើមបានមេដាយសំរឹទ្ធ៣ ក្នុងនោះដណ្តើមបានលើវិញ្ញាសានារី១ទល់១ បុរស១ទល់១ និង វិញ្ញាសាបុរស២ទល់២។
 
កីឡាការិនី អ៊ុក ស្រីមុំ និងកីឡាករ ស៊ីន វង់ ទទួលបានមេដាយសំរឹទ្ធ ពីវិញ្ញាសា១ទល់១ រៀងខ្លួន ហើយ កីឡាករ ស៊ីន វង់ ដដែល រួមជាមួយកីឡាករ ថោង ឈឿន ដណ្តើមបានមេដាយសំរឹទ្ធ លើវិញ្ញាសាគូបុរស ២ទល់២៕
 


© រក្សាសិទ្ធិដោយ thmeythmey.com