កីឡាជាតិ
ជាតិ
កម្ពុជា បង្កើតកំណត់ត្រាថ្មី ២នាទី រកបាន២គ្រាប់ ក្នុងការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយ ម៉ាកាវ
12, Sep 2023 , 2:07 pm        
រូបភាព
ការប្រកួតរវាងកម្ពុជា និង ម៉ាកាវ
ការប្រកួតរវាងកម្ពុជា និង ម៉ាកាវ
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បង្កើតបានកំណត់ត្រាថ្មីមួយ ដោយរកបានគ្រាប់បាល់ ២គ្រាប់ ត្រឹមរយៈពេល ២នាទី របស់ខ្សែប្រយុទ្ធ សៀង ចន្ទា នៅនាទី១៩ និងនាទី២១ ក្នុងការប្រកួតមិត្តភាពអន្ដរជាតិ MinebeaMitsumi International Friendly ជាមួយ ម៉ាកាវ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។



ជំនួបកម្ពុជា និងម៉ាកាវ ជាការជួបគ្នាលើកទី៧ ហើយក៏ជាលើកដំបូងដែរ ដែលកម្ពុជា បានលត់ ម៉ាកាវ ៤-០ ក្នុងការប្រកួតមិត្តភាពអន្ដរជាតិ។ ដោយឡែក ក្នុងចំណោម ៧លើកនោះ កម្ពុជា ក៏ធ្លាប់ឈ្នះម៉ាកាវ ៣-០ កាលពីឆ្នាំ២០១៥ ក្នុងការប្រកួតជម្រុះយកកៅអី នៅ FIFA World Cup ផងដែរ។
 
ចំណោមគ្រាប់បាល់៤គ្រាប់ នោះ កម្ពុជា បានចំណាយពេល ១៩នាទីសម្រាប់គ្រាប់ទី១ ដោយការតែតបញ្ចូលទីរបស់កីឡាករ សៀង ចន្ធា ហើយ ២នាទីបន្ទាប់ ខ្សែប្រយុទ្ធឆ្នើមរូបនេះ បានទាត់បញ្ចូលទី បានសម្រេច បន្ទាប់ពីមិត្តរួមក្រុមបញ្ជូនបាល់ឲ្យ។ ចូលដល់នាទី៤០ កម្ពុជា រកបានគ្រាប់ទី៣ ដោយខ្សែការពារ សឿយ វិសាល។ លុះចូលតង់ទី២ នាទី៨០ កីឡាករ រឹង ប៊ុនហៀង រកបានគ្រាប់បាល់ទី៤ បន្ទាប់ពី យ៉ើ ម៉ូស្លីម បញ្ជូន ចូលក្នុងតំបន់គ្រោះថ្នាក់របស់ម៉ាកាវ។ បញ្ចប់ការប្រកួត កម្ពុជា ឈ្នះ ម៉ាកាវ ៤-០។
 
២គ្រាប់ដែលធ្វើបានដោយ​ សៀង ចន្ធា ត្រឹមរយៈពេល២នាទី ជាកំណត់ត្រាថ្មីរបស់ក្រុមគោព្រៃកម្ពុជា ដែលសម្រេចទីលឿនបំផុតមិនធ្លាប់មាន។
  

ការប្រកួតរវាងកម្ពុជា និង ម៉ាកាវ

ដោយឡែក ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ក៏ធ្លាប់បង្កើតកំណត់ត្រាស្រដៀងគ្នានេះផងដែរ នាជ័យជម្នះ របស់កម្ពុចា លើកោះម៉ារៀណាខាងជើង ក្នុងលទ្ធផល ៩-០ វគ្គជម្រុះ AFC Championship U19 កាលពីឆ្នាំ២០១៩។ ក្នុងនោះ ក្រុមបាល់ទាត់កម្ពុជា បានប្រើពេលត្រឹម ៦នាទី ដើម្បីសម្រេចគ្រាប់បាល់៤គ្រាប់ បន្ទាប់ពីគ្រាប់បាល់ទី១ នៅនាទី៧ និងគ្រាប់ទី២ នាទី១២។ ៦នាទី ដែលក្រុមអាយុ១៩ កម្ពុជា រកបាន៤គ្រាប់នោះ គឺគ្រាប់ទី៣ នាទី៤១, គ្រាប់ទី៤ នាទី៤៣, គ្រាប់ទី៤ នាទី៤៤ និងគ្រាប់ទី៦ នាទី៤៥+១។
 
ក្នុងសន្និសីទក្រោយការប្រកួត លោក Lazaro Oliveira គ្រូបង្វឹកក្រុមជម្រើសជាតិហុងកុង អបអរសាទ ចំពោះក្រុមជម្រើសជាតិកម្ពុជា ចំពោះជ័យជម្នះនេះ។ គ្រូបង្វឹករូបនេះ និយាយថា នៅតង់ទីមួយកូនក្រុមម៉ាកាវ ធ្វើមិនបានល្អទេ ព្រោះកម្ពុជា បានគ្រប់គ្រង់ការប្រកួតស្ទើតែ ១០០ភាគរយ ចំណែក កីឡាកររបស់លោក មិនសូវប្រជែងបាល់បានច្រើនទេ។ ដោយឡែក លោក Lazaro Oliveira សម្លឹងឃើញ កីឡាករម៉ាកាវ ធ្វើបានល្អ ពេលចូលមកតង់ទី២។ គ្រូបង្វឹកជនជានព័រទុយហ្គាលរូបនេះ បន្ថែមថា ៣គ្រាប់នាំមុខរបស់កម្ពុជា ក្នុងតង់ទី១ បានបំបាក់ស្មារតី របស់កូនក្រុមខ្លួន។
 
«តង់ទី២ ពួកគេធ្វើបានល្អ ប៉ុន្ដែមិនទាន់គ្រប់គ្រាន់ទេ សម្រាប់ការនាំយកផលវិជ្ជាមាននៃការប្រកួត។ ពេល ដែលយើងបាត់ ៣គ្រាប់ យើងកាន់តែពិបាកសម្រាប់ការប្រកួត។»។ លោក Lazaro Oliveira បាននិយាយដូច្នេះ។
 
ចំណែក លោក Felix G. Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បាននិយាយថា ការប្រកួតនេះ គឺមានសារៈសំខាន់ ដោយបានឆ្លុះបញ្ចាំងពីកម្រិត និងការអភិវឌ្ឍរបស់ក្រុមកម្ពុជា។

បន្ថែមជាងនេះទៀត គ្រូបង្វឹករូបនេះ បន្ដថា រូបលោក ពិតជាសប្បាយចិត្ត ដោយកីឡាករ បង្ហាញពីឆន្ទៈ និងមហិច្ឆិតារួមគ្នា។«ការប្រកួតនេះ គឺល្អសម្រាប់យើង ព្រោះបានដឹងពីកម្រិតរបស់យើង ហើយយើងបានពង្រឹង។ ហើយពិតជាសប្បាយចិត្ត ដែលក្រុម បង្ហាញពីឆន្ទៈរួម និងការចង់មហិច្ឆិតា ដូចគ្នា។»។ លោក Felix G. Dalmas បាននិយាយដូច្នេះ។
 
ការប្រកួតមិត្តភាពអន្ដរជាតិនេះ ក៏ជាការត្រៀមខ្លួនសម្រាប់ប្រកួតវគ្គជម្រុះ FIFA World Cup តំបន់អាស៊ី ជាមួយប៉ាគីស្ថាន នៅថ្ងៃទី១២ និង១៧ ខែតុលា ឆ្នាំ២០២៣៕
 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com